បរទេស៖ អ្នកគាំទ្របាល់ទាត់ម្នាក់ៗ តែងតែមានក្តីស្រមៃផ្ទាល់ខ្លួន ក្នុងការធ្វើដំណើរទៅជួប ឬទស្សនាការប្រកួតរបស់ក្រុមដែលខ្លួនពេញចិត្ត ឬកីឡាករដែលជា Idol របស់ខ្លួន។ ប៉ុន្តែប្រិយមិត្តសាកស្រមៃមើលថា បើសិនជាយើងខិតខំសន្សំលុយកាក់រហូតដល់បានគ្រប់គ្រាន់ ដើម្បីធ្វើដំណើរទៅទស្សនាកីឡាករសំណព្វចិត្តរបស់យើងហើយ ប៉ុន្តែបែរជាមិនបានជួប ឬឃើញកីឡាកររូបនោះលេងវិញ តើអ្នកនឹងមានអារម្មណ៍បែបណា?

អ្នកគាំទ្រនៅកីឡដ្ឋាន Camp Nou
អ្នកគាំទ្រនៅកីឡដ្ឋាន Allianz Stadium

ពិតណាស់ រឿងរ៉ាវដ៏ហួសចិត្តនេះ បានកើតឡើងរួចទៅហើយចំពោះអ្នកគាំទ្រម្នាក់ដែលមិនសូវមានសំណាង ឬហៅបានថាជាហ្វេនកំពូលស៊យ បន្ទាប់ពីរូបគេខកខានមិនបានជួប Idol សំណព្វទាំង ២នាក់របស់គេ គឺកីឡាករ Cristiano Ronaldo និង Lionel Messi។ លោក Alex Taylor បានជួបប្រទះនឹងរឿងខកបំណងមួយ ក្រោយពេលដែលលោកនិងមិត្តភក្តិម្នាក់ទៀតឈ្មោះ Josh Patterson ធ្វើដំណើរជាង ១០០០គីឡូម៉ែត្រ ដើម្បីមកទិញសំបុត្រទស្សនាការប្រកួតរវាង Barcelona ទល់នឹង Sevilla និងសំបុត្រទស្សនាការប្រកួតរវាង Barca និង Inter Milan ជាពិសេសដើម្បីបានទស្សនាផ្ទាល់នូវទម្រង់លេងដ៏អស្ចារ្យរបស់ Messi។

ប៉ុន្តែរឿងដែលគួរឱ្យអស់សំណើចសម្រាប់ Alex និងមិត្តរបស់គេគឺ ក្នុងការប្រកួតទល់នឹង Sevilla នោះ Messi លេងបានតែ ២៦នាទីប៉ុណ្ណោះ ហើយត្រូវរងរបួសនឹងប្តូរដាក់កីឡាករ Dembele វិញតែម្តង។ បញ្ហារបួសនេះ បានធ្វើឱ្យ Alex បានត្រឹមតែទស្សនាការប្រកួតរវាង Barcelona និង Inter Milan ដោយគ្មានវត្តមានរបស់ Messi។ 

លោក Alex និងមិត្តភក្តិនៅកីឡដ្ឋាន Camp​ Nou

ប៉ុណ្ណឹងនៅមិនទាន់អស់ទេ អ្នកគាំទ្រកំពូលស៊យរូបនេះបានបង្វែរគោលដៅរបស់ខ្លួន ដោយប្តូរគោលបំណងចង់ទស្សនាការលេងផ្ទាល់របស់ Cristiano Ronaldo នៅ Juventus វិញម្តង។ ប៉ុន្តែជារឿងគួរឱ្យហួសចិត្តមួយដែរ ទំនងបែបរាសីរបស់កីឡាកររូបនេះមិនទាន់ឡើងនៅឡើយ ដោយគេបានត្រឹមតែទស្សនាការប្រកួតរបស់ Juventus ជាមួយ Empoli ដោយគ្មានវត្តមានរបស់ Ronaldo ឡើយ។ មូលហេតុដែល Ronaldo ខកខានមិនបានលេងទល់នឹង Empoli នោះ គឺដោយសារតែកីឡាករឆ្នើមរូបនេះ ជួបប្រទះបញ្ហារបួសក្នុងការប្រកួតរបស់ជម្រើសជាតិព័រទុយហ្គាល់ ទល់នឹងសែប៊ី។

ជាចុងក្រោយ លោក Alex និងមិត្តភក្តិបានត្រឹមតែនិយាយបែបលេងសើចថា៖ “ដោយសារតែខ្ញុំជាអ្នកគាំទ្ររបស់ Manchester United ដូច្នេះខ្ញុំកំពុងតែរៀបគម្រោងទៅទស្សនាការប្រកួតរបស់ Barcelona ម្តងទៀត។ ថាមិនត្រូវដោយសារតែភាពស៊យរបស់ខ្ញុំ កីឡាកររបស់ Barcelona ទាំងអស់អាចនឹងរបួស ហើយពួកគេនឹងដាក់យុវជន U-23 ឱ្យលេងទល់នឹង Man UTD ក៏ថាបាន”៕

ចុះចំណែកប្រិយមិត្តទាំងអស់គ្នាវិញ! គិតយ៉ាងណាដែរ បើសិនជាជួបរឿងខកចិត្តបែបនេះ?? 

លោក Alex និងមិត្តភក្តិនៅកីឡដ្ឋាន Allianz Stadium

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]