មនុស្សជាតិពីសម័យកាលមួយ ទៅសម័យកាលមួយ នៃប្រទេសនានាលើពិភពលោក តែងតែព្យាយាមសាងសង់សំណង់ជាច្រើន ដើម្បីបន្សល់ទុកស្នាដៃជាច្រើនដល់មនុស្សជំនាន់ក្រោយឱ្យបានស្គាល់ និងយល់ដឹង។ ដោយសំណង់មួយចំនួន ត្រូវបានគេដឹងថា ភាគច្រើនសាងសង់ឡើងដើម្បីតំណាងឱ្យសិល្បៈវប្បធម៌អរិយធម៌របស់ប្រទេសនីមួយៗ សំណង់ខ្លះដើម្បីឧទ្ទិសដល់សាសនា រម្លឹកដល់បុគ្គលល្បីៗមានស្នាដៃ ឯសំណង់ខ្លះទៀតគឺបម្រើឱ្យវិស័យនយោបាយ និងដើម្បីជំរុញទឹកចិត្តអ្វីមួយជាដើម។

ទោះជាយ៉ាងនេះក្តីសំណង់អស្ចារ្យទាំងនោះមិនមែនងាយស្រួលសាងសង់ឡើយ ដោយសំណង់ខ្លះប្រើពេលរាប់រយ ឬដល់ពាន់ឆ្នាំឯណោះ ទៅតាមទំហំ និងការរចនាបថផ្សេងៗដាច់ដោយឡែកពីគ្នា។

ដូច្នេះថ្ងៃនេះយើងខ្ញុំ នឹងលើកឡើងពីរយៈពេលសាងសង់របស់សំណង់អគារដ៏អស្ចារ្យទាំង ២០នៅលើលោក ក្នុងនោះក៏មានប្រាសាទអង្គរវត្តប្រទេសកម្ពុជាយើងដែរ៖

១. The Coliseum ទីក្រុងរ៉ូម

សំណង់អគារមួយនេះ គឺជាសំណង់ដែលមានភាពល្បីល្បាញមួយរបស់រ៉ូម៉ាំង ដែលត្រូវបានគេដឹងថាប្រើពេលសាងសង់រយៈពេល ១០ឆ្នាំ គឺចាប់ពីឆ្នាំ ៧០ ដល់ឆ្នាំ ៨០ សម្រាប់ធ្វើជាកន្លែងប្រារព្ធពិធីជួបជុំក្រុមយោធា ដែលអាចផ្ទុកចំនួនមនុស្សបានប្រមាណជា ៥ម៉ឺននាក់ ទៅ ៨ម៉ឺននាក់។ អគារនេះមានប្រវែងជាង ១៨៨ម៉ែត្រ និងកម្ពស់ ជាង ៤៨ម៉ែត្រ ដែលជាសំណង់អគារដ៏ល្អអស្ចារ្យមួយមួយផងដែររបស់អ៊ីតាលី ថែមទាំងមានបន្ទប់ក្រោមដីក្នុងអគារនេះទៀតផង។

The Coliseum ទីក្រុងរ៉ូម
The Coliseum ទីក្រុងរ៉ូម

២. ប្រាសាទ The Parthenon

អគារដ៏ល្បីល្បាញមួយនេះបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំទី ៥មុនគ.ស រហូតដល់ឆ្នាំទី ១២ នៃគ.ស ដែលប្រើពេលអស់រយៈពេល ១៧ ឆ្នាំ ដើម្បីឧទ្ទិសថ្វាយដល់ព្រះមួយអង្គព្រះនាម ព្រះនាង Athena ។ សំណង់អគារប្រាសាទដ៏ល្អឥតខ្ចោះមួយនេះ សាងសង់នៅលើភ្នំ Acropolis ស្ថិតនៅក្នុងទីក្រុង Athens ប្រទេសក្រិច ។

The Parthenon
The Parthenon

៣. អគារទ្រេត The Leaning Tower of Pisa

សំណង់អគារទ្រេតដែលមានភាពល្បីល្បាញរហូតដល់សព្វថ្ងៃនេះ ស្ថិតនៅក្នុងទីក្រុង Pisa ប្រទេសអ៊ីតាលីដែលប្រើពេលសាងសង់ដល់ទៅ ១៩៩ឆ្នាំ ដោយស្ថាបត្យករលោក Bonnano Pisano ដោយដំបូងឡើយគ្មានបំណងសាងសង់ជារាងទ្រេតបែបនេះទេ តែតួអគារស្រាប់តែទ្រេតដោយសារតែដីទន់នៅតំបន់នោះ។ រហូតដល់សព្វថ្ងៃអគារនេះមានមុំទ្រេត ៣.៩៩ដឺក្រ និងមានដណ្តើរឡើងទៅអគារនេះពីទាបទៅខ្ពស់បំផុតចំនួន ២៩៧កាំ។

