ចិន៖ ក្មេងប្រុសពិការជនជាតិចិនម្នាក់ អាចទៅរៀនបានរយៈពេល ៦ឆ្នាំ ដោយគ្មានបញ្ហា ក្រោយត្រូវបានមិត្តរួមថ្នាក់ដ៏ល្អបំផុតម្នាក់ មានទឹកចិត្តយ៉ាងប្រពៃស៊ូជួយអៀវទៅមករាល់ថ្ងៃ ដែលធ្វើឲ្យមហាជនជាច្រើនកោតសរសើរយ៉ាងខ្លាំង។

Xu ស៊ូអៀវមិត្តសម្លាញ់ពិការ ទៅសាលាជារៀងរាល់ថ្ងៃ

កុមារា Xu Bingyang អាយុ១២ឆ្នាំ ផ្ទុះការសរសើរយ៉ាងខ្លាំង នៅលើបណ្តាញសង្គម បន្ទាប់ពីរឿងរ៉ាវដ៏រំជួលចិត្តមួយត្រូវបានចែករំលែក ព្រោះតែរូបគេតែងតែជួយអៀវមិត្តសម្លាញ់ពិការ Zhang Ze ទៅសាលារៀនជារៀងរាល់ថ្ងៃ និងសកម្មភាពជួយផ្សេងៗទៀត ទាំងពុំដែលត្អូញត្អែរ បើទោះស្ថិតក្នុងស្ថានភាពលំបាក ក្រោមដំណក់ទឹកភ្លៀង ឬក្រោមកម្ដៅថ្ងៃក្តី។

ជាការពិតណាស់ មិត្តភាពដ៏ល្អដែលមិនអាចកាត់ថ្លៃបានរវាងកុមារា Xu Bingyang និងកុមារាពិការ Zhang Ze មកពីទីក្រុង Meishan ភាគខាងត្បូង ខេត្តស៊ីឈួន ប្រទេសចិននេះ ត្រូវបានសាយភាយយ៉ាងខ្លាំង នៅលើបណ្តាញសង្គម ដែលឆក់បេះដូងមហាជនទូទាំងប្រទេស ស្ទើរតែរំជួលចិត្តស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន ចំពោះសកម្មភាពពោរពេញដោយភាពកក់ក្តៅមួយនេះ ស្របពេលដែលកុមារា Xu ក៏បានរំលេចពាក្យពេចន៍យ៉ាងមានអត្ថន័យចាក់ដោតថា គេពិតជារីករាយជានិច្ចដែលបានធ្វើជាឈើច្រត់សម្រាប់មិត្តពិការរបស់គេម្នាក់នេះ។

Xu ស៊ូអៀវមិត្តសម្លាញ់ពិការ ទៅសាលាជារៀងរាល់ថ្ងៃ

កុមារា Xu បាននិយាយថា គេមានទម្ងន់ ៤០គីឡូក្រាម ចំណែកឯមិត្តរបស់គេ Zhang វិញ មានទម្ងន់ត្រឹមតែ ២៥គីឡូក្រាមប៉ុណ្ណោះ។ ដូច្នេះវាមិនសូវជាពិបាកខ្លាំង ក្នុងការអៀវគេនោះទេ។

ដោយឡែក កុមារា Zang វិញ ក៏បានឆ្លើយតបទាំងក្ដុកក្តួលដែរថា គេពិតជារំភើប ហើយក៏មិនដឹងថាត្រូវអរគុណ Xu ដែលជាមិត្តសម្លាញ់ដ៏ល្អរបស់គេបែបណាទើបគ្រប់គ្រាន់នោះទេ ចំពោះភាពសប្បុរដ៏ប្រពៃរបស់គេមួយនេះ។

ក្មេងប្រុសពិការរូបនេះ បាននិយាយថា «Xu គេគឺជាមិត្តភក្តិដ៏ល្អបំផុតសម្រាប់ខ្ញុំ។ គេរៀនជាមួយខ្ញុំ ហើយជារៀងរាល់ថ្ងៃ គេតែងតែជជែក និងលេងជាមួយខ្ញុំ។ ខ្ញុំពិតជាអរគុណគេខ្លាំងណាស់ ចំពោះការជួយមើលថែខ្ញុំរបស់គេរាល់ថ្ងៃបែបនេះ»

Xu ស៊ូអៀវមិត្តសម្លាញ់ពិការ ទៅសាលាជារៀងរាល់ថ្ងៃ

បើតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កុមារា Xu និង Zhang គឺជាសិស្សរៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សា Hebazi Town Central Primary School ក្នុងតំបន់ Qingshen ខេត្តស៊ីឈួន។ Zhang គឺជាក្មេងប្រុសពិការម្នាក់។ កាលអាយុ ៤ឆ្នាំ Zhang បានធ្វើរោគវិនិច្ឆ័យរកឃើញថា កើតមានជំងឺសាច់ដុំដ៏កម្រម្យ៉ាង (Rare Muscle Condition ឬហៅថា Rag Doll Disease) ដែលវាបានជះឥទ្ធិពលយ៉ាងអាក្រក់ ធ្វើឲ្យ Zhang ពុំមានសមត្ថភាព ឬបាត់បង់ការគ្រប់គ្រងសាច់ដុំនៅជើង ជាហេតុមិនអាចឲ្យគេដើរបានដោយខ្លួនឯង។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី អាចចាត់ទុកបានថាជារឿងដ៏ល្អបំផុត ដែល Zhang មានឱកាសបានរៀនសូត្រនឹងគេ ដោយសារតែមាន Xu ជាមិត្តដ៏ល្អ និងតែងតែជួយយកអាសាគេជានិច្ច។

កុមារា Xu និយាយថា «ខ្ញុំធំជាង Zhang ហើយខ្ញុំគិតថា ប្រសិនណាបើខ្ញុំមិនជួយគេទេ នោះនឹងគ្មាននរណាម្នាក់ជួយ Zhang ឡើយ»

បន្ថែមលើនេះ អ្វីដែលកុមារា Xu អាចជួយកុមារាអភ័ព្វ Zhang បានទៀតនោះ គឺគេក៏បានព្យាយាមជួយបង្រៀនដល់ Zhang ឲ្យរៀនដើរយឺតៗ ដើម្បីជួយពង្រឹងកាយសម្បទាឲ្យរឹងមាំ តាមតែអាចធ្វើបានថែមទៀតផង។

ទន្ទឹមនឹងនេះ គ្រូបង្រៀនម្នាក់ក៏បាននិយាយដែរថា Xu ជាក្មេងដ៏ល្អបំផុត ហើយគេតែងតែជួយមិត្តគេបែបនេះ និងមិនដែលចេះត្អូញត្អែរនៅចំពោះមុខគ្រូ និងមិត្តរួមថ្នាក់ដទៃទៀតរបស់គេនោះឡើយ។ Xu គឺជាក្មេងឧស្សាហ៍ព្យាយាម និងចេះគោរពចាស់ទុំ។

Xu ស៊ូអៀវមិត្តសម្លាញ់ពិការ ទៅសាលាជារៀងរាល់ថ្ងៃ

ជាចុងក្រោយ Xu បាននិយាយថា ទៅថ្ងៃខាងមុខ គេក៏នឹងនៅតែបន្តជួយមិត្តសម្លាញ់របស់គេ តាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយគេក៏នឹងស្ម័គ្រចិត្តជួយដល់ការងារសង្គមផ្សេងៗទៀត នៅពេលដែលគេធំឡើងផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

Xu ស៊ូអៀវមិត្តសម្លាញ់ពិការ ទៅសាលាជារៀងរាល់ថ្ងៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]