ចិន៖ គ្រូកីឡានៅអនុវិទ្យាល័យមួយកន្លែងក្នុងស្រុកចិន ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ធ្វើការកោតសរសើរជាខ្លាំង បន្ទាប់ពីលោកគ្រូបានដឹងនាំសិស្ស ៤០០ នាក់ រាំហាត់ប្រាណបានស្រុះគ្នាបានយ៉ាងល្អឥតខ្ចោះតាមបទចម្រៀង «Dura» របស់លោក Daddy Yankee

លោកមានឈ្មោះ Zhang Guannan ជាគ្រូកីឡាបង្រៀននៅអនុវិទ្យាល័យមួយកន្លែងក្នុងទីក្រុង Pingliang ខេត្ត Gansu។

វីដេអូរាំរបស់លោក ត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គមចិនកាលពីពេលថ្មីៗនេះបានឱ្យដឹងថា លោកគ្រូ Zhang បានដឹកនាំសិស្សចំនួន ៤០០ នាក់ដែលស្លៀកពាក់ឯកសណ្ឋានពណ៌ខៀវ រាំបានស្រុះគ្នាយ៉ាងល្អបំផុត។ 

គួរឱ្យដឹងផងដែរ រដ្ឋាភិបាលចិនកំពុងតែដុតដៃដុតជើងឱ្យប្រជាជនធ្វើលំហាត់ប្រាណតាំងពីថ្នាក់បឋមមកម្ល៉េះ ដូច្នេះការរាំ ឬហាត់ប្រាណនានាគឺជាតម្រូវការចាំបាច់សម្រាប់សិស្សទាំងអស់ មិនថាសិស្សបឋម និងសិស្សអនុវិទ្យាល័យនោះទេ។

លោកគ្រូ Zhang បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖

«ក្រោមការជះឥទ្ធិពលនៃបណ្តាញសង្គម និងប្រព័ន្ធអ៊ីនធើណេត សិស្សជាច្រើនយល់ថា ម៉ោងកីឡាពិតជាធុញទ្រាំ និងគ្មានបានការ។»

លោកបានបន្តនិយាយថា៖

«ក្មេងជំនាន់ក្រោយយើងចូលចិត្តបទភ្លេងញាក់ៗសប្បាយៗ។ ដូច្នេះចង្វាក់ភ្លេងនេះពិតជាឡូយដើម្បីទាក់ទាញសិស្សឱ្យរាំហាត់ប្រាណជារៀងរាល់ថ្ងៃ។»

«ដំបូងឡើយ សិស្សមួយចំនួនដូចជាមានការស្ទាក់ស្ទើរនៅក្នុងការរៀនរាំ ប៉ុន្តែក្រោយមក ពួកគេក៏សប្បាយរីករាយក្នុងការរាំបែបនេះ។»

លោកគ្រូ បានបន្ថែមទៀតថា៖

«វាគឺជារឿងដែលមិនអាចចៀសផុតនោះទេ សម្រាប់ភាពខុសគ្នារវាងជំនាន់យើង និងជំនាន់សិស្សរបស់យើង ប៉ុន្តែអ្វីដែលសំខាន់នោះ គឺក្នុងនាមជាគូ្រម្នាក់ យើងត្រូវតែស្វែងរកគំនិតច្នៃប្រឌិតថ្មីៗដើម្បីអភិវឌ្ឍន៍ឱ្យវាមានតុល្យភាពគ្នា។ នោះវានឹងមានភាពងាយស្រួលសម្រាប់យើងដើម្បីស្វែងយល់ពីពិភពសិស្សរបស់យើង។»

យ៉ាងណាមិញ មានអ្នកប្រើប្រាស់បណ្តាញសង្គមចិន Weibo ជាច្រើនបានកោតសរសើរនឹងគំនិតច្នៃប្រឌិតរបស់លោកគ្រូនេះជាខ្លាំង។

អ្នកខ្លះបាននិយាយថា៖

«លោកគ្រូនេះពិតជាមានគំនិតច្នៃប្រឌិតមែនពិត វាគឺជារឿងដែលល្អប្រសើរសម្រាប់ហាត់ប្រាណផង ហើយសប្បាយផង៕» 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]