ខេត្តព្រៃវែង ៖ មេតុងទីន២នាក់ប្តីប្រពន្ធ ត្រូវសមត្ថកិច្ចប៉ូលិសចាប់ខ្លួនពី បទរំលោភលើសេចក្តីទុកចិត្តព្រោះបាន បោកប្រាស់ប្រជាពលរដ្ឋជាង១០០នាក់ ដែលជាអាជីវករលក់ដូរនៅក្នុងផ្សារអ្នកលឿង ខ្លះជាមន្ត្រីរាជការស៊ីវិល និងជាអ្នកលក់ថ្នាំពេទ្យ មានទឹកប្រាក់ជាង២០០.០០០ដុល្លារ តាមការអះអាងពីកូនតុងទីន ។

លោកវរសេនីយ៍ឯកសេង សុភក្តិ ស្នងការរងខេត្តព្រៃវែងឱ្យដឹងថា ការចាប់ខ្លួនមេតុងទីនទាំង២នាក់ប្តីប្រពន្ធនេះ គឺធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលចាញ់បោកមេតុងទីន និងអនុវត្តតាមដីការបស់លោកសុខ កល្យាណ ប្រធានសាលាដំបូងខេត្តបង្គាប់ឱ្យ ចាប់ខ្លួនក្នុងនាមចៅក្រមស៊ើបសួរ ។ ក្រោយពីទទួលបានពាក្យបណ្តឹង និងដីកាបង្គាប់ឱ្យចាប់ខ្លួន កម្លាំងរបស់ការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរខេត្តសហការជាមួយ កម្លាំងរបស់ការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមដាន និងចាប់បានមុខសញ្ញាឈ្មោះវ៉ែន សុវណ្ណ ភេទប្រុស អាយុ៥៥ឆ្នាំ ជាមន្ត្រីយោធាជាប្តី និងឈ្មោះថេង ធាវី ភេទស្រី អាយុ៣២ឆ្នាំ ជាប្រពន្ធ ។ ជនជាប់ចោទទាំង២នាក់ប្តីប្រពន្ធនេះបានស្នាក់នៅបណ្តោះអាសន្នក្នុងភូមិ៣ ឃុំព្រែកខ្សាយ«ខ» ស្រុកពាមរក៍ តែក្រោយពេលប្រមូលកើបលុយពីកូនតុងទីនបានច្រើនម៉ឺនដុល្លារហើយទាំង២នាក់នេះបានរត់គេចខ្លួនទៅនៅឯរាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯកបន្តទៀតថា ការចាប់ខ្លួនមេតុងទីនទាំង២នាក់ប្តីប្រពន្ធនេះគឺចោទពីបទរំលោភលើសេចក្តីទុកចិត្ត ព្រោះកន្លងមកជនទាំង២នាក់នេះបានក្លែងធ្វើជាមេតុងទីន មានតុងទីនលេងប្រមូលយកប្រាក់ក្នុង១ថ្ងៃៗ និងតុងទីនប្រមូលប្រាក់ប្រចាំខែ ហើយមេដេញយកខ្លួនឯងរហូតពុំដែលបានលើកូនម្តងណាឡើយ ។ លោកស្នងការរងបញ្ជាក់ថា នេះជាការអះអាងរបស់កូនតុងទីនដែលបានប្តឹង ។

ទាំងប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរខ្នាតតូច ខ្នាតធំ អ្នកលក់ថ្នាំពេទ្យ ពិសេសអ្នកលក់គ្រឿងទេសបន្តិចបន្តួច បានសំណូមពរឱ្យសាលាដំបូងខេត្តជួយរកយុត្តិធម៌ឱ្យពួកគាត់ផង ព្រោះអស់ដើមទុនរកស៊ីហើយម្នាក់ៗជំពាក់គេទៀត ។ ពួកគាត់សម្តែងការហួសចិត្តថា មិនគួរខិតខំបេះពីមាត់ពង្រាត់ពីកដើម្បីសន្សំប្រាក់តាមរយៈការលេងតុងទីន សោះនេះក៏ព្រោះតែឃើញបានការប្រាក់ច្រើន ផ្ទុយទៅវិញប្រាក់ក៏បង់ថង់ក៏ដាច ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]