(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងស្នើសុំការយោគយល់ពីប្រជាពលរដ្ឋ ដូចជាមន្ត្រីរាជការទាំងអស់ ព្រោះនៅឆ្នាំក្រោយ នឹងមានការកាត់បន្ថយថ្ងៃឈប់សម្រាកខ្លះ ដោយសម្តេចចាត់ទុក ការកាត់បន្ថយថ្ងៃឈប់សម្រាកនេះ គឺជាការធ្វើកំណែទម្រង់ ដើម្បីធានាដល់ដំណើរការ នៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ដោយមិនខ្វល់ថាមាន ឬ គ្មាន EBA នោះទេ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញ ប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ សរុប ១,៩១៨នាក់ នារី៧១៣នាក់ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាជាប្រទេសក្រីក្រ ក៏ប៉ុន្តែការឈប់សម្រាកនៅប្រទេសរបស់យើង គឺច្រើនជាងប្រទេសអ្នកមាន។ សិង្ហបុរីគេសម្រាកតែ១១ថ្ងៃទេ ក្នុងពេលដែលកម្ពុជសម្រាក២៨ថ្ងៃទៅ៣០ថ្ងៃ ។ អីចឹងប្រទេសយើងក្រប៉ុន្តែ គឺយើងឈប់សម្រាកច្រើនណាស់ ដូច្នេះសូមការយោគយល់អធ្យាស្រ័យមិនអីចឹង អ្នករកស៊ីទាំងអស់រត់ចោលយើង ដោយតែម្ខាងឡើងប្រាក់ខែ ម្យ៉ាងទៀតឈប់សម្រាកកាន់តែច្រើន អីចឹងទេឆ្នាំក្រោយអាចនឹងកាត់បន្ថយថ្ងៃឈប់សម្រាក»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា «អ្នករកស៊ីនៅប្រទេសរបស់យើង យើងគិតតែទារឡើងប្រាក់ខែ ទារថ្ងៃឈប់សម្រាកឲ្យបានកាន់តែច្រើន អីចឹងអ្នករកស៊ីនឹងចាកចេញពីយើង។ យើងធ្វើនេះដោយមិនគិតថា មានភាពអនុគ្រោះ ឬមួយអត់ភាពអនុគ្រោះ គឺគិតតែពីកម្លាំងខ្លួនឯង ប្រឹងឲ្យក្លាយជាប្រទេសដែលមានការអភិវឌ្ឍមួយ ដោយមិនពឹងពាក់ភាពអនុគ្រោះពីនរណាទាំងអស់ ដើម្បីកុំឲ្យប្រទេសរបស់យើង ត្រូវទទួលរងនូវការប្រមាថ ហើយកង្វល់របស់គេត្រូវចាប់បង្ខំឲ្យយើងជាអ្នកអនុវត្តន៍ គឺអត់ទេ»។

បើតាមសម្តេចតេជោ ហ៊ុន សែន ក្រៅពីការកាត់បន្ថយថ្ងៃឈប់សម្រាក ការសម្រួលនីតិវិធីក្នុងការពិនិត្យកុងតឺន័រ និងកាត់បន្ថយថ្លៃអគ្គិសនី ក៏ស្ថិតក្នុងកញ្ចប់នៃការធ្វើកំណែទម្រង់នេះផងដែរ។

សូមជម្រាបថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងដាក់ចេញការធ្វើកំណែទម្រង់លើការធ្វើធុរកិច្ចនៅប្រទេសកម្ពុជា ជាកញ្ចប់ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម ខណៈថ្មីៗនេះ សម្តេចតេជោទើបបានសម្រេច ដកកាំកុងត្រូលចេញពីច្រកទ្វារព្រំដែន លុបចោលស្ថាប័នកាំសាប ជាមួយនឹងការសម្រួលការធ្វើធុរកិច្ចមួយចំនួនទៀត៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]