ការទទួលទាននៅក្នុងភោជនីយដ្ឋានធម្មតាៗពិតជាសាមញ្ញណាស់មែនទេ? ដើម្បីចង់ឱ្យភ្ញៀវដែលមកទទួលទាន ទទួលបានចំណីអារម្មណ៍ប្លែកថ្មី ជាមួយនឹងគំនិតច្នៃប្រតិដ្ឋផងនោះ នៅតាមបណ្តាប្រទេសនីមួយៗតែងតែព្យាយាមរកអ្វីថ្មីៗកែលម្អភោជនីយដ្ឋានរបស់ខ្លួនកាន់តែពិសេស និងទាក់ទាញអតិថិជនរបស់ខ្លួនផងដែរ ដែលការច្នៃប្រឌិតខ្លះពិតជាអស្ចារ្យ ប្លែក គួរឱ្យចង់សាកល្បងមែនទែន តែភោជនីយដ្ឋានខ្លះអ្នកទទួលទានក៏ត្រូវមានភាពក្លាហានក្នុងការសាកល្បងផងដែរ។

ដូច្នេះថ្ងៃនេះមកតាមដានភោជនីយដ្ឋានកំពូលៗដែលមានភាពចម្លែកប្លែកដាច់គេ ទាំង១៤នេះទាំងអស់គ្នា ថាតើមានអ្វីពិសេសខ្លះ ៖

១. ភោជនីយដ្ឋានបង្គន់ទំនើប (Modern Toilet)

ភោជនីយដ្ឋាននៅតៃវ៉ាន់មួយកន្លែងនេះ បានយកគំនិតគោល(Concept ) ទាក់ទងនឹងសំភារៈបន្ទប់ទឹកទំនើបៗមិនថាតែកៅអីអង្គុយ និងសំភារៈដាក់ម្ហូបអាហារនោះទេ ដោយចានធ្វើឡើងពីចានផ្លាស្ទិករូបរាងជាបង្គន់ជាដើម មិនលើកលែងសូម្បីតែកែវដាក់ការ៉េម។ ទោះបីជាវាមើលទៅរាងញញើតញញើម តែអ្នកដែលមកទទួលទាននៅទីនេះ សុទ្ធតែទទួលស្គាល់ថាម្ហូបអាហារសុទ្ធតែមានរសជាតិឆ្ងាញ់ប្លែកអស្ចារ្យមែនទែន។

ភោជនីយដ្ឋានបង្គន់ទំនើប (Modern Toilet)
ភោជនីយដ្ឋានបង្គន់ទំនើប (Modern Toilet)

២. ភោជនីយដ្ឋាន Sublimotion លើកោះ Ibiza ប្រទេសអេស្ប៉ាញ

ភោជនីយដ្ឋានមួយនេះមិនត្រឹមតែប្លែក តែវាគឺជាភោជនីយដ្ឋានដែលមានតម្លៃថ្លៃខ្លាំងបំផុតមួយផងដែរ ដែលមានទីតាំងស្ថិតនៅក្នុង សណ្ឋាគារ Hard Rock រីសត Playa de Bossa ប្រទេសអេស្ប៉ាញ។ ដោយភ្ញៀវទាំងអស់អាចជ្រើសរើសសាកល្បងម្ហូបអាហារប្លែកៗតាមបច្ចេកវិទ្យាទំនើបៗ ឯបរិយាកាសក្នុងបន្ទប់ទៀតសោត មានការរចនា និងបំពាក់ដោយឧបរណ៍ទំនើបៗតាមបែបវិទ្យាសាស្រ្ត ប្រៀបដូចជាកំពុងតែស្ថិតនៅក្នុងពិភពអស្ចារ្យមួយផ្សេងទៀត។

ភោជនីយដ្ឋាន Sublimotion លើកោះ Ibiza ប្រទេសអេស្ប៉ាញ
ភោជនីយដ្ឋាន Sublimotion លើកោះ Ibiza ប្រទេសអេស្ប៉ាញ

៣. ភោជនីយដ្ឋានលើអាកាស ប្រទេសអារ៉ាប់រួម

ភោជនីយដ្ឋានលើអាកាស ឬ Dinner in the sky ដ៏ចម្លែកអស្ចារ្យមួយនេះស្ថិតនៅក្នុងទីក្រុងឌូប៉ៃ ប្រទេសអារ៉ាប់រួម ដោយតុអាហារត្រូវបានបណ្តែតលើអាកាសកំពស់ផុតពីដីដល់ទៅ ៥០ម៉ែត្រ។ អ្នកនឹងទទួលបានអារម្មណ៍ថ្មីប្លែកជាមួយនឹងភោជនីយដ្ឋានមួយកន្លែងនេះ ជាមួយអាហារដែលមានរសជាតិឆ្ងាញ់ពិសេសផងដែរ។

