សឹងតែមិនជឿ សល់ត្រឹមតែ ១៨ វិនាទីប៉ុណ្ណោះ ជើងខ្លាំង AK កម្ពុជាបានវាយបកយ៉ាងប្រញ៉ាប់ប្រញ៉ាល់ ទៅកាន់ទីតាំងគូសត្រូវ ដើម្បីឆក់យកឱកាសឆ្ពោះ ទៅកាន់ជុំចុងក្រោយ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ៨ វិនាទីក្រោយមក ក្រុមជើងខ្លាំងកម្ពុជា NeverCare បានបំបាក់ក្រុមម្ចាស់ផ្ទះថៃ  Phothong ដោយជោគជ័យ  ហើយក៏បាន ឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ MATIC International E-sport ប្រទេសថៃ រយៈពេល២ថ្ងៃ គឺ២៦ដល់២៧មករាកន្លងទៅនេះ។

 ទោះជាក្រុម NeverCare បានចាញ់ SOD HolyAce មកពីសិង្ហបុរីនៅវគ្គផ្តាច់ព្រ័ត្រក៏ដោយ តែវាជាការពិតមួយបានស្តែងឲ្យឃើញថា ក្រុមកម្ពុជាយើងដែលមិនធ្លាប់ទទួលជ័យជម្នះពេលនេះ បែរជាជាប់ជាជើងឯកលេខ ២ លើឆាកប្រកួតកីឡាអនឡាញនេះ។ លទ្ធផលដ៏គួរឲ្យភ្ជាក់ផ្អើលនេះ បានធ្វើឲ្យប្រទេសដទៃទៀត បានស្គាល់ប្រទេសកម្ពុជាយ៉ាងច្បាស់នៅលើឆាកអន្តរជាតិ។ ក្រុមជើងខ្លាំង AK តំណាងប្រទេសកម្ពុជា បានត្រលប់មកដល់ទឹកដីកម្ពុជាវិញនៅ ម៉ោង ៦ និង ៣៥ នាទីល្ងាចមិញនេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

 ក្រុម AKកម្ពុជា ដែលទៅចូលរួមប្រកួត មានពីរក្រុម គឺ NeverCare និងMDGoodBye។ លទ្ធផលចុងក្រោយនៃការប្រកួតអន្តរជាតិ MATIC Xshot 2013 បានរកឃើញជយលាភីទាំង៥ក្រុមរួមមាន៖

 ជយលាភីលេខ១៖ SOD HolyAce ក្រុមមកពីប្រទេសសិង្ហបុរី ទទួលបានរង្វាន់សរុបជាទឹកប្រាក់ ៤,០០០ ដុល្លារ

ជយលាភីលេខ២៖ NeverCare ក្រុមតំណាងប្រទេសកម្ពុជា ទទួលបានរង្វាន់សរុបជាទឹកប្រាក់ ៣,០០០ ពាន់ដុល្លារ

ជយលាភីលេខ៣៖ ក្រុម Shi Xue  មកពីប្រទេសចិន ទទួលបានរង្វាន់សរុបជាទឹកប្រាក់ ២,០០០ ដុល្លារ

ជយលាភីលេខ៤៖ ក្រុម Phothong ប្រទេសថៃ ទទួលបានរង្វាន់ ១,៥០០ ដុល្លារ

ជយលាភីលេខ៥៖ ក្រុម Gnox ប្រទេសឥណ្ឌូណេស៊ី ទទួលបានរង្វាន់ ១,០០០ ដុល្លារ

 ឯកឧត្ដម ខៀវ កញ្ញារីទ្ធ បានសំដែងការអបអរសាទរដល់ការឈ្នះនេះ លើបណ្ដាញទំនាក់ទំនងសង្គម Facebook។ លោក ជី សិលា អគ្គនាយកក្រុមហ៊ុន Sabay បានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានជួយគាំទ្រដល់ក្រុមយុវជន AK កម្ពុជា។ លោកក៏បានឱ្យដឹងផងដែរថា ឆ្នាំក្រោយនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាអនឡាញអន្តរជាតិនេះ។ ក្នុងឱកាសជាមួយគ្នានេះផងដែរលោក ខែក រ៉ាវី អតីតប្រធានសហព័ន្ធកីឡាកម្ពុជាបានអបអរសាទរដល់ក្រុម AK កម្ពុជាឆ្នាំនេះលើបណ្ដាញទំនាក់ទំនងសង្គម  ហេីយសង្ឃឹមថាឆ្នាំក្រោយកម្ពុជាយើងនឹងទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងផ្នែក E-Sport នេះ។ ចំណែកឯក្រុមយុវជនគាំទ្រ AK បានបញ្ចេញមតិកោតសរសើរលើទំព័រ Facebook (www.facebook.com/aksabay) ថា ពួកគេពិតជាមានមោទនភាពចំពោះក្រុមជើងខ្លាំង AK ឆ្នាំនេះមែនទែនដែលអាចបំបាក់ក្រុមម្ចាស់ផ្ទះទាំងពីររបស់ប្រទេសថៃបានគឺ ក្រុម Rebirth និង ក្រុម Phothong។

 MATIC 2013 រឺ Mission Against Terror International Championsip 2013 គឺជាការប្រកួតស្វែងរកជើងឯកកីឡាអនឡាញអន្តរជាតិ ដែលមានក្រុមជើងខ្លាំង ១៦ ក្រុម មកពី៦ប្រទេសគឺ ថៃជាម្ចាស់ផ្ទះ កម្ពុជា ចិន ម៉ាឡេស៊ី សិង្ហបុរី  និងឥណ្ឌូណេស៊ី។

 ក្រោយបញ្ចប់ការប្រកួតនៅថ្ងៃទី២៧ ក្រុមទាំងពីរនិងតំណាងពីក្រុម Sabay មានដំណើរកម្សាន្តរយៈពេលមួយថ្ងៃគឺថ្ងៃទី២៨នៅតំបន់ទេសចរណ៍របស់ថៃ។ សម្រាប់ការចំណាយទាំងអស់ជាបន្ទុករបស់ក្រុមហ៊ុន Sabay ទាំងស្រុង៕









ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]