ចិន៖ ក្រុមហ៊ុន Huawei បានចេញរបាយការណ៍ប្រចាំឆ្នាំ 2018 របស់ខ្លួននៅថ្ងៃនេះ។ យោងតាមរបាយការណ៍នេះបានបង្ហាញថា ក្រុមហ៊ុនបានរក្សាកំណើនអាជីវកម្មបានយ៉ាងរឹងមាំនៅក្នុងឆ្នាំ 2018 ។ ប្រាក់ចំណូលពីការលក់របស់ខ្លួនមានចំនួនសរុប 721,2 ពាន់លានយ័ន គឺកើនឡើង 19,5% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានឈានដល់ 59,3 ពាន់លានយ័ន គឺកើនឡើង 25,1% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

នៅក្នុងឆ្នាំ 2018 ក្រុមហ៊ុន Huawei បានដាក់ទុនវិនិយោគចំនួន 101,5 ពាន់លានយ័ន ស្មើនឹង 14,1% នៃប្រាក់ចំណូលផ្នែកលក់របស់ខ្លួនទៅលើផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) ឈរក្នុងលំដាប់ទី 5 នៅលើសកលលោក នៅក្នុងតារាងវិនិយោគផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍន៍របស់សហភាពអឺរ៉ុបឆ្នាំ 2018 (The 2018 EU Industrial R&D Investment Scoreboard)។ ក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ ការចំណាយរបស់ក្រុមហ៊ុន Huawei លើផ្នែកសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍន៍ បានកើនឡើងរហូតដល់ជាង 480 ពាន់លានយ័ន។ យោងតាមទិន្នន័យផ្លូវការដែលបានចេញដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) បានឱ្យដឹងថា ក្រុមហ៊ុន Huawei បានដាក់ពាក្យសុំអាជ្ញាប័ណ្ណចំនួន 5.405 ជាមួយអង្គការនេះនៅឆ្នាំ 2018 ដែលបានធ្វើឲ្យក្រុមហ៊ុនឈរជើងនៅលំដាប់លេខមួយ ក្នុងចំណោមក្រុមហ៊ុនទាំងអស់នៅទូទាំងពិភពលោក។

របាយការណ៍ប្រចាំឆ្នាំ 2018 របស់ Huawei

លោក Guo Ping ប្រធានប្តូរវេននៃក្រុមហ៊ុន Huawei បានបញ្ជាក់ថា៖

«បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានវិទ្យា (ICT) កំពុងធ្វើដំណើរទៅមុខយ៉ាងឆាប់រហ័សនៅគ្រប់វិស័យ ដែលបានធ្វើឱ្យមានការផ្លាស់ប្ដូរទៅកាន់ភាពជាឌីជីថល និងភាពឆ្លាតវៃ ដែលជាកម្លាំងចលករមួយនៅពីក្រោយសេដ្ឋកិច្ចឌីជីថលរបស់យើង។ ការវិនិយោគប្រកបដោយនិរន្តរ៍ភាពលើបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតខ្ពស់ 5G រួមជាមួយការដាក់ពង្រាយពាណិជ្ជកម្មទ្រង់ទ្រាយធំ ក្រុមហ៊ុន Huawei បានប្តេជ្ញាចិត្តក្នុងការកសាងបណ្ដាញតភ្ជាប់ដ៏ល្អបំផុតសម្រាប់ពិភពលោក។ ក្នុងដំណើរការនេះក្រុមហ៊ុន Huawei នឹងបន្តគោរពយ៉ាងខ្ជាប់ខ្ជួននូវស្តង់ដារពាក់ព័ន្ធទាំងអស់ ដើម្បីធានាប្រព័ន្ធសុវត្តិភាព រក្សាឱ្យបាននូវទំនុកចិត្ត និងផលិតផលដែលមានគុណភាពខ្ពស់។ កិច្ចការងារឆ្ពោះទៅរកគោលដៅនេះយើងច្បាស់ណាស់ថា សន្តិសុខអ៊ីនធឺណិត និងការការពារឯកជនភាពរបស់អតិថិជន គឺជាការងារដំបូងនៃរបៀបវារៈរបស់យើង ។ យើងមានទំនុកចិត្តថា ក្រុមហ៊ុនដែលរើសយក Huawei ក្នុងការសហការជាមួយគ្នា នឹងក្លាយជាក្រុមហ៊ុនដែលមានការប្រកួតប្រជែងខ្លាំងបំផុតក្នុងជំនាន់នៃបច្ចេកវិទ្យា 5G នេះ ហើយបណ្តាប្រទេសដែលជ្រើសរើសយក Huawei ក្នុងការសហការជាមួយគ្នា នឹងទទួលបានអត្ថប្រយោជន៍សម្រាប់ឆ្ពោះទៅរកនូវរលកបន្ទាប់នៃកំណើននៅក្នុងវិស័យឌីជីថល»។
លោក Guo Ping