ភោជនីយដ្ឋានលើអាកាស ប្រទេសអារ៉ាប់រួម
ភោជនីយដ្ឋានលើអាកាស ប្រទេសអារ៉ាប់រួម

៤. ភោជនីយដ្ឋាន Aiguille du Midi រយៈកម្ពស់ ៣៨៤២ម៉ែត្រ

ភោជនីយដ្ឋានដ៏ពិសេស និងមានកម្ពស់ ៣៨៤២ ម៉ែត្រ ដ៏ស្រៀវសាច់មួយនេះ ស្ថិតនៅលើភ្នំ Mont-Blanc របស់ប្រទេសបារាំង។ អ្នកអាចទទួលទានអាហារក្នុងភោជនីយដ្ឋានមួយនេះជាមួយបរិយាកាសប្លែកថ្មី ឬបន្តស្នាក់នៅសណ្ឋាគារនោះបន្តទៀតក៏បាន ជាមួយទេសភាពស្រស់ស្រាយនៅទីនោះ។

ភោជនីយដ្ឋាន Aiguille du Midi រយៈកម្ពស់ ៣៨៤២ម៉ែត្រ
ភោជនីយដ្ឋាន Aiguille du Midi រយៈកម្ពស់ ៣៨៤២ម៉ែត្រ

៥. ភោជនីយដ្ឋាន Huashan Teahouse ប្រទេសចិន

វាចម្លែកបន្តិចដែរ ដែលមានមនុស្សមួយចំនួនសុខចិត្តធ្វើដំណើរផ្សងព្រេងឡើងភ្នំដ៏សែនខ្ពស់កម្ពស់ ២១៦០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ដើម្បីតែទៅទទួលទានទឹកតែនៅលើនោះ។ ទោះជាយ៉ាងណា ជណ្តើរឡើងទៅភ្នំហួរសានមួយនេះ បានត្រូវគេឱ្យឈ្មោះថាជាជណ្តើរឋានសួគ៌ ដែលជាទីកន្លែងប្រាថ្នារបស់អ្នកដែលស្រលាញ់ចូលចិត្តការទទួលទានទឹកតែផងដែរ។

ភោជនីយដ្ឋាន Huashan Teahouse ប្រទេសចិន
ភោជនីយដ្ឋាន Huashan Teahouse ប្រទេសចិន

៦. ភោជនីយដ្ឋានទឹកធ្លាក់ ចម្ការ និងរីសត Villa Escudero

រីសតមួយកន្លែងនេះស្ថិតនៅក្បែរទីក្រុង San Pablo ប្រទេសភីលីពីន ដែលមានភោជនីយដ្ឋានទទួលទានអាហារនៅទីតាំងទឹកធ្លាក់តែម្តង។ តែមិនបាច់បារម្ភទេ ទោះបីជាតុអាហារនៅក្រោមទឹកធ្លាក់មែនពិត តែធានាសុវត្ថិភាពល្អណាស់ ឯជម្រៅទឹកនៅក្រោមតុអាហារត្រឹមតែ ២០សង់ទីម៉ែត្រប៉ុណ្ណោះ។

ភោជនីយដ្ឋានទឹកធ្លាក់ ចម្ការ និងរីសត Villa Escudero
ភោជនីយដ្ឋានទឹកធ្លាក់ ចម្ការ និងរីសត Villa Escudero

៧. ភោជនីយដ្ឋាន Alcatraz E.R គុកមន្ទីរពេទ្យ

Alcatraz E.R គឺជាភោជនីយដ្ឋានមួយនៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន ដែលធ្វើឱ្យអ្នកមកទទួលទានមានអារម្មណ៍ដូចជាកំពុងតែស្ថិតនៅក្នុងគុកមន្ទីរពេទ្យ។ ភោជនីយដ្ឋាននេះមានពន្លឺភ្លើងតិចៗរាងងងឹតបន្តិចស្ទើរគ្រប់ទីកន្លែង ចំណែកអ្នកបម្រើអាហារស្លៀកសំលៀកបំពាក់ឯកសណ្ឋានពេទ្យ ហើយចុងភៅនៅចង្ក្រានបាយស្លៀកពាក់ជាគ្រូពេទ្យវះកាត់ទៀតផង។ បរិយាកាសនៅទីនេះពិតជាប្លែក ហើយពោរពេញទៅដោយភាពភ័យខ្លាចមែនទែន ស័ក្តិសមបំផុតប្រសិនជាមកទទួលទាននៅថ្ងៃ Halloween ជាពិសេសក៏មានការស្នើរសុំដាក់ខ្នោះដៃក្នុងអំឡុងពេលទទួលទានទៀតផង តែអ្នកអាចជ្រើសរើសមិនដាក់ខ្នោះក៏បានដែរ។

