ប៉ាគីស្ថាន៖ បុរសជាបងប្អូនបង្កើតនឹងគ្នាពីរនាក់ដែលមានឈ្មោះថា Hamzah និង Hassan Hussain គឺជាជនជាតិប៉ាគីស្ថាន រស់នៅក្នុងទីក្រុង Karachi បានសម្រេចចិត្តយកសត្វតោមួយក្បាលមករស់នៅជាមួយតាំងពីវាមានអាយុ២សប្តាហ៍។

សត្វតោ Simba
សត្វតោ Simba

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា សត្វតោមួយក្បាលនេះត្រូវបានបុរសប៉ាគីស្ថានទាំងពីរនាក់ខាងលើ ដាក់ឈ្មោះឲ្យថា Simba ដែលជាតួអង្គសត្វតោក្នុងរឿងគំនូរជីវចល The Lion King របស់ផលិតកម្ម Disney នេះឯង។ មកទល់សព្វថ្ងៃនេះ សត្វតោមួយក្បាលនេះមានអាយុ២៦ខែហើយ រីឯមាឌវាក៏រីកធំខ្លាំងណាស់ដែរ។ គួរបញ្ជាក់ថា សត្វតោ Simba នេះគឺជាតោ ដែលមានពូជមកពីប្រទេសអាហ្វ្រិក។

យោងតាមប្រសាសន៍របស់លោក Hassan ផ្ទាល់បានបញ្ជាក់ថា “ សត្វតោនេះបានកើតក្នុងកសិដ្ឋានរបស់គ្រួសារខ្ញុំ។ គ្រានោះ ដោយសារតែមេវាមិនមានទឹកដោះក្នុងការបំបៅតោមួយក្បាលនេះ អីចឹងហើយទើបខ្ញុំយកវាមកចិញ្ចឹមក្នុងផ្ទះរបស់យើងតែម្តងទៅ“ ។

គួរបញ្ជាក់ថា Hamzah និង Hassan បានចាត់ទុកសត្វតោមួយក្បាលនេះជាប្អូនទី៣របស់ពួកគេ។ មិនតែប៉ុណ្ណោះ ពួកគេតែងតែយកសត្វតោនេះទៅដើរលេងជាមួយ ហើយតែងតែដាក់វាឲ្យអង្គុយនៅកៅអីឡានខាងក្រោយនៅពេលធ្វើដំណើរម្តងៗ។  

សត្វតោ Simba និង ម្ចាស់វាទាំងពីរ
សត្វតោ Simba និង ម្ចាស់វាទាំងពីរ

យ៉ាងណាមិញ បើយោងតាមការបញ្ជាក់របស់លោក Hamzah វិញបានបន្តថា “ វានឹងមិនធ្វើអ្វីអ្នកទេ ប្រសិនជាវាស្គាល់អ្នក។ ហើយប្រសិនបើមនុស្សថ្មីដែលវាមិនស្គាល់មុខចង់ទៅក្បែរឬលេងជាមួយវា នោះពួកគេត្រូវតែឈរឲ្យស្ងៀម ហើយវានឹងមិនធ្វើអ្វីអ្នកទេ។ ប៉ុន្តែបើក្នុងករណីដែលអ្នករត់ឫស្រែកឲ្យវា វាប្រហែលជាអាចនឹងខាំអ្នក”។

ជាទូទៅ តោ Simba នេះស៊ីសាច់ស្រស់ប្រហែល៥គីឡូក្នុងមួយថ្ងៃ។ ពេលខ្លះម្ចាស់វាក៏បានដាក់សត្វពពែឲ្យវាស៊ីដែរ។ ប៉ុន្តែសត្វតោមួយក្បាលនេះស្អប់សាច់មាន់ណាស់ ហើយវាក៏មិនដែលស៊ីសាច់មាន់ដែរ។ 

ឥឡូវនេះ លោក Hassan ក៏កំពុងស្វែងរកតោញីមួយក្បាលទៀតដើម្បីធ្វើជាដៃគូឲ្យ Simba។ លោកបានបន្តថា “បើគាត់មិនអាចស្វែងរកតោញីក្នុងប្រទេសប៉ាគីស្ថានបាន នោះគាត់នឹងទៅដឹកតោញីមួយក្បាល មកពីប្រទេសអាហ្វ្រិកខាងត្បូងតែម្តង”។  

មានវីដេអូនៅខាងក្រោម៖ 

សត្វតោ Simba និង ម្ចាស់វា
សត្វតោ Simba និង ម្ចាស់វា
សត្វតោ Simba និង ម្ចាស់វា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]