ភ្នំពេញៈ កម្មករ-កម្មការិនី៩នាក់ ក្នុងចំណោម កម្មករ កម្មការិនីជាង ៣០០នាក់ នៃរោងចក្រ តិច១៥៣ ដែលស្ថិតក្នុង ភូមិត្រពាំងក្រសាំង សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដួលសន្លប់ ជាបន្តបន្ទាប់ កាលពីវេលា ម៉ោង៣រសៀល ថ្ងៃទី៣០ខែមករា ឆ្នាំ២០១៣ ដោយពុំទាន់ដឹងមូលហេតុ ខណៈពួកគេ កំពុងបំពេញ ការងារដូចសព្វដង ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា កម្មករ កម្មការិនី ដែលដួលសន្លប់ចំនួន៩នាក់នោះ មានស្រី៨នាក់ និងប្រុស ប៉ុន្តែចំពោះមូលហេតុ នៃការដួលសន្លប់នោះ គឺពុំទាន់អាចសន្និដ្ឋានបានថា មកពីអ្វីនោះនៅឡើយទេ គឺរង់ចាំជំនាញ គេចុះមកស្រាវជ្រាវ និងត្រូតពិនិត្យមើល តើបណ្តាលមកពីបរិស្ថាន ឬក៏ដំបូលទាបពេកដែលធ្វើឱ្យក្តៅ ទើបបណ្តាលឲ្យ ប៉ះដល់សុខភាព កម្មករ កម្មការិនី ដូច្នេះនោះ ។

ប្រភពបានបន្តទៀតថា បន្ទាប់ពីកម្មករ កម្មការិនីដួលសន្លប់នោះ ភាគីខាងរោងចក្រ បានសហការ ជាមួយ នគរបាលមូលដ្ឋាន ហៅរថយន្តសង្គ្រោះដឹក យកទៅ គ្លីនិកឯកជនជាបន្ទាន់ ហើយឃើញថា អាការៈនៃជំងឺមានស្ថានភាព ធូរស្រាលបន្តិចហើយ ។ ពេលនេះ កំពុងសម្រាក ព្យាបាលបន្ត។

កម្មការិនីមួយរូប និយាយថា ខណៈកំពុងបំពេញការងារសុខៗ ស្រាប់តែពួកគេ មានអាការៈ ថប់ដង្ហើមទន់ដៃទន់ជើង ក្អួតចង្អោ រួចហើយ ក៏ដួលសន្លប់ ជាបន្តបន្ទាប់តែម្តងទៅ ដោយពុំដឹងមូលហេតុច្បាស់ថា មកពីអ្វីនោះ  ប៉ុន្តែនៅក្នុងរោងចក្រ គឺមានអាកាសធាតុ មិនសូវល្អ ប៉ុន្មាននោះទេ ហើយដំបូល ក៏ទាបទៀតផង ដូច្នេះងាយ នឹងរងកំដៅខ្លាំងណាស់ ហើយប្រសិនបើ មិនកែប្រែទេ អាចនឹងមានការដួលសន្លប់នេះកើតឡើងជាបន្តទៀត ជាមិនខាន៕




ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]