ភោជនីយដ្ឋាន Alcatraz E.R គុកមន្ទីរពេទ្យ
ភោជនីយដ្ឋាន Alcatraz E.R គុកមន្ទីរពេទ្យ

៨. ភោជនីយដ្ឋាន Coppa Club ទីក្រុងឡុង៍ ចក្រភពអង់គ្លេស

ភោជនីយដ្ឋានដ៏ពិសេសនេះអាចជួយធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយ ហើយប្រែក្លាយទៅជាការទទួលអាហារដ៏រំភើបអស្ចារ្យមួយផងដែរជាមួយបរិយាកាសតុបតែងជាតង់ថ្លាឆ្លុះដ៏ពិសេសមួយនេះ ប្រៀបបីដូចជាពិភពស្រស់ស្អាតក្នុងរឿងនិទាន។ ទោះជាយ៉ាងណាក៏ដោយ ភោជនីយដ្ឋាននេះមានការពេញនិយម និងល្បីល្បាញមែនទែន ប្រសិនជាអ្នកចង់មកទទួលទានគឺត្រូវការកក់តុទុកមុនផងដែរ។

ភោជនីយដ្ឋាន Coppa Club ទីក្រុងឡុង៍ ចក្រភពអង់គ្លេស
ភោជនីយដ្ឋាន Coppa Club ទីក្រុងឡុង៍ ចក្រភពអង់គ្លេស

៩. ភោជនីយដ្ឋាន Xtracold Icebar Amsterdam

ចង់ទទួលទានអាហារ ឬភេសជ្ជៈ ជាមួយនឹងអារម្មណ៍ត្រជាក់ពិសេស មិនចាំបាច់ទៅកាន់ប៉ូលខាងជើងទៀតទេ ។ ភោជនីយដ្ឋាន Xtracold Icebar Amsterdam ដែលស្ថិតនៅក្នុងប្រទេសហូឡង់មួយកន្លែងនេះគឺជាកន្លែងដែលត្រជាក់គ្រប់រដូវ ជាមួយនឹងសីតុណ្ហភាព ១៩ដឺក្រេ តែមិនបាច់បារម្ភទេ អ្នកបម្រើសេវាកម្មនឹងរង់ចាំផ្តល់ជូននូវសំលៀកបំពាក់ឈុតពិសេសដែលធ្វើឱ្យអ្នកកក់ក្តៅបាន។ អ្នកមិនត្រឹមតែអ្នកទទួលទានអាហារនៅទីនោះជាមួយបរិយាកាសត្រជាក់ប្លែក តែអ្នកក៏អាចរាំរែកជាមួយមិត្តភក្តិនៅទីនោះបានផងដែរ ដែលវាជាកន្លែងរឹតតែពិសេស ប្រសិនជាមកទីនេះនៅក្នុងរដូវក្តៅ។

ភោជនីយដ្ឋាន Xtracold Icebar Amsterdam
ភោជនីយដ្ឋាន Xtracold Icebar Amsterdam

១០. ភោជនីយដ្ឋាន The Rock លើកោះ Zanzibar កណ្តាលមហាសមុទ្រឥណ្ឌា

ភោជនីយដ្ឋានមួយនេះ ស្ថិតនៅលើទួលដុំថ្មមួយកន្លែង ដែលការតុបតែងរចនាមិនជាល្អអស្ចារ្យពិសេសណាស់ណាទេ តែធ្វើឱ្យអ្នកមានអារម្មណ៍ប្លែកជាមួយនឹងបរិយកាសជុំវិញ ។ ទោះជាយ៉ាងនេះក្តី ភោជនីយដ្ឋាននេះនៅឆ្ងាយពីទីប្រជុំជនណាស់ ហើយប្រសិនជាចង់ទៅទីនោះ អ្នកត្រូវតែធ្វើដំណើរដោយទូក។

ភោជនីយដ្ឋាន The Rock លើកោះ Zanzibar កណ្តាលមហាសមុទ្រឥណ្ឌា
ភោជនីយដ្ឋាន The Rock លើកោះ Zanzibar កណ្តាលមហាសមុទ្រឥណ្ឌា

