ថ្មីៗនេះផ្សិតភ្លៅមាន់ មានការពេញនិយមមែនទែននៅក្នុងការទទួលទាន ជាពិសេសអាហារតាមផ្លូវបែប Street Food តែម្តង ដោយគេយកវាចិតជាបន្ទះប្រឡាក់គ្រឿងអាំង និងយកផ្សិតនេះអាំងជាមួយនឹងអាហារបែបសាច់អាំងជាដើម។ ផ្សិតមួយប្រភេទនេះ ផងដែរ មានឈ្មោះហៅផ្សេងៗគ្នាទៅតាមប្រទេស និងតំបន់នីមួយៗ ដែលរួមមានដូចជា៖ Pleurotus eryngii King Oyster King Brown French Horn King Trumpet Royale និង Eringi ដោយត្រូវបានគេដឹងថាមិនត្រឹមតែមានរសជាតិឆ្ងាញ់ប្លែកដូចសាច់មាន់ខុសពីផ្សិតដទៃផ្សេងទៀតនោះទេ តែក៏មានប្រយោជន៍ច្រើនណាស់ដែរសម្រាប់សុខភាពរាងកាយទូទៅ។

ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីអត្ថប្រយោជន៍របស់ផ្សិតភ្លៅមាន់ចំពោះសុខភាពរាងកាយយើង ដែលមានដូចជា៖

១. កាត់បន្ថយជំងឺមហារីក

ការទទួលទានផ្សិតភ្លៅមាន់ជាប្រចាំ ត្រូវបានគេរកឃើញថាអ្នកជួយកាត់បន្ថយហានិភ័យនៃការរីកលូតលាស់នៃកោសិកាមហារីកនាពេលអនាគត ជាពិសេសគឺជំងឺមហារីកពោះវៀនធំ និងជំងឺមហារីកសុដន់ផងដែរ។

២. សម្បូរទៅសារធាតុសំខាន់ៗមានប្រយោជន៍

នៅក្នុងផ្សិតភ្លៅមាន់មានផ្ទុកនូវសារធាតុរ៉ែ និងវីតាមីនសំខាន់ៗដែលជំនួយដល់សុខភាពរាងកាយបានយ៉ាងល្អដូចជា៖ វីតាមីន D ជំនួយសុខភាពឆ្អឹង រួមទាំងវីតាមីន B12 B13 B3 B5 ជាតិដែក សង្កសី ប៉ូតាស្យូម និងផូស្វ័រ ល្អចំពោះសុខភាពមួយតួខ្លួ។ ជាពិសេសសារធាតុទាំងអស់នេះនៅក្នុងផ្សិតភ្លៅមាន់ ត្រូវបានគេដឹងថាល្អចំពោះរាងកាយជាងការទទួលទានពពួកសាច់ដទៃទៀតផងដែរ។

៣. ពង្រឹងប្រព័ន្ធការពាររាងកាយ

ផ្សិតភ្លៅមាន់ សម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចប្រឆាំងនឹងរ៉ាឌីកាល់សេរីក្នុងរាងកាយ ការពារការរលាករាងលាយ ធ្វើឱ្យប្រព័ន្ធភាពស៊ាំក្នុងខ្លួនកាន់តែរឹងមាំអាចការពារ និងប្រឆាំងនឹងមេរោគបាក់តេរីក្នុងខ្លួនដែលបង្កជាជំងឺផ្សេងៗទៀតផង។ លើសពីនេះវាក៏អាចជំនួយដល់កោសិការាងកាយ និងស្បែកឱ្យមានសុខភាពល្អ រួមទាំងធ្វើឱ្យអ្នកមើលទៅសាច់ចាំស្រស់ស្អាតក្មេងជាងវ៏យផងដែរ។

៤. គ្រប់គ្រងកម្រិតជាតិស្ករក្នុងខ្លួន

ផ្សិតភ្លៅមាន់មានផ្ទុកទៅដោយវីតាមីន D ដែលវីតាមីន D នេះនៅពេលដែលត្រូវស្រូបចូលទៅក្នុងរាងកាយ វាអាចជួយគ្រប់គ្រងកម្រិតអាំងស៊ុយលីនបាន ដែលជាហេតុធ្វើឱ្យជាតិស្ករក្នុងខ្លួនរបស់អ្នកមានតុល្យភាព អាចការពាររាងកាយពីជំងឺទឹកផ្អែមផង ថែមទាំងជាអាហារល្អបំផុតសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមផងដែរ។

៥. បង្កើនថាមពលរាងកាយ

ការទទួលទានផ្សិតភ្លៅមាន់ អាចជំនួយ និងបង្កើនថាមពេលរាងកាយសម្រាប់អ្នកដែលធ្វើការហត់នឿយ និងអស់កម្លាំងបាន។ ហេតុនេះហើយវាគឺជាអាហារល្អបំផុតសម្រាប់អ្នកលេងកីឡាអត្តពលិក ឬអ្នកដែលធ្វើការប្រើកម្លាំងច្រើន។

៦. កម្ចាត់ជាតិខ្លាញ់មិនល្អចេញពីរាងកាយ

កម្រិតជាតិខ្លាញ់មិនល្អច្រើនលើសលប់ពេក អាចបង្កជាជំងឺទាក់ទងនឹងបេះដូង ថែមទាំងធ្វើឱ្យអ្នកធាត់លើសទម្ងន់ទៀតផង។ តែការទទួលទានផ្សិតភ្លៅមាន់ ត្រូវបានគេរកឃើញថាអាចជួយកាត់បន្ថយជាតិខ្លាញ់មិនល្អចេញពីរាងកាយ និងរក្សាទុកតែខ្លាញ់ល្អៗសម្រាប់ការប្រើប្រាស់ចាំបាច់តែប៉ុណ្ណោះ។

# ចំណាំ និងប្រុងប្រយ័ត្ន

- មុនទទួលទានផ្សិតភ្លៅមាន់ សូមធ្វើការលាងសម្អាតឱ្យស្អាតជាមុនសិន
- ការទទួលទានផ្សិតភ្លៅមាន់ច្រើនពេក អាចធ្វើឱ្យមានបញ្ហាប្រព័ន្ធរំលាយអាហារ និងធ្វើឱ្យមានការឈឺចុកចាប់នៅក្នុងពោះ
- សម្រាប់អ្នកដែលទើបតែសាកល្បងទទួលទានផ្សិតភ្លៅមាន់ដំបូង ចូលទទួលទានវាក្នុងបរិមាណតិចល្មមសិនបានហើយ ចៀសវាង និងបង្ការរាងកាយពីការប្រតិកម្មអាហារប្រភេទនេះ។ ប្រសិនជាមានបញ្ហាអាល្លែកក្សីស្បែក ឬអាការក្អួតចង្អោរពេលទទួលទានផ្សិតមួយនេះ បានន័យថារាងកាយរបស់អ្នកប្រតិកម្មជាមួយផ្សិតមួយនេះហើយ ត្រូវបញ្ឈប់ការទទួលទានវាជាបន្ទាន់ និងប្រញាប់ទទួលយកការព្យាបាលពីគ្រូពេទ្យ
- សម្រាប់អ្នកមានជំងឺមហារីក ត្រូវតែចម្អិនផ្សិតមួយប្រភេទនេះឱ្យបានឆ្អិនល្អ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]