រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ផ្ទះមួយខ្នង​ប្រភេទ​​ឈើ​លើ​ ថ្ម​ក្រោម​ ដំបូល​ប្រក់​ក្បឿង មាន​​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ ត្រូវអគ្គិភ័យ​ឆាប​ឆេះ​បង្កឱ្យមានការ​ភ្ញាក់​ផ្អើល​កើត​ឡើង​កាលពី​វេលា​​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​ផ្លូវ​លេខ​៤២ ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

ម្ចាស់ផ្ទះ​កើតេហតុ​ឈ្មោះ​ម៉​ន ​ម៉ុ​ន ភេទស្រី ​អាយុ​ជាង​៣០​ឆ្នាំ​ មុខរបរ​លក់ដូរ ត្រូវជា​ប្រពន្ធ​ និង​ប្ដី​​ឈ្មោះ​ផង់​ សា​រឿ​ន អាយុ​៤០​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ ។

តាមសេចក្តីរាយការណ៍​បាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ ម្ចាស់​ផ្ទះ​​ជា​ប្តីបានចេញទៅធ្វើការ​រោង​ចក្រ ​ចំណែក​​ប្រពន្ធបាន​ចេញទៅ​ផ្សារ​​ដើម្បីទិញអីវ៉ាន់យកមកលក់​ដូរ ហើយ​នៅផ្ទះកើតហេតុ​នោះគឺ​មានតែ​លោក​តា និង​លោកយា​ដែលត្រូវជា​ឪពុកម្តាយរបស់​ម្ចាស់​ផ្ទះតែប៉ុណ្ណោះ តែ​ឪពុកម្តាយរបស់​ម្ចាស់ផ្ទះ​​មិន​បាន​នៅ​ក្នុងផ្ទះកើតហេតុនោះទេ​ គឺ​នៅក្នុង​តូបលក់​ដូរ​​ខាងមុខផ្ទះ​។

លុះ​ពេលកើតហេតុ ឪពុកម្តាយរបស់ម្ចាស់​ផ្ទះ​មិន​បាន​ដឹងនោះទេ ទាល់​តែអ្នក​ដំណើរ និង​អ្នក​ជិត​ខាង​ឃើញ​ផ្សែងហុយ​ចេញពី​ខាងក្រោយ​​ផ្ទះ ក៏មានការ​ភ្ញាក់ផ្អើល​ស្រែក​ឆោឡោតែម្តង ។

តាម​សេចក្តី​រាយការណ៍​បាន​បន្ត​ថា នៅព្រឹកថ្ងៃ​កើតហេតុ អគ្គិសនីបាន​​ដាច់​តាំង​ពីម៉ោង​​៧ព្រឹក ហើយ​ការ​ឆាបឆេះ​ផ្ទះ​មួយខ្នង​ខាងលើ​គេ​មិន​ដឹង​ថា​បណ្តាលមកពីមូលហេតុ​អ្វីពិតប្រាកដនោះទេ​ តែ​បើ​តាម​អាជ្ញាធរមូលដ្ឋាន​បាន​សន្និដ្ឋាន​​ថា អាចបណ្តាល​មកពី​ទុស្សេតាំងពី​ពេលអគ្គិសនីមិនទាន់​ដាច់មកម៉្លេះ​ ហើយ​ភ្លើង​បាន​ឆេះតិចៗ តែ​ដោយសារ​អត់មាន​​អ្នក​ដឹង ទើប​បង្ក​ឱ្យមានការ​ឆាបឆេះ​កាន់តែខ្លាំង​ឡើងៗ ក៏បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​តែម្តង ។

តាមសេចក្តីរាយការណ៍​បានបន្តទៀត​ថា គិតមកត្រឹមវេលាម៉ោង​៩និង​​៥២នាទីព្រឹកថ្ងៃ​ដដែល អគ្គិភ័យ​​​បាន​ឆាបឆេះផ្ទះមួយខ្នង​ខាងលើអស់ទាំង​ស្រុងតែម្តង ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]