ដូចដែលដឹងកន្លងមកថា ជីវិតមនុស្សតាំងពីដើមរហូតមកដល់ពេលនេះ ជាពិសេសគឺជីវិតគូ ជីវិតប្ដីប្រពន្ធ រឿងដែលបានឃើញច្បាស់់ៗគឺ មនុស្សស្រីមួយចំនួនធំ តែងតែទ្រាំ គ្រាំចិត្ត វេទនាកាយក្នុងការរស់នៅជាមួយនឹងប្ដីដែលតែងតែធ្វើបាបនាង។

រហូតដល់ពេលខ្លះក៏ឆ្ងល់ថា ហេតុអ្វីនាងចេះតែទ្រាំបែបហ្នឹង នាងគ្មានជម្រើស ឬមកពីនាងមិនព្រមជ្រើសរើស ឬដូចពាក្យគេតែងនិយាយថា មនុស្សស្រីគឺកម្ម ឬមកពីកម្មទាញនាងឱ្យបែបហ្នឹង?

មិនមែនមានគំនិតអាក្រក់អ្វីឡើយ តែក៏មិនចង់ឱ្យមនុស្សស្រីមួយចំនួននៅតែទ្រាំ គ្រាំគ្រា វេទនាកាយចិត្តបន្តទៀត។ ពេលខ្លះចង់ប្រាប់ថា កម្ម គឺមកពីអ្នកខ្លួនឯងដែលមិនព្រមបញ្ចប់ក៏ថាបាន។ រឿងជីវិតប្ដីប្រពន្ធ រមែងទាមទារឱ្យទ្រាំអត់ធន់ជាមួយគ្នាឱ្យបានច្រើន តែសម្រាប់ពេលខ្លះ ប្រពន្ធក៏មិនគួរទ្រាំរស់នៅជាមួយនឹងប្ដី ដែលតែងធ្វើបាប និងបំផ្លាញអ្នកដែរ។

មានមនុស្សស្រីភាគច្រើន តែងតែព្យាយាមអត់ធ្មត់ជាមួយនឹងប្ដីដែលអាត្មានិយម ប្ដីដែលបំផ្លាញនាង និងគ្រួសារ ប្ដីដែលសាវា ផិតក្បត់ ប្ដីដែលលួចលាក់កិបកេង ... នាងតែងតែទ្រាំ ទ្រាំរហូតដល់ធ្វើបាបចិត្តកាយខ្លួនឯងទៀត។​ តើអ្នកធ្លាប់សួរខ្លួនឯងខ្លះទេថា ហេតុអ្វីត្រូវទ្រាំបែបហ្នឹង? ហេតុអ្វីត្រូវធ្វើបាបខ្លួនឯងបែបនេះ? ពេលខ្លះ ទោះអ្នកទ្រាំរហូតដល់ស្លាប់ទៀតក៏គ្មានន័យ បើគេមិនបានស្រឡាញ់អ្នក គ្មានចិត្តអាណិតអ្នក មិនដែលគោរព និងឱ្យតម្លៃអ្នក គេក៏គ្មានថ្ងៃមើលឃើញពីទុក្ខវេទនារបស់អ្នកដែរ។

- សូមកុំទ្រាំដើម្បីកូន ព្រោះពេលកូនអ្នកដឹង គេនឹងឈឺចាប់ជាមួយអ្នក ដែលអ្នកវេទនាព្រោះខ្លាចគេបាត់បង់ឪពុកដែលមិនល្អ។
- សូមកុំទ្រាំ ព្រោះខ្លាចពាក្យថា ស្រីមេម៉ាយ ព្រោះយើងមិនអាចបិទមាត់គេបានទេ ម្យ៉ាងគេទាំងនោះ ក៏មិនបានមករកលុយចិញ្ចឹមយើងដែរ។
- សូមកុំទ្រាំ ព្រោះខ្លាចគ្មានអ្នករកស៊ីចិញ្ចឹម អ្នកត្រូវរឹងប៉ឹង អ្នកក៏មានសមត្ថភាពធ្វើការ រកលុយ ចិញ្ចឹម និងមើលថែខ្លួនឯងបានដែរ។
- សូមកុំទ្រាំ ព្រោះខ្លាចខ្មាសបងប្អូន ឬញាតិជិតខាង គេមិនបានមកលំបាកវេទនាជាមួយយើងទេ គេក៏មិនមែនជាយើងដែរ អីចឹងហើយកុំខ្វល់ ខ្លាចខ្មាសអ្នកណាច្រើនពេក។

ជីវិតប្ដីប្រពន្ធ គឺត្រូវទ្រាំអត់ធ្មត់ជាមួយគ្នា តែបើការទ្រាំមានតែម្ខាង ផ្ដល់ការឈឺចាប់វេទនាឱ្យយើងតែម្ខាង ទ្រាំហើយនៅតែមិនបានសុខ គ្មានសុភមង្គល ក៏មិនគួរនៅទ្រាំបន្តដែរ ចាកចេញពីទុក្ខសោកសង្រេងទាំងនោះ ដើរចេញឱ្យឆ្ងាយពីនរកមួយនោះ ទើបជីវិតអ្នកមានរស្មី បានជួបមនុស្សថ្មីៗដែលល្អ ... សារមួយនេះ ជូនចំពោះមនុស្សស្រីទាំងឡាយ ចូរគិតឡើងវិញសាជាថ្មី៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]