អេស្ប៉ាញ៖ ខ្សែការពារ Raphael Varane បានបង្ហាញពីគោលបំណងក្នុងការចាកចេញពី Real Madrid នារដូវក្តៅនេះ ហើយក្លិប Real Madrid ខ្លួនឯងផ្ទាល់ ក៏បានធ្វើការដាក់តម្លៃខ្សែការពាររូបនេះចំនួន ១០០លានអឺរ៉ូផងដែរ។ យ៉ាងណាមិញ ចំពោះការទាមទារចាកចេញរបស់ Varane នេះដែរ ក្លិប Real Madrid ក៏បានសម្លឹងមើលខ្សែការពារល្អៗរបស់ក្លិបផ្សេង ដើម្បីត្រៀមជំនួសតំណែងខ្សែការពារសញ្ជាតិបារាំងរូបនេះ។

លោក Florentino Perez និង Zidane
កីឡាករ Varane

ដោយឡែក Zidane ដែលជាអ្នកចាត់ការទើបតែត្រឡប់មកកាន់តំណែងជាថ្មី បានសម្លឹងឃើញកីឡាករមួយរូប ដែលលោកយល់ឃើញថា អាចនឹងមកជំនួសកន្លែងរបស់ Varane បាន។ កីឡាករតែម្នាក់ដែលស្ថិតក្រោមរ៉ាដារបស់ Zidane នាពេលនេះគឺខ្សែការពារសញ្ជាតិសេណេហ្គាល់ Koulibaly របស់ក្លិប Napoli។ ដោយឡែកកាលពីពេលថ្មីៗនេះ ប្រធានក្លិប Real Madrid លោក Florentino Perez បានបង្ហាញពីចំណាប់អារម្មណ៍របស់លោកផ្ទាល់ សម្រាប់ការនាំយកកីឡាករមួយរូបផ្សេងសម្រាប់ជំនួសកន្លែងរបស់ Varane។

លោក Florentino Perez ហាក់មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើខ្សែការពារវ័យ ២៤ ឆ្នាំមួយរូបរបស់ក្លិបរួមក្រុង At. Madrid គឺកីឡាករ Jose Gimenez។ បើទោះបីជាបែបណាក្តី Gimenez អាចជាគោលដៅដ៏ពិបាកមួយសម្រាប់ Real Madrid ដោយសារតែកីឡាករវ័យក្មេងរូបនេះ ទើបតែចុះកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំជាមួយ At.Madrid កាលពីពាក់កណ្តាលឆ្នាំ ២០១៨ កន្លងទៅ។ ជាមួយកិច្ចសន្យាថ្មីនេះ គេជឿថាតម្លៃទិញផ្តាច់កិច្ចសន្យារបស់ខ្សែការពាររូបនេះ មិនក្រោម ១២០លានអឺរ៉ូឡើយ។ ទោះជាយ៉ាងណាក៏ដោយ គេជឿថា At. Madrid នឹងមិនលក់ Gimenez ទៅឱ្យ Real Madrid ឡើយ ដោយសារតែខ្សែការពារមួយរូបគឺ Lucas Hernandez ទើបតែត្រូវបានក្លិបលក់ចេញទៅឱ្យ Bayern Munich កាលពីពេលថ្មីៗនេះ៕ 

កីឡាករ Koulibaly
កីឡាករ Gimenez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]