១១. ភោជនីយដ្ឋាន Giraffe Manor ទីក្រុង Nairobi ប្រទេសកេនយ៉ា

Giraffe Manor មិនត្រឹមតែជាសណ្ឋាគារ តែក៏មានភោជនីយដ្ឋានប្លែកភ្នែកមួយផងដែរ ដែលលោកអ្នកអាចទទួលបានអារម្មណ៍ថ្មីមួយ ជាការទទួលទានជាមួយសត្វកវែង។ រាល់ពេលអ្នកទទួលទានសត្វកវែងនឹងអើតក្បាលចូលមកតុអាហាររបស់អ្នក ឬអាចនឹងលួចអាហាររបស់អ្នកផងដែរ។ សម្រាប់អ្នកដែលស្រលាញ់ធម្មជាតិ និងចង់ទទួលបានអារម្មណ៍ស្រស់ស្រាយ ភោជីយដ្ឋានមួយនេះពិតជាស័ក្តសមឱ្យអ្នកមានសាកល្បងមកកម្សាន្តខ្លាំងណាស់។

ភោជនីយដ្ឋាន Giraffe Manor ទីក្រុង Nairobi ប្រទេសកេនយ៉ា
ភោជនីយដ្ឋាន Giraffe Manor ទីក្រុង Nairobi ប្រទេសកេនយ៉ា

១២. ភោជនីយដ្ឋាន Ctaste ទទួលទានក្រោមបរិយាកាសងងឹតស្លុប

ភោជនីយដ្ឋានមួយនេះស្ថិតនៅក្នុងទីក្រុង Amsterdam ប្រទេសហូឡង់ ដែលជាភោជនីយដ្ឋានមួយទទួលទានស្ថិតនៅក្នុងបរិយកាសងងឹតស្លុបសូន្យឈឹងតែម្តង។ អ្នកអាចត្រឹមស្តាប់ និយាយ ហិតក្លិន និងមានអារម្មណ៍ចំពោះបរិយកាសនៅទីនោះតែប៉ុណ្ណោះ ដែលវាគឺជាគំនិតមួយថ្មីប្លែក ធ្វើឱ្យអ្នកទទួលទានអាចផ្តោតអារម្មណ៍សំខាន់ទៅលើ រសជាតិម្ហូបអាហាបានខ្លាំងជាងមុន។ បន្ថែមពីនេះអ្នកបម្រើសេវាកម្មគឺសុទ្ធតែជាជនពិកាដែលមានជំនាញបម្រើលោកអ្នកនៅទីងងឹត ហើយវាក៏ធ្វើឱ្យអ្នកកាន់តែយល់ច្បាស់ពីអារម្មណ៍ជនពិការផងដែរ។

ភោជនីយដ្ឋាន Ctaste ទទួលទានក្រោមបរិយាកាសងងឹតស្លុប
ភោជនីយដ្ឋាន Ctaste ទទួលទានក្រោមបរិយាកាសងងឹតស្លុប

១៣. រីសត Soneva Kiri ប្រទេសថៃ

រីសតមួយនេះមានភោជនីយដ្ឋានធ្វើពីសម្បុកសត្វមួយកន្លែង ដែលមានកម្ពស់ផុតពីដីប្រមាណជាជិត ៥ម៉ែត្រ ដែលធ្វើឱ្យអ្នកទទួលទានមានអារម្មណ៍ប្លែក ស្រស់ស្រាយ ជាមួយនឹងទេសភាពជុំវិញបែបធម្មជាតិ បែបឯកជនដ៏ប្រណីតអស្ចារ្យមួយនេះ។ នៅក្នុងនោះផងដែរ អ្នកបម្រើសេរវាកម្មនឹងលើកអាហារជូនអ្នកដោយប្រើខ្សែរ៉តទៀតផង។

រីសត Soneva Kiri ប្រទេសថៃ
រីសត Soneva Kiri ប្រទេសថៃ

១៤. ភោជនីយដ្ឋានក្រោមទឹក កោះម៉ាឌីវ

កោះម៉ាឌីវមិនត្រឹមតែមានទេសភាពទឹកសមុទ្រដ៏ស្រស់ស្អាត តែក៏មានបើកនូវភោជនីយដ្ឋានក្រោមទឹកនៅក្នុងរីសត Anantara Kihavah Villa ដ៏អស្ចារ្យប្លែកភ្នែកមួយកន្លែងផងដែរ ជាមួយនឹងការគយគន់ពិភពក្រោមទឹកផ្ទាល់ភ្នែកតែម្តង។ អ្នកនឹងមានភាពភ្ញាក់ផ្អើលក្នុងពេលកំពុងតែទទួលទាន ដោយសារតែជុំវិញអ្នកពោរពេញដោយសត្វត្រី ត្រីឆ្លាម អណ្តើក និងទស្សនីយភាពសត្វក្រោមទឹកដទៃទៀតពិតៗយ៉ាងពិសេសទៀតផង៕

ភោជនីយដ្ឋានក្រោមទឹក កោះម៉ាឌីវ
ភោជនីយដ្ឋានក្រោមទឹក កោះម៉ាឌីវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]