ពេលខ្លះចង់ឱ្យមុខស្អាត ត្រូវប្រើគ្រឿងផ្សំស៊ាំញ៉ាំច្រើន ដែលវាអាចមានផលវិបាកខ្លះៗសម្រាប់អ្នកដែលមានការរវល់ ឬធុញនឹងការលាយគ្រឿងច្រើនបញ្ចូលគ្នា។ ជាការពិតណាស់ពេលនេះមិនបាច់ពិបាកអីច្រើន ផ្លែឈើ និងពពួកបន្លែមួយចំនួនការពិតទៅមានធាតុផ្សំ និងវីតាមីនសំខាន់ៗស្រាប់ទៅហើយ ដែលការលាប ឬបិទពពួកបន្លែឈើងាយស្រួលរកខ្លះក៏អាចធ្វើឱ្យផ្ទៃមុខអ្នកស្អាតបានផងដែរ ថែមទាំងជួយព្យាបាល និងការពារបញ្ហាផ្ទៃមុខមួយចំនួនទៀតផង។

ដូច្នេះចង់ដឹងថាបន្លែផ្លែឈើអ្វីខ្លះអាចបិទ ឬលាបលើផ្ទៃមុខងាយៗដោយមិនបាច់ផ្សំគ្រឿងបន្ថែម ហើយជួយសម្រស់បានអ្វីខ្លះ តោះមកតាមដានទាំងអស់គ្នា៖

ផ្ទៃមុខស្អាតបានដោយផ្លែឈើស្រស់ៗ

១. ផ្លែស្ត្រូប័រី និងពពួកប័រីផ្សេងទៀត

ផ្លែស្ត្រូប័រី និងពពួកផ្លែប័រីដទៃទៀត (បូកនឹងផ្លែទំពាំងបាយជូរ) ល្អពិសេសសម្រាប់ព្យាបាលបញ្ហាមុខមុន និងឡើងប្រេង ជាពិសេសគឺសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មការពារបញ្ហាស្បែកផ្សេងៗ ថែមទាំងធ្វើឱ្យផ្ទៃមុខភ្លឺម៉ដ្ឋរលោងផងដែរ។

ការអនុវត្ត៖ ងាយៗគ្រាន់តែពុះផ្លែស្ត្រូប័រីជា ២ ឬហាន់ជាចំណិតស្តើង ឬក៏ចង់កិនឱ្យហ្មត់ក៏បាន រួចលាប ឬបិទលើផ្ទៃមុខជាការស្រេច។ សម្រាប់ផ្លែទំពាំងបាយជូរអ្នកអាចកិនឬក្រឡុកឱ្យហ្មត់រួចលាបលើផ្ទៃមុខពិសេសសម្រាប់ប្រឆាំងនឹងភាពចាស់ជ្រីវជ្រាវបានយ៉ាងល្អ។

ផ្លែស្ត្រូប័រី និងពពួកប័រីផ្សេងទៀត

២. ផ្លែក្រូចឆ្មារលឿង /ក្រូចឆ្មារ និងពពួកផ្លែក្រូចដទៃ

ពពួកផ្លែក្រូចសុទ្ធតែមានផ្ទុកនូវជាតិអាស៊ីតល្អៗពីធម្មជាតិ និងវីតាមីន C ដែលអាចជួយឱ្យផ្ទៃមុនទន់ភ្លឺរលោង ថែមទាំងអាចជួយបន្តឹងស្បែកមុខ បង្រួមរន្ធញើស ការពារ/ប្រឆាំងនឹងការកើតមុន ស្នាមខ្មៅ កម្ចាត់ជាតិប្រេងលើមុខ និងសម្អាតផ្ទៃមុខបានស្អាតល្អពីបាក់តេរី និងធូលីដីផ្សេងៗផងដែរ។

ការអនុវត្ត៖ អ្នកអាចកិន ឬច្របាច់យកទឹកវាស្រស់ៗមកលាបលើផ្ទៃមុខក៏បាន អាចចិតវាជាបន្ទះស្តើងៗឬយកសាច់ពពួកក្រូវមកបិទ/លាបលើផ្ទៃមុខក៏បាន ឬអាចពុះក្រូចជា២មកត្រដុសថ្នមៗលើផ្ទៃមុខក៏បាន រួចទុកចោលរយៈពេល ៥នាទី ចាំលាងចេញជាការស្រេច។

