ជាធម្មតាទឹកបាញ់មុខ ត្រូវបានគេប្រើប្រាស់ដើម្បីឱ្យការតុបតែងផ្ទៃមុខជាប់បានយូរ ធ្វើឱ្យផ្ទៃមុខមានសំណើមស្រស់ថ្លា និងកាត់បន្ថយការកើតមុន និងរាល់បញ្ហាស្បែកនានាផងដែរ តែភាគច្រើនផលិតផលទាំងនោះគឺជាផលិតគីមីដែលអាចនឹងបង្កហានិភ័យដល់សុខភាពស្បែកនាពេលអនាគត ថែមទាំងអាចមានតម្លៃថ្លៃទៀតផង។

ពេលនេះអស់បារម្ភហើយ លោកអ្នកក៏អាចធ្វើទឹកបាញ់មុខបែបធម្មជាតិបានដោយខ្លួនឯង ដែលស្ទើរតែមានគុណប្រយោជន៍ជាងផលិតផលគីមីដទៃ ហើយចំណាយលុយអស់តិចទៀត។

ចង់ដឹងថាវិធីធ្វើទឹកបាញ់មុខធម្មតាមានរូបមន្តអ្វីខ្លះ និងជួយដល់សុខភាពយ៉ាងណា! តោះ! មកតាមដានទាំងអស់គ្នា៖

ទឹកបាញ់មុខធម្មជាតិ

# រូបមន្តទី១

គ្រឿងផ្សំ

- ទឹកស្អាត ១កែវ
- កញ្ចប់តែបៃតង ២ ទៅ៣ កញ្ចប់
- ដបទឹកបាញ់មុខ ១

ការអនុវត្ត៖ ដាំទឹក១កែវឱ្យពុះ រួចដាក់កញ្ចប់តែចូលទុកចោលប្រមាណជា ៥ ទៅ៧នាទី ចាំបិទភ្លើង និងទុកឱ្យត្រជាក់។ បន្ទាប់មកយកទឹកនេះច្រកចូលដបទុកប្រើប្រាស់ជាការស្រេច។

វិធីធ្វើទឹកបាញ់មុខធម្មជាតិ

# រូបមន្តទី២

គ្រឿងផ្សំ

- ជែលប្រទាលកន្ទុយក្រពើក្រឡុកឱ្យហ្មត់ស្រស់ៗ ១ស្លាបព្រាបាយ (អាចទិញជែលប្រទាលកន្ទុយក្រពើនៅផ្សារក៏បានដែលមានធាតុផ្សំ ៩០%ឡើងទៅ)
- ប្រេងដូង ១ កូនស្លាបព្រាកន្លះ
- ទឹកតែបៃតងដែលឆុងរួច ១ពែង (ប្រើកញ្ចប់តែ ២ ទៅ៣កញ្ចប់)
- ក្រូចឆ្មារលឿង ឬក្រូចឆ្មារធម្មតា កន្លះផ្លែ
- ប្រេងក្រអូបក្លិនអ្វីក៏បានតាមចំណូលចិត្ត (ដាក់ក៏បានមិនដាក់ក៏បាន) ២ ទៅ៣ដំណក់

ការអនុវត្ត

- លាយគ្រឿងផ្សំទាំងអស់ដូចជា ទឹកតែបៃតង ប្រេងដូង ប្រេងក្រអូបលាយបញ្ចូលគ្នាដោយច្របាច់ក្រូចឆ្មារបន្ថែមផង
- កួរឱ្យសព្វល្អ រួចច្រកទុកក្នុងដបទឹកបាញ់មុខ ទុកប្រើប្រាស់ជាការស្រេច។

វិធីធ្វើទឹកបាញ់មុខធម្មជាតិ

# វិធីទី៣

គ្រឿងផ្សំ

- ទឹកស្អាត ២ពែង
- កញ្ចប់តែបៃតង ២កញ្ចប់
- ប្រេងវីតាមីន E ឬគ្រាប់ថ្នាំវីតាមីន E ២ ទៅ៣គ្រាប់ (អាចរកបានងាយនៅផ្សារទំនើប)

ការអនុវត្ត

- យកទឹកដែលដាំពុះ២ពែង ឆុងជាមួយកញ្ចប់តែ ២កញ្ចប់ទុកចោលឱ្យចេញជាតិ១ម៉ោងសិន រហូតដល់ត្រជាក់ បន្ទាប់មកយកលាយនឹងប្រេងវីតាមីន E កូរចូលគ្នាឱ្យសព្វ ចាំយកទៅច្រកដបទឹកបាញ់មុខទុកប្រើប្រាស់ជាការស្រេច។

វិធីធ្វើទឹកបាញ់មុខធម្មជាតិ

# ការប្រើប្រាស់

អ្នកអាចប្រើទឹកបាញ់មុខនេះតាមតម្រូវការ ដូចជាទឹកបាញ់មុខធម្មតា ដូចជាពេល Make up រួច ពេលមុនចេញទៅក្រៅផ្ទះ ឬពេលអ្នកមានអារម្មណ៍ស្បែកមុខរលាក និងក្រហាយជាដើម។

# គុណប្រយោជន៍

- ប្រឆាំងមេរោគ បាក់តេរី ដែលបង្ករបញ្ហាផ្សេងៗដល់ស្បែក ជាពិសេសគឺកាពារ បញ្ហាកើតមុន

- ជំនួយកោសិកាស្បែកឱ្យមានសុខភាពល្អ និងបញ្ឈប់រាល់បញ្ហាប៉ះពាល់ ឬប្រតិកម្មស្បែកផ្សេងៗ

- ជួយផ្តល់សំណើមឱ្យស្បែកមានសុខភាពល្អ ភ្លឺ រលោង ស្រស់ថ្លា ទន់ និងម៉ដ្ឋខៃដូចស្បែកកូនក្មេង

- ជួយបង្រួមរន្ធញើស បន្តឹងស្បែកមុខ រួមទាំងការពារបញ្ហាស្បែកចាស់ជ្រីវជ្រួញ

- លុបបំបាត់ស្បែកមុខដែលឡើងខ្មៅស្រអាប់ ក្រហម រលាកដោយសារកម្តៅថ្ងៃ និងបញ្ហាហើមក្រោមភ្នែក៕ 

ទឹកបាញ់មុខធម្មជាតិធ្វើឱ្យមុខស្អាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]