ចិន៖ អ្នកលេងបណ្ដាញសង្គមចិនជាច្រើន បានលើកទឹកចិត្តដល់បុរសចំណាស់ វ័យ៧៧ឆ្នាំម្នាក់ ឲ្យស្នើសុំដាក់បំបែកឯតទគ្គកម្មពិភពលោក «Guinness Record» បន្ទាប់ពីសក់ដ៏វែងអន្លាយរបស់គាត់ ប្រវែងប្រមាណ ៥,៥ម៉ែត្រ ត្រូវបានគេដឹងឮ និងល្បីសុះសាយខ្លាំងលើអ៊ីនធើណែត។

លោកតា Ake សក់ប្រវែង ៥ម៉ែត្រកន្លះ

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា លោកតាខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Ake Yizheng បានរក្សាសក់របស់គាត់ទុកមិនខ្ចីកាត់ អស់រយៈពេលជាង ៥៤ឆ្នាំមកហើយ ខណៈមកទល់ពេលនេះ សក់ដ៏កណ្ដាញ់ និងវែងអន្លាយនេះមានប្រវែង ៥ម៉ែត្រកន្លះ។

លោកតាវ័យ ៧៧ឆ្នាំរូបនេះ ចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ និងល្បីនៅលើបណ្តាញសង្គម បន្ទាប់ពីត្រូវបានកូនប្រសាស្រីរបស់គាត់ បាននាំគាត់ទៅកក់លាងសម្អាតសក់ នៅហាងសាឡនមួយកន្លែង ក្នុងទីក្រុង Leshan ភាគខាងត្បូងខេត្តស៊ីឈួន និងបានថតជាវីដេអូបង្ហោះចែកចាយ។

វាពិតជាភ្ញាក់ផ្អើល ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីវីដេអូឃ្លីបមួយនេះត្រូវបានបង្ហោះចែកចាយ ដោយទទួលបានអ្នកចុចចូលមើលរហូតដល់ទៅខ្ទង់ជាង ១,៥លានដង ស្របពេលដែលមហាជនជាច្រើន ក៏បាននឹងកំពុងតែជំរុញ និងលើកទឹកចិត្តឲ្យលោកតារូបនេះ ដាក់ពាក្យសុំបំបែកឯតទគ្គកម្មពិភពលោកផងដែរ។

ប្រភពបានឲ្យដឹងថា លោកតា Ake Yizheng បានទុកសក់មិនកាត់ តាំងពីគាត់នៅអាយុ ២៣ឆ្នាំ មកម៉្លេះ ក៏ព្រោះតែគាត់មានជំនឿ ចង់ឲ្យគ្រួសាររបស់គាត់មានសុខភាពល្អ (ចៀសឆ្ងាយពីជំងឺ) ហើយប្រសិនណាបើកាត់ចេញ វានឹងអាចមានបញ្ហា។

លោកតា Ake សក់ប្រវែង ៥ម៉ែត្រកន្លះ

កូនប្រសាស្រីលោកតា Ake បានប្រាប់កាសែតក្នុងស្រុកថា កាលពីក្នុងកំឡុងឆ្នាំ១៩៧០ (កាលពី៤៩ឆ្នាំមុន) ក៏ធ្លាប់មានគេចង់ទិញសក់របស់ឪពុកក្មេកខ្លួនដែរ ដែលហ៊ានឲ្យក្នុងតម្លៃ ៣ ៨០០យ័ន ឬប្រហែល ៥៧០ដុល្លារអារមិក។ ប៉ុន្តែផ្ទុយទៅវិញ ឪពុកក្មេករូបនេះ បានបដិសេធព្រោះតែគាត់នៅតែគិត និងចង់ឲ្យគ្រួសារមានសុខភាពល្អទាំងអស់គ្នា ហើយគាត់ក៏បានបញ្ជាក់ថា គ្រួសារ គឺសំខាន់ជាងលុយ។

កូនប្រសាស្រីរបស់លោកតា Ake បានបន្តទៀតថា វាធម្មតាទៅហើយសម្រាប់គាត់ (ឪពុកក្មេក)។ គាត់ស៊ាំនឹងសក់ដ៏វែងបែបនេះទៅហើយ ហើយគាត់ក៏មិនមានអារម្មណ៍អីថាលំបាកនោះដែរ។ ជាធម្មតា ២ ទៅ ៣ដងក្នុងមួយខែ គាត់គ្រាន់តែទៅហាងសាឡន ដើម្បីឲ្យគេកក់លាងសម្អាតសក់ និងកាត់តម្រឹមចុងៗបន្តិចឲ្យស្អាតប៉ុណ្ណោះ។ ហើយយ៉ាងហោចណាស់ គ្រាន់តែជាងក៏ ២ ទៅ ៣នាក់ដែរ ដែលត្រូវមកជួយធ្វើសក់ឲ្យគាត់ ទម្រាំតែរួចរាល់ និងចំណាយពេលខ្ទង់យ៉ាងអន់ ៣ម៉ោងឯណោះ។

លោកតា Ake សក់ប្រវែង ៥ម៉ែត្រកន្លះ

គួរឲ្យដឹងផងដែរថា បើទោះបីជាមានអ្នកចំនួនបានពេញចិត្ត និងគាំទ្រ ក៏ដូចជាជំរុញលើកទឹកចិត្តលោកតា Ake ក្នុងការរក្សាសក់បានវែង និងស្នើឲ្យដាក់ពាក្យបំបែកកំណត់ត្រាក្តី ក្នុងនោះក៏មានអ្នកមួយចំនួនទៀត បានសម្ដែងការិះគន់ និងបាននិយាយថា សក់របស់គាត់គួរឲ្យខ្ពើម ហើយថែមទាំងជំរុញឲ្យគាត់កាត់វាចេញវិញផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]