ចំពោះមុខជំនួញផ្នែកទំនាក់ទំនងទូរគមនាគមន៍ carrier business ក្រុមហ៊ុន Huawei បានដាក់បង្ហាញនូវដំណោះស្រាយ 5G និង Softcom AI ចុងក្រោយបង្អស់ ដោយផ្តោតទៅលើការធ្វើឱ្យមានភាពកាន់តែងាយស្រួលក្នុងការប្រើប្រាស់ និងការរក្សារការពារសម្រាប់អតិថិជន។ នៅឆ្នាំ 2018 នេះ ក្រុមហ៊ុនក៏បានបន្តការច្នៃប្រឌិត ក៏ដូចជាបណ្តាញអ៊ិនធឺណិតតាមគេហដ្ឋាន និង IoT ដែលជួយដល់ដៃគូនូវឱកាសរីកចម្រើនថ្មីផ្សេងទៀត។ ដោយឡែកនៅក្នុងឆ្នាំ 2018 ប្រាក់ចំណូលផ្នែកលក់នៃអាជីវកម្មផ្នែកទំនាក់ទំនងទូរគមនាគមន៍របស់ក្រុមហ៊ុន Huawei មានចំនួន 294 ពាន់លានយ័ន ដែលស្មើនឹងឆ្នាំមុន។

នៅក្នុងអាជីវកម្មផ្នែកសហគ្រាស enterprise business របស់ខ្លួន ក្រុមហ៊ុន Huawei បានបន្តផ្តល់ជូននូវដំណោះស្រាយ cloud, big data, artificial intelligence (AI) និង IoT ព្រមទាំងឧបករណ៍ជាច្រើនសម្រាប់ដំណោះស្រាយមជ្ឈមណ្ឌលទិន្នន័យ flash storage និង WiFi ។ តាមរយៈការបញ្ចូលបច្ចេកវិទ្យាទាំងនេះទៅក្នុងឌីជីថលរបស់ខ្លួន ក្រុមហ៊ុន Huawei បានសម្របសម្រួលការកសាងទីក្រុងឆ្លាតវៃ ទីក្រុងសុវត្ថិភាព និងមជ្ឈមណ្ឌលឆ្លាតវៃ ដោយបានជួយជំរុញការផ្លាស់ប្តូរឌីជីថលសម្រាប់អតិថិជនរបស់ខ្លួន នៅក្នុងវិស័យហិរញ្ញវត្ថុ ដឹកជញ្ជូន និងថាមពល។ ក្នុងឆ្នាំ 2018 ប្រាក់ចំណូលផ្នែកលក់របស់អាជីវកម្មសហគ្រាសរបស់ក្រុមហ៊ុន Huawei បានកើនឡើងដល់ 74,4 ពាន់លានយ័ន គឺកើនឡើង 23,8% ធៀបនឹងឆ្នាំមុន។

នៅក្នុងអាជីវកម្ម cloud Huawei បានបង្កើតសេវាកម្ម Cloud ចំនួន 160 សេវាកម្ម និង 140 ដំណោះស្រាយ ហើយបានសហការជាមួយដៃគូដើម្បីបម្រើអតិថិជនទូទាំងពិភពលោកនៅក្នុងតំបន់តូចៗចំនួន 40 និង 23 នៅក្នុងតំបន់ធំៗ។ ក្រុមហ៊ុន Huawei បានពង្រីកការសហការជាមួយដៃគូរបស់ខ្លួនរហូតដល់ជាង 6000 ដៃគូនៅវិស័យនេះ ហើយកំពុងព្យាយាមរុករកយ៉ាងសកម្មនូវការប្រើប្រាស់សេវាកម្ម AI របស់ខ្លួន នៅក្នុងគម្រោងជាង 200 ជាមួយឧស្សាហកម្មធំៗចំនួន 10 ។

អាជីវកម្មមួយទៀតនោះគឺ consumer business។ ក្រុមហ៊ុន Huawei បានពង្រីកចំណែកទីផ្សារ ស្មាតហ្វូននៅទូទាំងពិភពលោក និងបានបង្កើនដំណែងនៃឧបករណ៍ទំនើប high-end របស់ខ្លួន។ អាជីវកម្មនេះក៏ជារបកគំហើញដ៏សំខាន់មួយក្នុងការបង្កើតប្រព័ន្ធអេកូដ៏ឆ្លាតវៃ សម្រាប់អ្នកប្រើប្រាស់ទាំងអស់។ នៅក្នុងឆ្នាំ 2018 ប្រាក់ចំណូលផ្នែកលក់របស់អាជីវកម្មនេះ បានឈានដល់ 338,9 ពាន់លានយ័ន ពោលគឺកើនឡើង 45,1% ធៀបនឹងឆ្នាំមុន។ របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ 2018 ត្រូវបានធ្វើសវនកម្មឯករាជ្យ KPMG ដែលជាក្រុមហ៊ុនគណនេយ្យអន្តរជាតិដ៏ធំទីបួន៕
ដើម្បីទាញយករបាយការណ៍ប្រចាំឆ្នាំ 2018 សូមចូលទៅកាន់៖ www.huawei.com/en/press-events/annual-report/2018 
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន Huawei តាមអាសយដ្ឋាន៖ www.huawei.com  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]