អគារទ្រេត The Leaning Tower of Pisa
អគារទ្រេត The Leaning Tower of Pisa

៤. ព្រះវិហារ St. Peter's Basilica

ព្រះវិហារដ៏អស្ចារ្យនេះស្ថិតនៅក្នុង ប្រទេសវ៉ាទីកង់ (អតីតជាទីក្រុងរួមគ្នារបស់រ៉ូម ប្រទេសអ៊ីតាលី) ដែលប្រើពេលសាងសង់រយៈពេល ១៤៤ឆ្នាំ គិតតាំងពីស.វទី៤ ដោយអធិរាជរបស់រ៉ូម៉ាំងព្រះនាម Constantine។ នៅលើជញ្ជាំងវិហារមួយនេះមានគំនូរពិចិត្រៗSistine Chapel ជាច្រើនផ្ទាំង ដែលគូរដោយវិចិត្រករដ៏ល្បីល្បាញគឺលោក Michelangelo។ ហើយអគារមួយនេះក៏មានផ្នូរសាកសពជាង ១០០ បញ្ចុះនៅក្នុងព្រះវិហារនេះផងដែរ។

ព្រះវិហារ St. Peter's Basilica
ព្រះវិហារ St. Peter's Basilica

៥. ប្រាសាទ The Great Pyramid of Giza

សំណង់អគាររាងពីរ៉ាមីតដ៏អស្ចារ្យជាងគេមួយនេះស្ថិតនៅក្នុងតំបន់វាលខ្សាច់ប្រទេសអេហ្ស៊ីប ដែលបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២៥៨០មុនគ.ស រហូតដល់ឆ្នាំ ២៥៦០មុនគ.ស អស់រយៈពេល២០ឆ្នាំ។ សំណង់ដ៏ធំមួយនេះប្រើប្រាស់កម្មករជាទាសកររាប់រយរាប់ពាន់នាក់ ជាពិសេសគឺវិស្វករពូកែជាច្រើនរូបផងដែរ សាងសង់ដើម្បីថ្វាយព្រះចៅផារ៉ាអុងព្រះនាម Khufu ។

ប្រាសាទ The Great Pyramid of Giza
ប្រាសាទ The Great Pyramid of Giza

៦. សំណង់ Sacsayhuaman

សំណង់មួយនេះស្ថិតនៅក្នុងទីក្រុង Cuzco ប្រទេសប៉េរ៉ុ សាងសង់ឡើងអស់រយៈពេល ៦៣ឆ្នាំនៅក្នុងសម័យចក្រភព Incas បុរាណ។ សំណង់ដ៏ល្អអស្ចារ្យមួយនេះ មិនត្រូវបានកសាងឡើងដោយប្រើដុំថ្មផ្សេងៗតម្រៀបបន្តុបលើគ្នានោះទេ តែវាបែរជាត្រូវបានដាប់ឆ្លាក់ចេញពីដុំថ្មធំហាប់ណែនមួយទៅវិញ។ បើប្រៀបធៀបពីបច្ចេកវិទ្យាសម័យនោះ និងបច្ចុប្បន្ន ពិតជានឹកស្មានមិនដល់ទេថា សម៍យនោះមានបច្ចេកទេសសាងសង់សំណង់អគារដ៏ពិសេសអស្ចារ្យមួយនេះសោះ។

សំណង់ Sacsayhuaman
សំណង់ Sacsayhuaman

៧. អគារ St. Basil's Cathedral

អគារដែលមានពណ៌ស្រស់ឆើតឆាយដ៏ពិសេសមួយនេះ គឺជាអគារដែលតំណាងឱ្យប្រទេសរុស្ស៊ី ស្ថិតនៅក្នុងទីក្រុងមូស្គូ ដោយចាប់ផ្តើមសាងសង់ឡើងចាប់ពីឆ្នាំ ១៥៥៥ និងបញ្ចប់ការសាងសង់ប្រើពេលអស់ដល់ទៅរយៈពេល ១២៣ឆ្នាំ។ អគារនេះផងដែរ ត្រូវបានស្ថាបនាដោយស្ថាបត្យករ២រូប គឺលោក Barma និង Postnik។

អគារ St. Basil's Cathedral
អគារ St. Basil's Cathedral

៨. ចេតិយប្រាសាទ The Taj Mahal

រាជវាំងនេះត្រូវបានបញ្ជាសាងសង់ដោយអធិរាជ Mughal ព្រះនាម Shah Jahan ដើម្បីបញ្ចុះសាកសព និងឧទ្ទិសថ្វាយមហេសីទី៣ជាទីស្រលាញ់របស់ទ្រង់ព្រះនាម Mumtaz Mahal ដោយដាក់ឈ្មោះថា Taj Mahal។ រាជវាំងនេះចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ១៦៣២ និងប្រើពេលសាងសង់រយៈពេល ២១ឆ្នាំ ដោយប្រើកម្មករដល់ទៅជាង ២ម៉ឺននាក់។

