អាមេរិក៖ បន្ទះសាកថ្មឥតខ្សែ AirPower របស់ក្រុមហ៊ុន Apple បានរំសាយការផលិតជាផ្លូវការហើយ។

បន្ទាប់ពីបានប្រកាសជាលើកដំបូងជាមួយ iPhone X នៅក្នុងឆ្នាំ២០១៧មក នៅទីបំផុតក្រុមហ៊ុន Apple បានបញ្ជាក់ជាលើកចុងក្រោយថា ខ្លួននឹងមិនផលិតបន្ទះសាកថ្មឥតខ្សែ AirPower នេះទេ។ 

រូបតំណាងបន្ទះសាកថ្មឥតខ្សែ AirPower

នៅក្នុងសេចក្តីប្រកាសជាលើកដំបូង ក្រុមហ៊ុន Apple បានបញ្ជាក់ថា បន្ទះសាកថ្មឥតខ្សែរបស់ខ្លួន មានសមត្ថភាពខ្ពស់ ដែលអាចសាកថ្មដោយឥតខ្សែបាន ដោយប្រើទូរស័ព្ទ iPhone, កាស AirPod និងនាឡិកា Apple Watch ក្នុងពេលតែមួយ។ នៅពេលនោះ ក្រុមហ៊ុនយក្សមួយនេះបានបញ្ជាក់ថា ខ្លួននឹងបញ្ចេញផលិតផលមួយនេះនៅក្នុង «ឆ្នាំ ២០១៨» ប៉ុន្តែមិនបានបញ្ចេញដូចជាអ្វីដែល Apple បានលើកឡើងនោះទេ។

ឥឡូវនេះ យើងដឹងច្បាស់ពីការពិតហើយថា យើងគ្មានថ្ងៃបានឃើញបន្ទះសាកថ្មឥតខ្សែ AirPower នេះទេ។

ជាក់ស្តែង យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ក្រុមហ៊ុន Apple បានថ្លែងថា បន្ទះសាកថ្ម ឥតខ្សែនេះ មិនអាចឈានដល់ស្តង់ដារដែលខ្លួនចង់បាននោះទេ ដូច្នេះបានជាខ្លួនសម្រេចចិត្តថារំសាយការផលិតនេះចោលយកតែម្តង។ 

រូបតំណាងបន្ទះសាកថ្មឥតខ្សែ AirPower

លោក Dan Riccio អនុប្រធានជាន់ខ្ពស់ផ្នែកវិស្វកម្ម Hardware របស់ក្រុមហ៊ុន Apple បានមានថ្លែងថា៖

«បន្ទាប់ពីប្រឹងប្រែងអស់ជាច្រើនមក យើងបានសន្និដ្ឋានថា AirPower នឹងមិនអាចឈានដល់កម្រិតស្តង់ដារខ្ពស់របស់យើងនោះទេ ហើយដូច្នេះយើងបានសម្រេចចិត្តលុបចោលគម្រោងមួយនេះហើយ។ យើងសូមអភ័យទោសចំពោះអតិថិជនទាំងអស់ ដែលកំពុងរង់ចាំវា។ យើងនៅតែជឿជាក់ថា អនាគតគឺឥតខ្សែ (wireless) ហើយយើងបានប្តេជ្ញាចិត្តថា នឹងជំរុញបទពិសោធន៍ឥតខ្សែបន្ថែមទៀតនៅថ្ងៃអនាគត។»

យ៉ាងណាមិញ មានពាក្យចចាមអារ៉ាមបានបង្ហើបថា ក្រុមហ៊ុន Apple កំពុងប្រឈមនឹងបញ្ហាផ្នែករឹង (Hardware) ក្នុងការផលិតបន្ទះសាកថ្មឥតខ្សែនេះ។ ដោយប្រភពច្បាស់ការណ៍មួយនេះបានបង្ហើបបន្ថែមទៀតថា ក្រុមហ៊ុននេះកំពុងតែជួបបញ្ហាផ្នែកគ្រប់គ្រងកម្តៅ, ការជ្រៀតជ្រែក, និងបញ្ហាទាក់ទងទៅនឹងល្បឿន និងភាពត្រឹមត្រូវក្នុងការសាកថ្ម។

ទន្ទឹមនេះដែរ ការរំសាយការផលិត AirPower ស្របគ្នាទៅនឹងការបញ្ចេញកាសឥតខ្សែ AirPods ជំនាន់ថ្មី ដែលមានប្រអប់សាកថ្មឥតខ្សែមកជាមួយផងដែរ។

ដោយឡែក អ្វីដែលគួរឱ្យអស់សំណើចនោះគឺថា ចំពោះអ្នកដែលទិញកាសឥតខ្សែ AirPods ជំនាន់ក្រោយនេះ មានភ្ជាប់ជាមួយនឹងឯកសារយោង និងនៅក្នុងប្រអប់ខ្លះថែមទាំងមានរូបភាពបញ្ជាក់ថា ពួកគេបានរំសាយចោលការផលិត AirPower នៅក្នុងកញ្ចប់យកតែម្តង៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

មតិរបស់អ្នកប្រើប្រាស់បណ្តាញសង្គម Twitter

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]