ព្រៃវែង៖ ប្រាសាក់ បានសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារបណ្ណាល័យមួយខ្នង ស្ថិតនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យក្រចាប់ ក្រោមអធិបតីភាពរបស់លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្របែក និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៩។

ចូលរួមជាគណៈអធិបតី និងភ្ញៀវកិត្តិយសក្នុងពិធីនេះដែរ រួមមានលោក ស៊ុន ប៊ុណ្ណា អនុប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ែន ប្រណី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង និងលោក អ៊ុំ សមអឿន អនុប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ព្រះសង្ឃ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរយនាក់នៅក្នុងសហគមន៍ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សាលាបឋមសិក្សា និងអនុវិទ្យាល័យក្រចាប់

លោក វ៉ែន ប្រណី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានរាយការណ៍ពីស្ថានភាពនៃវិស័យអប់រំនៅក្នុងស្រុកកំពង់ត្របែក និងថ្លែងអំណរគុណចំពោះប្រាសាក់ ដែលសាងសង់អគារបណ្ណាល័យ នៅក្នុងទឹកដីស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលជានេះកាយវិការសម្បុរសធម៌ និងចូលរួមលើកកម្ពស់វិស័យអប់រំនៅតាមមូលដ្ឋាន។

លោក អ៊ុំ សមអឿន អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា៖ 

«ការសាងសង់អគារបណ្ណាល័យនេះ គឺជាការងារសង្គមដែលប្រាសាក់ធ្វើឡើងដើម្បីផ្តល់ជាប្រយោជន៍ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ និងចូលរួមលើកកម្ពស់សមត្ថភាពរបស់សិស្សានុសិស្ស ដែលជាកូនជាចៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ ពិសេសនៅតាមទីជនបទ»។

លោក សមអឿន បានបន្ថែមថា នៅក្នុងគម្រោងបណ្ណាល័យនេះ គឺប្រាសាក់បានប្រើប្រាស់ថវិការបស់ខ្លួនក្នុងការកសាងជាអគារបណ្ណាល័យផង ទាំងការផ្ដល់ជាសៀវភៅ សម្ភារ បរិក្ខារ ការបណ្ដុះបណ្ដាលបណ្ណារក្ស និងការគាំទ្រគម្រោងរយៈពេល ៣ ឆ្នាំទៀតផង។ យើងពិតជាមានសេចក្ដិរីករាយណាស់ ដែលបានសាងសង់អគារបណ្ណាល័យទី ៣ នៅក្នុងខេត្តព្រៃវែងនេះ ហើយបណ្ណាល័យ ២ ផ្សេងទៀត ដែលយើងផ្ដល់បានជូនរួចមកហើយ គឺស្ថិតនៅសាលាបឋមសិក្សាសិរីមង្គល នៅស្រុកស្វាយអន្ទរ និងសាលាបឋមសិក្សាស្នាយពល នៅស្រុកពារាំង។ គិតត្រឹមខែ មីនា ឆ្នាំ២០១៩ ប្រាសាក់បានកសាងអគារបណ្ណាល័យសរុបរហូតដល់ ៣៤ ខ្នង នៅក្នុងខេត្តចំនួន ១១ រួមមាន ព្រៃវែង តាកែវ កំពង់ស្ពឺ កំពង់ចាម កណ្តាល កំពង់ធំ សៀមរាប ព្រះវិហារ ខេត្តបាត់ដំបង ស្វាយរៀង និងបន្ទាយមានជ័យ។

