ម៉ាឡេស៊ី៖ កាលពីពេលថ្មីៗនេះ អ្នកនិយមលេងបណ្តាញសង្គមម្នាក់ក្នុងប្រទេសម៉ាឡេស៊ី បានបង្ហោះរូបសត្វឆ្កែរបស់ខ្លួន ដោយមានភ្ជាប់ជាមួយនឹងកូនសៀវភៅពណ៌ខៀវតូចមួយ ដែលជាលិខិតឆ្លងដែនសត្វចិញ្ចឹម ចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងដល់សំណាក់មហាជន។ 

ក្នុងពេលជាមួយគ្នានោះ បុរសដែលជាម្ចាស់ឆ្កែខាងលើក៏ បានសរសេរអក្សររៀបរាប់ក្នុងរូបនោះបន្ថែមថា “ បច្ចុប្បន្ននេះ មនុស្សចាំបាច់ត្រូវមកឯកសារសំគាល់ខ្លួន អីចឹងសត្វឆ្កែក៏ត្រូវមានឯកសារសម្រាប់សំគាល់ខ្លួនដូចគ្នា”។  

រូបឆ្កែនិងលិខិតឆ្លងដែនរបស់វា
រូបឆ្កែនិងលិខិតឆ្លងដែនរបស់វា

យោងតាមការបញ្ជាក់របស់សារព័ត៌មានម៉ាឡេស៊ីមួយបានអះអាងថា ប្រជាជនម៉ាឡេស៊ីទាំងអស់ អាចយកសត្វចិញ្ចឹមរបស់ពួកគេ ទៅចុះឈ្មោះធ្វើប័ណ្ណសម្គាល់អត្តសញ្ញាណ និង លិខិតឆ្លងដែនសត្វបានតាំងពីឆ្នាំ២០១០មកម្ល៉េះ។

មិនតែប៉ុណ្ណោះ ឯកសារសំគាល់ខ្លួនសត្វចិញ្ចឹមទាំងអស់នេះត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលម៉ាឡេស៊ីផ្ទាល់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រព័ន្ធតាមដានសុខភាពសត្វនៅប្រទេសម៉ាឡេស៊ី ហៅកាត់ថា ( MATs )។ លិខិតឆ្លងដែនសត្វចិញ្ចឹមនេះត្រូវបានរៀបចំដោយនាយកដ្ឋានសេវាកម្មពេទ្យសត្វក្នុងប្រទេសម៉ាឡេស៊ី
( Department of Veterinary Services Malaysia) ផ្ទាល់។ 

បច្ចុប្បន្ននេះ សត្វចិញ្ចឹមដែលប្រជាជនម៉ាឡេស៊ីអាច យកទៅចុះឈ្មោះធ្វើប័ណ្ណសម្គាល់ខ្លួនឫលិខិតឆ្លងដែនបានមានដូចជា ឆ្កែ, ឆ្មា, សេះ និង ទន្សាយតែប៉ុណ្ណោះ។ ក្នុងអំឡុងពេលចុះឈ្មោះនេះ សត្វចិញ្ចឹមទាំងអស់នោះនឹងត្រូវបានគេយកទៅពិនិត្យសុខភាព ថតរូបភាព និង កត់ត្រាព័ត៌មានដែលទាក់ទងចូលក្នុងសៀវភៅកំណត់ហេតុតែម្តង។

រូបឆ្កែនិងលិខិតឆ្លងដែនរបស់វា

បន្ទាប់ពីចុះឈ្មោះហើយ បុគ្គលិកជំនាញរបស់នាយកដ្ឋានសេវាកម្មពេទ្យសត្វខាងលើ នឹងចាក់បញ្ចូលបន្ទះឈីបតូចមួយ ចូលក្នុងស្បែកសត្វចិញ្ចឹមទាំងអស់នោះ ដើម្បីពិនិត្យសុខភាព គ្រប់គ្រងជំងឺ និង តាមដានសកម្មភាពរបស់ពួកវានៅពេលវង្វេងប្រៀបដូចជាប្រព័ន្ធ GPS អីចឹង។ 

វាពិតជាមានសារសំខាន់ណាស់ក្នុងការចុះឈ្មោះបង្កើតប័ណ្ណសម្គាល់ខ្លួនឲ្យសត្វចិញ្ចឹមនេះ ព្រោះថាមន្ត្រីគយតាមព្រំដែននៅមានភាពងាយស្រួលមួយកម្រិតទៀត នៅពេលដែលពួកគេបានឃើញនូវឯកសារបញ្ជាក់ពីសុខភាពសត្វចិញ្ចឹម និង ការចាក់ថ្នាំបង្ការផ្សេងៗ ក្នុងករណីដែលម្ចាស់សត្វចិញ្ចឹមមាន គម្រោងចង់យកពួកវាទៅដើរលេងជាមួយគ្នា។ 

បើនិយាយពីតម្លៃវិញ ការចុះឈ្មោះធ្វើប័ណ្ណសម្គាល់ឲ្យសត្វឆ្កែមួយក្បាលរួមបញ្ចូលទាំងបន្ទះឈីបមានតម្លៃត្រឹមតែ១,៧២ដុល្លារតែប៉ុណ្ណោះ។ ខណៈសត្វឆ្មា, សេះ, និង ទន្សាយមានតម្លៃ២,២១ដុល្លារបូករួមទាំងបន្ទះឈីបដូចគ្នា៕ 

ការចុះឈ្មោះធ្វើលិខិតឆ្លងដែនសត្វ
ការចុះឈ្មោះធ្វើលិខិតឆ្លងដែនសត្

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]