អូស្រ្តាលី៖ លោក Nick Vujicic កើតនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៨២ ក្នុងប្រទេសអូស្រ្តាលី។ លោកគឺជាអ្នកផ្សព្វផ្សាយដំណឹងល្អរបស់សាសនាគ្រីស្ទាន និងជាអ្នកនិយាយបំផុសគំនិត (motivational speaker)។ លោកកើតមកគឺគ្មានដៃ និងគ្មានជើងនោះទេ។ នៅពេលលោកកើតមកភ្លាម ម្តាយលោកបានបិដិសេធមើលរូបលោក ខណៈពេលគិលានុបដ្ឋាយិកាបានបីលោកឱ្យគាត់មើល។

លោក Nick Vujicic
លោក Nick Vujicic

លោក Nick បាននិយាយថា៖

«ពេលខ្ញុំកើតមក សូម្បីតែឪពុកខ្ញុំស្ទើរតែសន្លប់ និងក្អួតទៅហើយ នៅពេលគាត់ឃើញខ្ញុំ ហើយគិលានុបដ្ឋាយិកាត្រូវនាំគាត់ចេញទៅក្រៅ។»

លោកមិនត្រឹមតែមានការលំបាកក្នុងការធ្វើរឿងនានាជាប្រចាំថ្ងៃនោះទេ ប៉ុន្តែលោកថែមទាំងត្រូវបានមិត្តរួមសាលាមើលងាយ និងឌឺឌងលេងសើចដាក់ថែមទៀត ព្រោះតែកាយសម្បទានរបស់លោកមិនពេញលេញដូចគេ។ 

លោក Nick បានបន្តនិយាយថា៖

«ក្មេងទាំងនោះសើចចំអកដាក់ខ្ញុំ និងមិនឱ្យខ្ញុំលេងហ្គេមជាមួយពួកគេនោះទេ។» 

កាលពីក្មេង លោកពិតជាឯកោ និងបាក់ទឹកចិត្តជាខ្លាំង ហើយលោកធ្លាប់គិតថា លោកគ្មានមូលហេតុអ្វី ត្រូវរស់នៅលើលោកនេះទេ។ លោកមិនអាចរកការងារធ្វើបាននឹងគេ, សូម្បីតែស្លៀកពាក់ខ្លួនឯងក៏លោកមិនអាចធ្វើបាន, ហើយលោកក៏មិនអាចមានមិត្តស្រីនឹងគេផងដែរ ហើយនេះជាអ្វីដែលលោកតែងតែគិតនៅក្នុងខួរក្បាលរបស់លោកជាប់ជានិច្ច។ ដូច្នេះកាលអាយុ ៨ឆ្នាំ លោកមានបំណងចង់សម្លាប់ខ្លួន និងអាយុ ១០ឆ្នាំ ព្រោះតែបាក់ទឹកចិត្តខ្លាំងពេក លោកក៏បានសម្រេចចិត្តថាធ្វើអត្តឃាត ដោយការជ្រមុជទឹកនៅក្នុងអាងហែលទឹកយកតែម្តង។

លោក Nick Vujicic កាលពីកុមារភាព
លោក Nick Vujicic កាលពីកុមារភាព

«ខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្មានតម្លៃរស់នៅលើលោកនេះទេ ហើយខ្ញុំនឹងក្លាយទៅជាបន្ទុករបស់ឪពុកម្តាយខ្ញុំ។» (សម្តីរបស់លោក Nick)

ខណៈពេលកំពុងតែជ្រមុជទឹកស្ទើរតែស្លាប់ទៅហើយ ស្រាប់តែលោកនឹកឃើញរូបភាពនានាដែលឪពុកម្តាយរបស់លោកច្បាស់ជាឈឺចិត្តជាខ្លាំង នៅពេលឃើញកូនប្រុសស្លាប់បែបនេះ។ រំពេចនោះលោកក៏ងើបឡើងវិញ។ ដូច្នេះការធ្វើអត្តឃាតរបស់លោកមិនបានសម្រេចនោះទេ។

ក្រោយមក ថ្ងៃមួយម្តាយលោក Nick បានបង្ហាញរូបបុរសម្នាក់នៅក្នុងកាសែតឱ្យលោកមើលដោយបុរសម្នាក់នោះក៏អត់ដៃ និងអត់ជើងដូចជាលោកផងដែរ។

លោក Nick Vujicic

ពេលនោះ ធ្វើឱ្យលោកយល់ថា នៅលើលោកនេះមិនមែនមានតែលោកម្នាក់នោះទេ ដែលកើតមកគ្មានដៃ គ្មានជើងនោះ។

ចាប់តាំងពីពេលនោះមក អ្វីៗគ្រប់យ៉ាងចាប់ផ្តើមផ្លាស់ប្តូរទាំងស្រុង។ លោក Nick ចាប់ផ្តើមទទួលស្គាល់ការពិត។ លោកចាប់ផ្តើមរៀនប្រើប្រាស់ម្រាមជើងតូចដើម្បីសរសេរ, ហែលទឹក និងលេង។ 

លោក Nick Vujicic

លោកបាន និងកំពុងធ្វើដំណើរជុំវិញពិភពលោក ដើម្បីចែករំលែករឿងរ៉ាវជីវិតរបស់លោក ក៏ដូចជាលើកទឹកចិត្តមនុស្សកុំឱ្យអស់សង្ឃឹមនៅក្នុងជីវិត។ លោក Nick ក៏ធ្លាប់មកប្រទេសកម្ពុជាយើងផងដែរ ដើម្បីចែករំលែករឿងជីវិតរបស់លោក និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរយើងឱ្យមានក្តីសង្ឃឹមនៅក្នុងជីវិត។

សព្វថ្ងៃនេះ លោក Nick Vujicic មានអាយុ ៣៦ឆ្នាំ, រៀបការជាមួយនឹងអ្នកនាង Kanae Miyahara ហើយលោកមានកូនប្រុស-ស្រីចំនួន ៤នាក់។ លោកគឺជាអ្នកនិយាយបំផុសគំនិតដ៏ល្បីម្នាក់នៅលើពិភពលោក។ 

រឿងជីវិតរបស់លោក Nick បានប្រាប់យើងថា៖ 

«ប្រសិនបើអ្នកមិនអាចមានអព្ភូតហេតុ ចូលធ្វើជាអព្ហូតហេតុសម្រាប់អ្នកដទៃ៕» (សម្តីរបស់លោក Nick)

សូមទស្សនារូបថត និងវីដេអូខាងក្រោម៖

រូបលោក Nick Vujicic ធ្លាប់មកខ្មែរ
គ្រួសារលោក Nick Vujicic
លោក Nick Vujicic និងភរិយា
រូបលោក Nick Vujicic ធ្លាប់មកខ្មែរ
លោក Nick Vujicic កាលពីកុមារភាព
លោក Nick Vujicic
លោក Nick Vujicic កាលពីកុមារភាព
លោក Nick Vujicic កាលពីកុមារភាព
លោក Nick Vujicic
លោក Nick Vujicic

ប្រភព៖ IMDb

ប្រភព៖ Life Without Limbs // Nick Vujicic

ប្រភព៖ Nick Vujicic - Wikipedia

ប្រភព៖ thefamouspeople

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]