ខេត្តពោធិ៍សាត់ ៖ ក្រុមគ្រួសារមួយ ពេលហូបបាយបានដុតភ្លើងក្រោមផ្ទះ ដើម្បីបង្ហុយមូសកុំឱ្យខាំក៏ ស្រាប់តែរាលធាងដូង ឆេះផ្ទះអស់ទាំងស្រុងកាលពីថ្ងៃទី២៩ មករា ២០១៣ វេលាម៉ោង៧និង១៥នាទីយប់ នៅភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ។

តាមការផ្តល់ព័ត៌មាន ពីប៉ូលិសប៉ុស្តិ៍រដ្ឋបាលនៅទីនោះឱ្យដឹងថា ផ្ទះដែលឆេះនេះធ្វើអំពីឈើប្រក់ស្បូវ ជញ្ជាំងស្បូវ ក្រាលក្តារ មានទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះញូង ហូន អាយុ៣៩ឆ្នាំ ប្រពន្ធឈ្មោះស៊ុម មិនិ អាយុ២៩ឆ្នាំ មានកូន៤នាក់ ស្រី២ ប្រុស២ ជាកម្មករលើកអុសធ្យូងឱ្យគេ ។ នៅយប់កើតហេតុនោះ គ្រួសារខាងលើបានរៀបចំហូបបាយជុំគ្នា ជាមួយប្រពន្ធកូន ប៉ុន្តែដោយសារនៅតំបន់ព្រៃភ្នំសំបូរមូសពេក ខ្លាចកើតជំងឺគ្រុនចាញ់ ឬគ្រុនឈាម បុរសជាឪពុកបាន ដុតភ្លើងបង្ហុយមូសក្រោមផ្ទះក៏ស្រាប់តែរាលធាងដូង ឆាបឆេះជញ្ជាំងស្បូវ ខណៈពេលនោះក្រុមគ្រួសារខាងលើដែលកំពុងហូបបាយ មិនទាន់រួចផង ក៏ផ្អើលឆោឡោហក់ដីប្រសាចដងទឹកពន្លត់ ប៉ុន្តែដោយសារជញ្ជាំងស្បូវដំបូល ស្បូវឆេះលឿន យ៉ាងសន្ធោសន្ធៅមិនអាចពន្លត់បានក៏បណ្តាល ឱ្យឆេះអស់ទាំងស្រុងតែម្តង៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]