បរទេស៖ កីឡាករ Franck Ribery បានរម្លឹក និងបើកកកាយអំពីបញ្ហារបួសយ៉ាងសាហាវ និងស្លាកស្នាមយ៉ាងធំនៅលើផ្ទៃមុខរបស់លោក។ កីឡាកររបស់ក្លិប Bayern Munich រូបនេះបានបញ្ជាក់ថា “ស្លាកស្នាម” និង “ការឈឺចាប់” ទាំងនេះហើយ ដែលបានផ្តល់ភាពជាខ្លួនឯង និងភាពរឹងមាំសម្រាប់លោកក្នុងការតស៊ូលើអាជីពជាកីឡាករបាល់ទាត់។

កីឡាករ Franck Ribery
កីឡាករ Franck Ribery

កីឡាករវ័យ ៣៥ឆ្នាំរូបនេះ បានលើកឡើងជាសាធារណៈតែម្តង អំពីការទទួលរងរបួសផ្លូវចិត្តក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្នុងបទសម្ភាសន៍ដ៏គួរឱ្យចាប់អារម្មណ៍ជាមួយ Canal+ Sport។ ក្នុងនោះដែរ លោកក៏បាននិយាយអំពីការប្រឈមមុខតទល់ជាមួយភាពឈឺចាប់ផ្លូវចិត្តកាលពីកុមារភាពផងដែរ។

គួររំឮកថា កីឡាករ franck Ribery បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយ គឺគ្រោះថ្នាក់ក្រឡាប់ឡាននៅឯស្រុកកំណើតរបស់លោកនៅតំបន់ Boulogne-sur-Mer ប្រទេសបារាំង ដែលកាលនោះលោកនៅមានវ័យទើបតែ ២ឆ្នាំនៅឡើយ។ ក្រោយជួបហេតុការណ៍ដ៏គួរឱ្យរន្ធត់នោះ Ribery ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅឯមន្ទីរពេទ្យ និងបានបន្សល់ទុកស្លាកស្នាមលើផ្ទៃមុខ ដោយការដេររបួសរហូតដល់ជិត ១០០ថ្នេរ។

Ribery បានបញ្ជាក់ថា ពេញមួយវ័យកុមារភាពរបស់លោក តែងតែមានមនុស្សម្នាផ្សេងៗសម្លឹងមើល និងចង្អុលទៅកាន់ស្នាមរបួសរបស់លោក ថែមទាំងបាននិយាយថាស្នាមរបួសនោះពិតជាអាក្រក់មើលខ្លាំងណាស់។ ប៉ុន្តែទោះបីជាបែបនេះក្តី Ribery មិនបានតូចចិត្តឡើយ  លើសពីនេះលោកបានយកចំណុចទាំងនេះមកគិតក្នុងផ្លូវវិជ្ជមានដើម្បីលើកទឹកចិត្តខ្លួនឯងឡើងវិញ។ Ribery ក៏បានលើកឡើងថា កាលពីនៅក្មេងលោកធ្លាប់ត្រូវបានមនុស្សម្នាជុំវិញខ្លួន និយាយថាស្នាមរបួសទាំងអស់នោះពិតជាគួរឱ្យខ្លាច ឬអាក្រក់មើល -ល- ប៉ុន្តែលោកមិនដែលតូចចិត្ត ឬពួនយំអ្វីនោះឡើយ ផ្ទុយទៅវិញលោកមានតែប្រឹងទទួលយកចំណុចទាំងនេះ។ 

កីឡាករ Franck Ribery (កាលនៅកុមារ)
ស្លាកស្នាមលើផ្ទៃមុខកីឡាករ Franck Ribery

អាចនិយាយបានថាវាជារឿងចៃដន្យមួយដែរ ខណៈពេលដែលលោកនៅវ័យក្មេង លោកបានប្រទះទៅនឹងសៀវភៅដ៏ល្អមួយក្បាល ដែលបានជំរុញទឹកចិត្តលោកយ៉ាងខ្លាំងក្លាដើម្បីក្លាយជាកីឡាករបាល់ទាត់។ សៀវភៅមួយក្បាលនោះមានចំណងជើងថា "The Football Men: Up Close with the Giants of the Modern Game"។

ជាចុងក្រោយកីឡាករ Franck Ribery បាននិយាយថា៖ “ព្រះជាម្ចាស់បានប្រទានឱ្យខ្ញុំនៅភាពខុសគេ ហើយស្លាកស្នាមមួយនេះគឺជាផ្នែកមួយនៃខ្ញុំ។ នៅពេលនេះមនុស្សដែលស្គាល់ខ្ញុំ សុទ្ធតែទទួលយកបាននូវរាល់អ្វីដែលជាខ្ញុំផ្ទាល់”៕ 

កីឡាករ Franck Ribery ឈ្នះពាន Champions League
កីឡាករ Franck Ribery ឈ្នះពាន Champions League
កីឡាករ Franck Ribery ឈ្នះពាន Bundesliga

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]