អេស្ប៉ាញ៖ Philippe Coutinho ហាក់ដូចជាកំពុងតែស្វែងរកនូវជម្រើសផ្សេងៗ សម្រាប់ត្រៀមទុកក្នុងករណីដែលកីឡាកររូបនេះ នឹងចាកចេញពីក្លិប Barcelona។ កន្លងមករយៈពេលជាង ១៦ ខែកន្លងទៅ អតីតកីឡាករឆ្នើមរបស់ Liverpool រូបនេះ បរាជ័យម្តងហើយម្តងទៀត ក្នុងការប្រជែងយកតំណែង ១១ដំបូងជាមួយក្លិប Barcelona បើទោះបីជារូបគេផ្ទាល់ព្យាយាមអស់ពីសមត្ថភាព រួមទាំងមានការជួយខ្នះខ្នែងបន្ថែមពីមិត្តរួមក្រុមយ៉ាងណាក្តី។ ដោយសារតែហេតុផលបែបនេះ ក្លិប Barcelona ផ្ទាល់ បាននឹងកំពុងពិចារណាក្នុងការលក់ចេញកីឡាកររូបនេះនារដូវក្តៅខាងមុខ ដោយតម្លៃសមរម្យណាមួយ។

កីឡាករ Philippe Coutinho

បើយោងតាមសារព័ត៌មានកីឡាជាច្រើន បានបញ្ជាក់ឱ្យដឹងថាមានក្លិបធំជាច្រើន ដែលអាចជាគោលដៅរបស់កីឡាកររូបនេះ រួមមានដូចជាក្លិប Paris Saint-Germain, Manchester United និង Chelsea ជាដើម។ ក្លិប Chelsea ត្រូវគេដឹងថា ក្លិបចង់បានកីឡាកររូបនេះ ដើម្បីចូលរួមចាប់ដៃគូនៅតំបន់ខាងលើជាមួយកីឡាករ Eden Hazard ប៉ុន្តែអាចនឹងត្រូវមានភាពស្មុគស្មាញបន្តិច ដោយសារតែតោខៀវកំពុងជាប់បម្រាមពី FIFA ដែលហាមមិនឱ្យទិញ-ដូរកីឡាករចំនួន ២រដូវកាលដោះដូរជាប់គ្នា។ 

ដោយឡែកសម្រាប់ PSG វិញ កីឡាករ Neymar កំពុងតែព្យាយាមប្រាប់ទៅកាន់ក្លិប ឱ្យនាំយក Coutinho មកទឹកដីបារាំងនារដូវកាលក្រោយ ដោយការជឿជាក់ថា កម្លាំងរបស់មិត្តរួមជាតិរបស់ខ្លួន នឹងធ្វើឱ្យ PSG អាចឈានដល់កម្រិតមួយខ្ពស់ជាងនេះនៅ Champions League។ យ៉ាងណាមិញ ក្លិប Manchester UTD ក៏ត្រូវគេដឹងថា បានព្យាយាមចូលចរចាផងដែរ ប៉ុន្តែទំនងជាមិនផ្តោតលើ Coutinho ខ្លាំងពេកឡើយ ដោយសារតែ Man UTD នៅមានជម្រើសកីឡាករសម្រាប់ទិញចូលផ្សេងៗទៀត។

កីឡាករ Philippe Coutinho
កីឡាករ Philippe Coutinho​ និង Neymar Jr

ទោះបីជាបែបណាក្តី Coutinho ក៏ត្រូវបានមិត្តរួមក្រុមនៅ Barcelona ព្យាយាមលើកទឹកចិត្តឱ្យគេខិតខំប្រឹងប្រែងបន្ថែមទៀត សម្រាប់ការប្រកួតប្រជែងនៅទឹកដី Camp Nou។ ត្រឡប់មកវិញ Coutinho ក៏បានបញ្ជាក់ប្រាប់ថា រូបគេនឹងជូនដំណឹងទៅកាន់ក្លិប Barcelona អំពីការសម្រេចចិត្តរបស់គេបន្ត នៅខែក្រោយនេះ៕

កីឡាករ Philippe Coutinho
កីឡាករ Philippe Coutinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]