ចិន៖ ការរត់ម៉ារ៉ាតុង គឺជាកីឡាម្យ៉ាងដែលទាមទារឱ្យអ្នកចូលរួម ត្រូវរត់ចម្ងាយឆ្ងាយទៅតាមចំនួនគីឡូម៉ែត្រដែលអ្នករៀបចំកម្មវិធីកំណត់។ មនុស្សភាគច្រើន ចូលរួមការប្រកួតនេះ គឺគ្រាន់តែដើម្បីសប្បាយ និងរត់ដើម្បីតែសុខភាពប៉ុណ្ណោះ ដែលភាគច្រើនពួកគេមិនខ្វល់ពីរឿងថាតើអ្នកណាទៅដល់ទីមុន ឬអ្នកណាដល់ទីក្រោយនោះទេ។

ដោយឡែក កាលពីថ្មីៗនេះ បែរជាមាននារីរត់ម៉ារ៉ាតុងម្នាក់ បែរជាគិតខុស បែកគំនិតប្រើល្បិច ដោយការជិះកង់ ក្នុងការប្រកួតទៅវិញ ដោយទង្វើបែបនេះ ពិតជាមិនសមរម្យ និងធ្វើឱ្យខ្លួនឯងខ្មាសគេជាខ្លាំង។

ជាក់ស្តែង កាលពីសប្តាហ៍មុន នៅក្នុងការប្រកួតរត់ម៉ារ៉ាតុងអន្តរជាតិ ដែលធ្វើឡើងនៅក្នុងទីក្រុងស៊ីចូវ ស្រាប់តែមាននារីម្នាក់ ត្រូវបានគេប្រទះឃើញថាប្រើប្រាស់កង់ ខណៈពេលកំពុងតែប្រកួតរត់។ ដោយនាងបានទៅដល់ទីនៅក្នុងរយៈពេល ៥ម៉ោង ៣៨នាទី និង៣៦វិនាទី។ 

នារីរត់ម៉ារ៉ាតុង ត្រូវបានដកសិទ្ធិក្នុងការប្រកួត ព្រោះលួចជិះកង់

យ៉ាងណាមិញ គណៈកម្មាធិការរៀបចំកីឡាម៉ារ៉ាតុងបានប្រកាសថា «អ្នករត់» រូបនេះ ត្រូវបាន ដកសិទ្ធិក្នុងការប្រកួត និងពិន័យមិនឱ្យចូលរួមប្រកួតអស់មួយជីវិត។

ទន្ទឹមនេះដែរ យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ព្រឹត្តិការណ៍នៅថ្ងៃនោះមានរឿងចម្លែកៗជាច្រើនកើតឡើង ដោយក្នុងនោះមានដូចជា មានមនុស្សមួយចំនួន បែរជាដាក់ចេក និងទឹកសុទ្ធជាច្រើននៅតាមផ្លូវដែលអ្នកចូលរួមទាំងនោះកំពុងរត់ ហើយពួកគេថែមទាំងលួចកៅអីដែលអ្នករៀបចំកម្មវិធី យកទៅប្រើប្រាស់ជារបស់ពួកគេថែមទៀត។

គួរឱ្យដឹងផងដែរ នេះមិនមែនជាលើកទីមួយទេ ដែលមានករណីបែបនេះកើតនៅក្នុងប្រទេសចិន។ ជាក់ស្តែងកាលពីឆ្នាំមុន មានអ្នករត់ម៉ារ៉ាតុងជាង ២៣៧នាក់ ត្រូវបានគេប្រទះឃើញថា ពួកគេបែរជារត់កាត់ព្រៃ ដើម្បីរត់ផ្លូវកាត់ទៅវិញ ហើយពួកគេទាំងនោះក៏ត្រូវបានដកសិទ្ធិ និងទទួលពិន័យដូចគ្នាផងដែរ៕   

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]