ប៉ាគីស្ថាន៖ ស្រ្តីម្នាក់រស់នៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានប្តីចោលម្សៀត វាយនិងធ្វើបាបយ៉ាងដំណំ កំពុងតែធ្វើឱ្យមហាជនមានការក្តៅក្រហាយយ៉ាងខ្លាំងចំពោះករណីមួយនេះ។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ Asma Aziz ត្រូវជាប្រពន្ធ ដែលមានស្នាមជាំពេញមុខនៅក្នុងវីដេអូ បន្ទាប់ពីរូបនាងបានបង្ហោះសុំជំនួយពីមហានជននៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ។

ជនរងគ្រោះ Asma

នៅក្នុងវីដេអូ ជនរងគ្រោះ Asma បាននិយាយថា ប្តីចោលម្សៀតរបស់នាងឈ្មោះ Mian Faisal ស្រាប់តែខឹងទាំងកម្រោល បន្ទាប់ពីនាងបានបិដិសេធមិនព្រមរាំឱ្យមិត្តរួមការងារគេ មើលកម្សាន្ត។ ក្រោយមក ទាំងប្តីនាងនិងមិត្តរួមការងារប្តីនាង បានធ្វើបាបនិងប្រមាថនាងជាខ្លាំង ដោយចាប់ដោះខោអាវនាងចេញ, កោរសក់នាង, និងវាយនាងយ៉ាងដំណំថែមទៀត។

នាងបាននិយាយនៅក្នុងវីដេអូថា៖

«គាត់ដោះសំលៀកបំពាក់ខ្ញុំចេញនៅចំពោះមុខមិត្តរួមការងាររបស់គាត់។ មិត្តរួមការងារគាត់ចាប់ខ្ញុំជាប់ ខណៈពេលគាត់កំពុងតែកោរសក់ខ្ញុំចោល និងដុតសក់ខ្ញុំចោលថែមទៀត។» 

បន្ថែមពីនេះទៀត «សំលៀកបំពាក់របស់ខ្ញុំប្រឡាក់សុទ្ធតែឈាម។ គាត់បានវាយខ្ញុំ និងយកខ្សែចងខ្ញុំទៀត។ គាត់គំរាមខ្ញុំថា គាត់នឹងចងខ្ញុំទាំងស្រាតននលគោក។»

ប្តីចោលម្សៀត និងជនរងគ្រោះ Asma

ជនរងគ្រោះ Asma បានបញ្ជាក់បន្ថែមទៀតថា នៅពេលពួកគេរៀបការដំបូង ប្តីនាងគឺជាមនុស្សចិត្តល្អ និងសុភាពរាបសា។ ប៉ុន្តែនាងបានសម្គាល់ឃើញថា លោកចាប់ផ្តើមផ្លាស់ប្តូរអត្តចរិតនៅក្នុងរយៈពេល ៦ខែចុងក្រោយនេះ។

ជាក់ស្តែង ប្តីនាងតែងតែវាយនាង បន្ទាប់ពីហូបស្រារួច ហើយថែមទាំងហៅមិត្តភក្តិមកស៊ីផឹកជាញឹកញាប់នៅក្នុងផ្ទះថែមទៀត។

នៅក្នុងវីដេអូក្លីបខាងក្រោម ដែលទើបតែបង្ហោះកាលពីពេលថ្មីៗនេះចូលក្នុងបណ្តាញសង្គម ដោយបង្ហាញឱ្យឃើញថា នាងបានរៀបរាប់ទុក្ខលំបាក ដែលត្រូវប្តីអប្រិយធ្វើបាប ហើយសូម្បីតែទៅប្តឹងប៉ូលិសក៏ប៉ូលិសអត់រវល់ផងដែរ។ 

រូបជនរងគ្រោះ Asma មុនទាន់បានប្តីអប្រិយវាយធ្វើបាប

ជាក់ស្តែង នាងបាននិយាយថា ពួកប៉ូលិស មិនអើពើនឹងរឿងនេះទេ ព្រោះតែនាងគ្មានប្រាក់ឱ្យពួកគេ។ មិនត្រឹមតែប៉ុណ្ណឹង ពួកគេថែមទាំងមិនជួយពិនិត្យរបួសនាង ឬនាំនាងទៅព្យាបាលនោះទេ ព្រោះតែនាងត្រូវបង់ប្រាក់ជាមុនសិន ទើបពួកគេជួយដោះស្រាយបញ្ហាឱ្យនាង។

ដោយនៅក្នុងវីដេអូនាងបានបញ្ជាក់ថា៖

«ប៉ូលិសទាមទារប្រាក់ដើម្បីពិនិត្យស្នារបួស។ ខ្ញុំគ្មានប្រាក់ឱ្យពួកគេទេ។»

ជនរងគ្រោះ Asma មិនអាចសុំជំនួយពីឪពុកម្តាយនាងបានទេ ព្រោះតែពួកគេបានស្លាប់អស់ហើយ ដូច្នេះនាងគ្មានជម្រើសអ្វី ក្រៅពីបង្ហោះវីដេអូចូលក្នុងបណ្តាញសង្គម ដើម្បីឱ្យមហាជនជួយនាងនោះទេ។ 

ក្រោយមក វីដេអូទុក្ខសោករបស់នាង បានល្បី និងលិចឮដល់អ្នកការពារសិទ្ធិមនុស្សប្រចាំប្រទេសប៉ាគីស្ថាន Shireen Mazari។ ភ្លាមៗនោះ ពួកគេបានបញ្ជាឱ្យសមត្ថកិច្ចធ្វើការចាប់ខ្លួនប្តីចោលម្សៀត និងមិត្តរួមការងាររបស់គេដែលធ្វើបាបជនរងគ្រោះយកទៅកាត់ទោសតាមផ្លូវច្បាប់។ 

មិត្តរួមការងារ និងប្តីចោលម្សៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន

គូសបញ្ជាក់ផងដែរ ឆ្លងកាត់ការពិនិត្យ ជនរងគ្រោះត្រូវបានរកឃើញថា នាងមានស្នាមជាំជាច្រើនកន្លែងនៅលើដៃខាងឆ្វេង, ថ្ពាល់, ស្នាមកាំបិតនៅលើដៃនាង, ប៉ោងភ្នែក, ថែមទាំងមានអាការក្អូតចង្អោរ វិលមុខថែមទៀត។

យ៉ាងណាមិញ យើងសង្ឃឹមថា សមត្ថកិច្ចនឹងដាក់ទោសប្តីចោលម្សៀត និងមិត្តភក្តិរបស់គេឱ្យធ្ងន់ធ្ងរចំពោះទង្វើដ៏ថោកទាបរបស់ពួកគេ៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

វត្ថុតាងនៅក្នុងផ្ទះដើម្បីកោរសក់ជនរងគ្រោះ
សារអ្នកការពារសិទ្ធិមនុស្សប្រចាំប្រទេសប៉ាគីស្ថាន Shireen Mazari បានបង្ហោះ
ប្តីចោលម្សៀត និងជនរងគ្រោះ Asma

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]