ថ្លែងក្នុងឱកាសនោះលោក ស៊ុន ប៊ុណ្ណា អនុប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះប្រាសាក់ ដែលបានផ្ដល់មូលនិធិកសាងបណ្ណាល័យ មួយនេះ។ លោកបញ្ជាក់ថា អគារបណ្ណាល័យមួយនេះពិតជាមានតម្លៃខ្លាំងណាស់សម្រាប់សិស្សានុសិស្សនិងអ្នករស់នៅស្រុកកំពង់ត្របែកនេះ ព្រោះថាពីមុននៅទីនេះពិបាកស្វែងរកឯកសារ ឬសៀវភៅអាន សម្រាប់ជាព័ត៌មានបន្ថែមណាស់ ប៉ុន្តែឥឡូវនេះពួកគាត់មិនពិបាកដូចមុនទៀតនោះទេ ដោយសារនៅពេលនេះមានអគារបណ្ណាល័យដ៏ស្រស់ស្អាតមួយដែលមានសៀវភៅគ្រប់គ្រាន់សម្រាប់ឱ្យសិស្សានុសិស្ស ក៏ដូចជាពលរដ្ឋ បានធ្វើការសិក្សាស្រាវជ្រាវបន្ថែម។ លោកក៏បានអរគុណដែលប្រាសាក់ បានសហការយ៉ាងល្អជាមួយនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ ដើម្បីរួមចំណែកបណ្ដុះវប្បធម៌អាន និងធនធានមនុស្សនៅកម្ពុជា។

មានមតិក្នុងពិធីនោះដែរ លោក យ៉ាវ សានិន អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្របែក និងជាតំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រាសាក់ ដែលបានផ្ដល់អគារបណ្ណាល័យរហូតដល់ ៣ ខ្នងសម្រាប់ខេត្តព្រៃវែង។ លោកសង្ឃឹមថាសិស្សានុសិស្សនៃសាលាបឋមសិក្សានិងអនុវិទ្យាល័យក្រចាប់ ទាំងអស់នឹងខិតខំសិក្សារៀនសូត្របន្ថែមទៀត និងចាប់យកទម្លាប់នៃការអានសៀវភៅតាមរយៈបណ្ណាល័យនេះ ព្រោះនេះជាឃ្លាំងផ្ទុកនៅចំណេះដឹងជាច្រើន ដែលអាចជួយឱ្យសិស្សានុសិស្សទាំងអស់មានចំណេះដឹងទូលំទូលាយ បំនិនជីវិតផ្សេងៗ ដើម្បីជាទុនក្នុងកសាងអនាគតរបស់ខ្លួន។

លោកក៏បានបន្តថា ជួសមុខឱ្យថ្នាក់ដឹកនាំខេត្ត និងស្រុក លោកសូមកោតសរសើរជាខ្លាំងចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលបានផ្តល់អគារបណ្ណាល័យនៅលើភូមិក្រចាប់ក្រោម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែកនេះ ទោះបីទីនេះជាតំបន់ឆ្ងាយដាច់ស្រយាល នៅជាប់ព្រំដែនក៏ដោយ។ នេះបង្ហាញពីសុឆន្ទៈពិតៗរបស់ប្រាសាក់ក្នុងការចូលរួមចំណែកជួយដល់សង្គម ជាពិសេសជួយប្រជាពលរដ្ឋនៅតាមទីជនបទ ទាំងផ្នែកការផ្ដល់កម្ចីជួយដល់ជីវភាពរស់នៅ និងជួយដល់ការសិក្សារៀនសូត្ររបស់កូនចៅប្រជាពលរដ្ឋ។

ជាចុងក្រោយ លោកក៏បានសំណូមពរឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្សជួយថែរក្សា និងប្រើប្រាស់បណ្ណាល័យនេះឱ្យអស់ពីលទ្ធភាព ដោយជម្រុញឱ្យមានការអានឱ្យបានច្រើនផុសផុល ស្រលាញ់ និងថែរក្សាសៀវភៅទាំងអស់ឱ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែង និងច្រើនជំនាន់៕

ពិធីសម្ពោធអគារបណ្ណាល័យ
ពិធីសម្ពោធអគារបណ្ណាល័យ
ពិធីសម្ពោធអគារបណ្ណាល័យ
ពិធីសម្ពោធអគារបណ្ណាល័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]