ចេតិយប្រាសាទ The Taj Mahal
ចេតិយប្រាសាទ The Taj Mahal

៩. ព្រះវិហារ The York Minster Cathedral

អគារព្រះវិហារសាសនាកាតូលិកមួយនេះ គឺជាសំណង់ដ៏ធំអស្ចារ្យមួយនៅក្នុងមជ្ឈឹមសម័យ(អំឡុងស.វទី៥ ដល់ទី១៥) ដោយប្រើពេលសាងសង់ដល់ទៅ ២៥២ឆ្នាំ ចាប់ពីឆ្នាំ ១២២០ ដល់ឆ្នាំ ១៤៧២។ ព្រះវិហារនេះផងដែរ គឺជាសំណង់អគារមួយដែលមានការតុបតែងជាកញ្ចក់លក្ខណៈទ្រង់ទ្រាយធំជាងគេនៅផ្នែកខាងក្នុងអគារទៀតផង។

ព្រះវិហារ The York Minster Cathedral
ព្រះវិហារ The York Minster Cathedral

១០. ប្រាសាទ Chichen Itza

សំណង់អគារវប្បធម៌ជនជាតិម៉ាយ៉ានមួយនេះស្ថិតនៅក្នុងប្រទេសអាមេរិចខាងត្បូង ដែលប្រើពេលសាងសង់ដល់ទៅ ៤០០ឆ្នាំ គិតចាប់ពីឆ្នាំ ៦០០ រហូតដល់ឆ្នាំ ១០០០។ អគារនេះ ត្រូវបានគេដឹងថាជាសំណង់រាងពីរ៉ាមីតដ៏អស្ចារ្យជាងគេមួយផងដែរ ពិសេសរាល់ពេលត្រូវពន្លឺថ្ងៃវាថែមទាំងចាំងស្រមោលជារាងសត្វពស់ មើលទៅគួរឱ្យស្ងប់ស្ញែង និងមានអាថ៌កំបាំងបំផុត។

ប្រាសាទ Chichen Itza
ប្រាសាទ Chichen Itza

១១. ព្រះវិហារ St. Paul's Cathedral

សំណង់អគារសាសនាកាតូលិកបែបបុរាណដ៏អស្ចារ្យមួយនេះ ស្ថិតនៅក្នុងទីក្រុងឡុង៍ ចក្រភពអង់គ្លេស ហើយចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ១៦៧៥ (ឯកសារខ្លះថាសាងសង់រយៈពេល ៣០ឆ្នាំ និងឯកសារខ្លះថាសាងសង់រយៈពេលដល់ទៅ៤០ឆ្នាំ) ដោយស្ថាបត្យករលោក Sir Christopher Wren ។ អគារនេះត្រូវបានគេហៅថាជាសាលខ្សឹបខ្សៀវទៀតផង នោះក៏ដោយសារតែរាល់ពេលអ្នកនិយាយខ្សឹបតិចៗទៅផ្នែកម្ខាងនៃជញ្ជាំងវានឹងផ្លាតសំឡេងខ្សឹបរបស់អ្នកត្រលប់មកវិញនៅជញ្ជាំងម្ខាងទៀតយ៉ាងអស្ចារ្យបំផុត។

ព្រះវិហារ St. Paul's Cathedral
ព្រះវិហារ St. Paul's Cathedral

១២. រាជវាំង Buckingham

រាជវាំងមួយនេះគឺជាព្រះរាជដំណាក់របស់គ្រួសាររាជវង្សអង់គ្លេស ដោយវាមានឈ្មោះដើមថា Buckingham House។ រាជវាំងមួយនេះប្រើពេលសាងសង់រយៈពេល ២៣ឆ្នាំ គិតចាប់ពីឆ្នាំ ១៧០២ មក ដោយស្ថាបត្យករលោក John Nash និងលោក Sir Aston Webb បានកែប្រែរចនាផ្នែកខាងមុខរាជវាំងបន្ថែមទៀតនៅក្នុងឆ្នាំ ១៩១៣។ នៅក្នុងនោះគេបានរកឃើញថាម្ចាស់ក្សត្រី Victoria គឺជាអ្នកដែលរស់នៅក្នុងរាជវាំងនេះដំបូងគេ ហើយសព្វថ្ងៃវាគឺជារាជវាំង និងព្រះរាជដំណាក់ជាផ្លូវការរបស់ម្ចាស់ក្សត្រី Elizabeth ទី២។

