ភ្នំពេញ៖ ការទន្ទឹងរង់ចាំ និងភាពរំភើបរីករាយរបស់សិស្សានុសិស្ស បុគ្គលិកការងារ មាតាបិតារបស់សិស្ស និងពីសំណាក់មហាជនក្នុងការប្រារព្ធកម្មវិធីសប្បុរសធម៌ ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែររបស់សាលា ACE កាន់តែខិតជិតមកដល់ហើយ។ ក្រោមការរៀបចំរបស់គណៈកម្មការសង្គមរបស់ IDP និង ACE និងចូលរួមដឹកនាំដោយអគ្គរាជទូតសុឆន្ទៈសិស្ស និងបុគ្គលិករបស់សាលា ACE ទាំងអស់ កម្មវិធីសប្បុរសធម៌ ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរនេះ នឹងធ្វើទ្បើងនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៩ រយៈពេលមួយថ្ងៃពេញ (ចាប់ពីម៉ោង ៨:៣០ ព្រឹក ដល់ ៥:០០ ល្ងាច) នៅសាលា ACE ទីតាំងទួលទំពូង។

ការដើរបង្ហាញម៉ូតរបស់អគ្គរាជទូតសុឆន្ទៈសិស្សសាលា ACE

គួរបញ្ជាក់ផងដែរថា កម្មវិធីសប្បុរសធម៌នេះមិនត្រឹមតែមានគោលបំណងរកមូលនិធិជួយកសាងបង្គន់អនាម័យ និងអណ្ដូងទឹកដល់សាលារៀនតាមជនបទប៉ុណ្ណោះទេ តែក៏ជួយផ្សព្វផ្សាយវប្បធម៌ប្រពៃណី និងគំនិតចែករំលែកទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈផងដែរ។

ការសម្ដែងរបស់សិស្សានុសិស្ស

ដោយឡែកសម្រាប់ព្រឹត្ដិការណ៍ឆ្នាំនេះ នឹងមានលក្ខណៈប្លែកជាងបណ្ដាឆ្នាំមុនៗបន្តិចដោយសិស្សានុសិស្ស និងអាណាព្យាបាលត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីសូត្រមន្ដ និងរាប់បាត្រនៅពេលព្រឹកចាប់ពីម៉ោង ៨:៣០ ដល់ ១០:២០ ដោយសេរី។ សម្រាប់កម្មវិធីនៅពេលព្រឹកនេះដែរ នឹងមានការទេសនាផ្ដល់ឱវាទដោយព្រះភិក្ខុ សត្យមុនីបុត្តោ ជា សុមាលា (ព្រះអគ្គនាយកវិទ្យុមាលា) និងពិធីប្រគេនទេយ្យទាន និងរាប់បាត្រព្រះសង្ឃចំនួន ៧០ អង្គផងដែរ។ 

ដោយទ្បែកសម្រាប់កម្មវិធីនៅពេលរសៀល (តម្រូវឲ្យមានសំបុត្រចូលរួម) អ្នកចូលរួមទាំងអស់អាចទទួលទានអាហារថ្ងៃត្រង់ និងភ្លក់រសជាតិម្ហូបអាហារបែបខ្មែរ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ជុំគ្នា។ លើសពីនេះទៀត អ្នកចូលរួមនឹងមានឱកាសបានទស្សនានូវម៉ូតសម្លៀកបំពាក់របស់ខ្មែរយើង ទៅតាមសម័យកាលនីមួយៗ (ចាប់ពីសម័យមុនអង្គររហូតដល់សម័យឧដ្តុង្គ) និងឧបករណ៍តន្រ្ដីបុរាណផងដែរ។ ហើយអ្វីដែលកាន់តែពិសេសនោះ គឺអ្នកចូលរួមទាំងអស់ក៏អាចទទួលបាននូវអារម្មណ៍មួយដែលពួកគេហាក់ដូចជាកំពុងស្ថិតនៅក្នុងសម័យកាលណាមួយ ដោយពួកគេអាចស្លៀកសម្លៀកបំពាក់របស់សម័យកាលនីមួយៗដែលខ្លួនពេញចិត្ត។ លើសពីនេះទៅទៀតអ្នកចូលរួមនឹងមានឱកាសរាំលេងកម្សាន្ដទៅតាមចង្វាក់ប្រពៃណី និងលេងល្បែងប្រជាប្រិយជាច្រើនទៀត។

ការលេងល្បែងប្រជាប្រិយរបស់អ្នកចូលរួម

មួយវិញទៀតសម្រាប់អ្នកដែលចូលចិត្ត ឬអ្នកដែលចង់ហាត់ Yoga អាចអញ្ជើញចូលរួមបានណា ព្រោះយើងក៏មានបន្ទប់សម្រាប់ហាត់ Yoga ដែលបង្រៀនដោយគ្រូជំនាញផងដែរ។ ជាចុងក្រោយក៏នឹងមានការតាំងពិព័រណ៍ស្ដង់ជាច្រើនរួមមាន ស្តង់មកពីស្ថាប័នដែលបានឧបត្ថម្ភកម្មវិធី ស្តង់លក់ម្ហូបអាហារបែបខ្មែរ ភេសជ្ជៈ និងវត្ថុអនុស្សារីយ៍ ដើម្បីជួយគាំទ្រដល់សកម្មភាពសប្បុរសធម៌នេះផងដែរ។

សំបុត្រចូលរួមកម្មវិធីមានលក់នៅគ្រប់ទីតាំងសាលា ACE ទាំងអស់នៅភ្នំពេញ (ទីតាំងសម្ដេចប៉ាន ទីតាំងសន្ធរម៉ុក ទីតាំងទួលទំពូង និងទីតាំងទួលគោក) ឬទំនាក់ទំនងតាមរយៈ ០២៣ ២២២ ៣២៥ / ០៩៦ ៧៣០០ ៩២១ ឬ Facebook page: ACE Charity

សំបុត្រចូលរួមមួយតម្លៃតែ ២០ ០០០ រៀល ប៉ុណ្ណោះ (មានអាហារថ្ងៃត្រង់ជូន) ថវិកាដែលទទួលបានពីកម្មវិធីនឹងយកជួយកសាងបង្គន់អនាម័យ និងអណ្ដូងទឹកដល់សាលារៀនតាមជនបទ៕

នៅចាំអីទៀត កុំភ្លេចចូលរួមទាំងអស់គ្នាណា៎! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]