ចិន៖ យ៉ាងហោចណាស់កូនសិស្សប្រុសស្រី ថ្នាក់មត្ដេយ្យតូចៗចំនួន ២៣នាក់ ក្នុងប្រទេសចិន ត្រូវបានគេរាយការណ៍ថា បានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវបានគ្រូចិត្តអប្រិយដាក់ថ្នាក់បំពុលក្នុងអាហារ ដោយសារតែខឹងឈ្លោះប្រកែកជាមួយមិត្តរួមការងារ។

ហេតុការណ៍នេះបានកើតឡើងនៅឯសាសាមត្ដេយ្យ Meng Meng Kindergarten ក្នុងទីក្រុង Jiaozuo ខេត្ត Henan ប្រទេសចិន។

គ្រូបង្រៀនចិត្តខ្មៅ ដាក់ថ្នាំបំពុលកូនសិស្ស

បើយោងតាមប្រភពសារព័ត៌មាន នៅក្នុងថ្ងៃកើតហេតុ ពោលគឺ កាលពីព្រឹកថ្ងៃពុធ សប្តាហ៍កន្លងទៅនេះ គ្រូបង្រៀនមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះ ត្រូវបានគេរាយការណ៍ថា បានលួចដាក់សារធាតុគីមី Nitrite នៅក្នុងបបរដែលជាអាហារពេលព្រឹករបស់ក្មេងៗនៅសាលាខាងលើនេះ។ Nitrite ត្រូវបានគេស្គាល់ថា ជាសារធាតុគីមីម្យ៉ាងដែលត្រូវបានគេប្រើដើម្បីរក្សាទុកសាច់ឲ្យបានយូរ។

ក្រោយបរិភោគអាហារពេលព្រឹកនោះរួច កូនសិស្សតូចៗជាច្រើន ក៏ស្រាប់តែកើតមានអាការក្អួតចង្អោរ និងហាក់គ្មានស្មារតីនៅក្នុងខ្លួន រហូតត្រូវបានគេបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យភ្លាមៗតែម្តង។

លោក Li ជាឪពុករបស់សិស្សម្នាក់ ក្នុងចំណោមកូនសិស្សរងគ្រោះទាំងអស់ បានថ្លែងប្រាប់កាសែតក្នុងស្រុកថា នៅក្នុងថ្ងៃកើតហេតុនោះ លោកទទួលបានទូរស័ព្ទពីខាងនាយកសាលា ដោយប្រាប់ថាកូនស្រីអាយុ៤ឆ្នាំរបស់លោក មានសុខភាពមិនស្រួល បន្ទាប់ពីបានញ៉ាំអាហារពេលព្រឹករួច (បបរ)។

លោកបន្តថា នៅពេលដែលលោកបានទៅដល់សាលា កូនស្រីរបស់លោកបានសន្លប់បាត់ទៅហើយ។ ហើយនៅក្បែរកូនស្រីលោកនោះ ក៏មានក្មេងៗ ៣ ៤នាក់ទៀត មើលទៅពួកគេដូចជា ឈឺ និងស្លេកខ្លាំងណាស់ផងដែរ។

គ្រូបង្រៀនចិត្តខ្មៅ ដាក់ថ្នាំបំពុលកូនសិស្ស

លោក Li ថា ក៏មានឪពុកម្តាយផ្សេងទៀត បានប្រញាប់ប្រញាល់មកសាលានោះដែរ និងបានបញ្ជូនកូនៗរបស់ពួកគេ ទៅពិនិត្យនិងសង្គ្រោះនៅមន្ទីរពេទ្យ Jiaozuo No.2 People’s Hospital និងត្រូវបានក្រុមគ្រូពេទ្យ ធ្វើរោគវិនិច្ឆ័យរកឃើញថា ក្មេងៗទាំងអស់បានពុលអាហារ ដែលមានផ្ទុកនូវសារធាតុគីមី Nitrite លើសកម្រិត។

លោក Li បានបន្ថែមថា បន្ទាប់ពីកូនស្រីរបស់លោកបានដឹងខ្លួនមកវិញ នាងក៏បានប្រាប់លោកថា បបរដែលគ្រូរបស់គេបានដាក់ឲ្យញ៉ាំនោះ វាមានរសជាតិដូច ជូរ ល្វីង និងប្រៃខ្លាំង។

យ៉ាងណាមិញ ក្រោយធ្វើការស៊ើបអង្កេតយ៉ាងលម្អិតជុំវិញនឹងករណីនេះ ទើបរកឃើញថា នេះគឺជាចេតនារបស់គ្រូបង្រៀនម្នាក់ ដែលមិនត្រូវបានគេបញ្ចេញឈ្មោះ បានលួចដាក់សារធាតុគីមីប្រភេទនេះ នៅក្នុងអាហារពេលព្រឹករបស់សិស្ស ក្នុងបំណងចង់បំពុលពួកគេតែម្តង ក្រោយមានបញ្ហាខឹងឈ្លោះប្រកែក និងចង់សងសឹងនឹងមិត្តរួមការងារជាមួយ។

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ ប៉ូលិសក៏បានធ្វើការឃាត់ខ្លួនគ្រូបង្រៀននោះ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ផងដែរ។ ចំណែកឯ កុមារៗរងគ្រោះវិញ បើគិតមកទល់ពេលនេះ ពួកគេក៏បានចេញពីមន្ទីរពេទ្យ និងមានអាការល្អប្រសើរវិញផងដែរ។

គ្រូបង្រៀនចិត្តខ្មៅ ដាក់ថ្នាំបំពុលកូនសិស្ស

គួរបញ្ជាក់ថា Nitrite គឺជាសារធាតុគីមីម្យ៉ាង ដែលត្រូវបានគេយកទៅប្រើប្រាស់លើសាច់(ឬផលិតផ្សេងៗ) ដូចជា សាច់ជ្រូក និងសាច់ក្រកជាដើម ដើម្បីរក្សាទុកគុណភាពឲ្យបានយូរ មិនឲ្យឆាប់ខូច ឬស្អុយ។ ការប្រើប្រាស់សារធាតុមួយនេះខុសពីប្រក្រតី ឬហួសប្រមាណដែលមានផ្ទុកនៅក្នុងសាច់ និងផលិតផ្សេងៗនោះ វានឹងបង្កឲ្យមានគ្រោះថ្នាក់តាមរយៈការពុល ក្អួត ចង្អោរ ឬករណីធ្ងន់ធ្ងរ អាចប៉ះពាល់ដល់អាយុជីវិតបានថែមទៀតផង៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

គ្រូបង្រៀនចិត្តខ្មៅ ដាក់ថ្នាំបំពុលកូនសិស្ស
គ្រូបង្រៀនចិត្តខ្មៅ ដាក់ថ្នាំបំពុលកូនសិស្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]