រាជធានីភ្នំពេញ ៖ ជាការពិត បញ្ហាការស្លៀកពាក់ សិចស៊ីពេលឡើងឆាកត្រូវបានហាមឃាត់ ដោយសារតែវាបានធ្វើឱ្យប៉ះពាល់ដល់ភាពថ្លៃថ្នូរ  និងវប្បធម៌ ប្រពៃណីខ្មែរ ហើយកន្លងមកបញ្ហានេះ ក៏បានកើតឡើងចំពោះតារាខ្មែរមួយចំនួន ដែលពួកគេបានទទួលមេរៀនយ៉ាងជូរចត់ និងការរិះគន់យ៉ាងចាស់ដៃ ហើយស្ថានីយទូរទស្សន៍ក្នុងស្រុករអាក្នុង ការហៅពួកគេឱ្យឡើងច្រៀងបន្តទៀតដែរ បន្ទាប់ពីពួកគេទាំងនោះចូលចិត្តបង្ហាញនូវស ម្លៀកបំពាក់សិចស៊ីលេចលើលេចក្រោម ពេលដែលខ្លួនកំពុងតែបង្ហាញវត្តមានសម្តែង តាមកញ្ចក់ទូរទស្សន៍សម្រាប់អ្នកទស្សនារាប់លាននាក់នោះ ។

បើរំលឹកពីអតីតកាល គេនៅមិនទាន់អាចភ្លេចនៅឡើយទេថា តារាចម្រៀងសម្បុរស្រអែម នាងជា សុវណ្ណា ត្រូវបានគេមិនអនុញ្ញាតឱ្យឡើងសម្តែងរហូតមកដល់សព្វថ្ងៃ បន្ទាប់ពីតារារូបនេះ បានឡើងច្រៀងនៅក្នុងកម្មវិធីផ្សាយផ្ទាល់ មួយរបស់ស្ថានីយទូរទស្សន៍ស៊ី ធី អិន ដែលនាងបានស្លៀកពាក់សិចស៊ីស្ទើរតែអស់ពីខ្លួន ។ អ្នករៀបចំកម្មវិធីបានបង្ខំចិត្តបញ្ចប់កម្មវិធីត្រឹមពាក់កណ្តាលទី បន្ទាប់ពីមានប្រតិកម្មពីថ្នាក់ដឹកនាំ ។ ចាប់ពីពេលនោះមក ក៏មានបំរាមមួយចេញមកដោយមិនអនុញ្ញាត ឱ្យមានការស្លៀកពាក់សិចស៊ីហួសហេតុ នៅក្នុងការសម្តែងតាមកញ្ចក់ទូរទស្សន៍សម្រាប់តារាខ្មែរឡើយ ។

ដោយឡែក សម្រាប់តារាចម្រៀងឆៃ លីដាឡែន វិញ ក៏ទទួលការរិះគន់យ៉ាងចាស់ដៃផងដែរ បន្ទាប់ពីនាងបានបង្ហាញរូបថតដ៏ស្រើបស្រាលមួយជាមួយតារាប្រុសលោកអេឡិច ចន្ត្រា ។ ដោយឈរលើមូលហេតុនេះ តារាចម្រៀងសម្បុរស្រអែមរូបនេះ ត្រូវបានស្ថានីយទូរទស្សន៍ក្នុងស្រុកមានការខ្លាច រអាក្នុងការហៅនាងមកច្រៀងបន្តទៀត បើទោះបីជានាងបានធ្វើការសុំទោសជាសាធារណៈ និងស្វែងរកការជួយអន្តរាគមន៍ ពីសមាគមសិល្បករខ្មែរក៏ដោយ ៕









បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆៃ លីដាឡែន