ផ្លែក្រូចឆ្មារលឿង /ក្រូចឆ្មារ និងពពួកផ្លែក្រូចដទៃ

ចំណាំៈ ហាមលាប ឬបិទពពួកក្រូចលើផ្ទៃមុខយូរដល់ទៅដល់ ១៩នាទី ទៅ១៥នាទី ព្រោះវាអាចធ្វើឱ្យស្បែករលាក និងប្រតិកម្ម។ ហើយការលាប ឬបិទពពួកផ្លែក្រូចលើមុខពេលយប់មុនពេលចូលគេងអាចជួយបំបាត់ស្នាមមុន និងរាល់ស្នាមខ្មៅផ្សេងៗបានយ៉ាងប្រសិទ្ធភាពផងដែរ ដោយប្រើរយៈពេលត្រឹម១អាទិត្យប៉ុណ្ណោះ។

៣. ផ្លែចេក

ផ្លែចេកងាយរក និងមានស្ទើរគ្រប់រដូវនៅប្រទេសកម្ពុជា ថែមទាំងមានប្រយោជន៍ច្រើនផងដែរ សម្រាប់ផ្ទៃមុខ ជាពិសេសគឺមានសារធាតុសំខាន់ជួយសម្អាតផ្ទៃមុខពីធម្មជាតិ ប្រឆាំងនឹងមេរោគបាក់តេរីផ្សេងៗ ជួយផ្តល់សំណើមដល់ផ្ទៃមុខ ថែមទាំងធ្វើឱ្យផ្ទៃមុខទន់ ភ្លឺរលោង និងម៉ដ្ឋខៃស្រស់ស្អាត។

ការអនុវត្ត៖ គ្រាន់តែកិនចេកទុំឱ្យហ្មត់ហើយលាបលើផ្ទៃមុខ និងត្រដុសថ្នមៗ រួចទុកចោលរយៈពេល ១០នាទីចាំលាងទឹកចេញជាការស្រេច។

ផ្លែចេក

៤. ផ្លែប៉េងប៉ោះ

កាលពីមុនៗអ្នកប្រហែលជាធ្លាប់ដឹងរូបមន្តខ្លះៗ ដែលប្រើប៉េងប៉ោះលាយគ្រឿងផ្សំមួយចំនួនលាបលើផ្ទៃមុខ តែពេលនេះមិនបាច់ពិបាក និងចំណាយពេលយូរនោះទេ។ ដោយប៉េងប៉ោះមានផ្ទុកសារធាតុល្អៗស្រាប់មកជាមួយទៅហើយដូចជាប៉ូតាស្យូម វីតាមីន A និងវីតាមីន C ដែលជួយធ្វើឱ្យកោសិកាស្បែកមុខមានសុខភាពល្អ ធ្វើឱ្យផ្ទៃមុខទន់ ភ្លឺ ម៉ដ្ឋ រលោង បំបាត់ស្នាមជ្រួញ កម្ចាត់ស្នាមមុន ស្នាមខ្មៅៗលើផ្ទៃមុខ និងក្រោមភ្នែកផងដែរ។

ការអនុវត្ត៖ ងាយៗគ្រាន់តែចិតប៉េះប៉ោះជាបន្ទះស្តើងល្មម រួចយកមកបិទ ឬត្រដុសលើផ្ទៃមុខថ្នមៗ និងក្រោមភ្នែករួចទុកចោលប្រមាណជា ៣ ទៅ៥នាទីចាំលាងទឹកចេញជាការស្រេច។

ផ្លែប៉េងប៉ោះ

៥. ផ្លែតាសក់

ផ្លែតាសក់ ល្អប្រើប្រាស់បំផុតសម្រាប់ស្បែកមុខដែលប្រតិកម្ម ដោយសារតែវាសម្បូរទៅដោយជាតិទឹកមានសំណើម និងមានធាតុត្រជាក់មកជាមួយអាចបំបាត់បញ្ហាហើមមុខ ហើមភ្នែក កាត់បន្ថយបញ្ហាមុខឡើងក្រហម កន្ទួល និងរមាស់ផ្សេងៗបាន។ ជាពិសេសគឺអាចជួយធ្វើឱ្យផ្ទៃមុខមើលទៅភ្លឺស្រស់ស្រាយ មានសំណើម បន្តឹងស្បែកមុខ បង្រួមរន្ធញើស និងទន់ម៉ដ្ឋរលោងផងដែរ។

ការអនុវត្ត៖

- សម្រាប់ការព្យាបាលបញ្ហាហើមប៉ោងផ្ទៃមុខ និងក្រោមភ្នែក អ្នកត្រូវតែទុកផ្លែតាសក់ក្នុងទូទឹកកកឱ្យត្រជាក់សិន សឹមចិតជាចំណិតស្តើងៗបិទលើផ្ទៃមុខ។

- សម្រាប់ការប្រើប្រាស់ទូទៅ អ្នកក៏អាចចិតតាសក់ជាចំណិតស្តើងៗមកបិទ និងត្រដុសថ្នមៗលើផ្ទៃមុខដើម្បីជួយឱ្យផ្ទៃមុខប្រែជាស្រស់ស្អាតបាន៕ 

ផ្លែតាសក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]