រាជវាំង Buckingham
រាជវាំង Buckingham

១៣. អង្គរវត្ត

អង្គរវត្ត គឺជាសំណង់អច្ឆរិយដ៏អស្ចារ្យមួយរបស់ពិភពលោក ដែលស្ថិតនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា អតីតចក្រភពអង្គរដ៏ល្បីល្បាញ។ ទីក្រុង ដ៏ពិសិដ្ឋនេះប្រើពេលសាងសង់អស់ជាង ៤០០ឆ្នាំ រវាងឆ្នាំ ៨០២ រហូតដល់ឆ្នាំ ១២២០ ឯប្រាសាទអង្គរវត្តវិញបានសាងសង់នៅដើមស.វ១២ ក្នុងឆ្នាំ ១១១៣ ដល់ឆ្នាំ ១១៥០ ដោយមានការតុបតែងក្បាច់រចនាដ៏ល្អពិចិត្រស្រស់ស្អាតជាងគេ មានទាំងប្រាសាទតូចធំ សួនច្បារ និងគូទឹកដែលសាងសង់ព័ទ្ធជុំវិញប្រាសាទនេះផងដែរ គឺរឹតតែមើលទៅគួរឱ្យស្ងប់ស្ញែង និងមានភាពអស្ចារ្យបង្កប់ដោយអាថ៌កំបាំងបំផុតទៀតផង។ អ្វីដែលកាន់តែពិសេស ប្រាសាទអង្គរវត្តក៏មានព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទដ៏អស្ចារ្យក្នុងមួយឆ្នាំ ២ដងផងដែរ។

ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត

១៤. សំណង់ទីក្រុង Petra

សំណង់មួយនេះស្ថិតនៅកណ្តាលវាលខ្សាច់ប្រទេសហ្សកដានី ដ៏ក្តៅហួតហែងមួយ ដែលត្រូវបានគេដឹងថាមិនបានប្រើដុំថ្មរៀបសាងសង់នោះទេ តែគឺជាការចោះថ្ម ឬរូងភ្នំសាងសង់ជាសំណង់ដ៏ពិសេសនេះតែម្តង។ ប្រាសាទនេះផងដែរបានចាប់ផ្តើមសាងសង់នៅក្នុងរវាងឆ្នាំ ៦០០មុនគ.ស និងត្រូវបានគេដឹងថាបញ្ចប់ការសាងសង់ដោយប្រើរយៈពេលដល់ទៅ ៨៥០ឆ្នាំ (ឯកសារខ្លះថារយៈពេលជាង ៥០០ឆ្នាំប៉ុណ្ណោះ) ដោយអាចផ្ទុកប្រជាជនបានដល់ទៅជាង ២ម៉ឺននាក់។ បើទោះបីជាសម័យនោះគ្មានឧបករណ៍ ឬបច្ចេកទេសទំនើបនៅក្នុងការសាងសង់ តែសំណង់នេះនៅតែរក្សារូបរាង និងគង់វង្សរហូតដល់សព្វថ្ងៃនេះ។

សំណង់ទីក្រុង Petra
សំណង់ទីក្រុង Petra

១៥. សេតវិមាន White House 

សេតវិមាន White House ស្ថិតនៅក្នុងទីក្រុង Washington DC សហរដ្ឋអាមេរិច ដែលជាទីកន្លែងស្នាក់នៅ និងធ្វើការរបស់ប្រធានាធិបតីអាមេរិចគ្រប់រូបរាល់ពេលឡើងកាន់តំណែង។ វិមាននេះត្រូវបានប្រើពេលស្ថាបនាសាងសង់ឡើងអស់រយៈពេល ១៣ឆ្នាំ ចាប់ពីឆ្នាំ ១៧៩២ មកដោយស្ថាបត្យករលោក James Hoban ។ បើទោះបីជាអតីតកាល សេតវិមាននេះធ្លាប់ត្រូវបានដុតបំផ្លាញដោយអង់គ្លេស តែវាត្រូវបានសាងសង់ និងជួលជុលយ៉ាងស្អាតដូចដើមរហូតសព្វថ្ងៃ។

សេតវិមាន White House

១៦. ព្រះវិហារ The Sagrada Familia

សំណង់វិហារសាសនាដ៏អស្ចារ្យមួយនេះ ត្រូវបានគូប្លង់ និងសាងសង់ឡើងដំបូងឡើយដោយលោក Antoni Gaudi ជាស្ថាបត្យករជនជាតិអេស្ប៉ាញដ៏ល្បីល្បាញមួយរូបដែលស្រលាញ់ធម្មជាតិបំផុត នៅក្នុងស.វ ទី១៩។ សំណង់នេះបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ១៨៨២ ហើយក៏កំពុងតែបន្តសាងសង់នៅឡើយរហូតដល់ពេលនេះ ដោយនៅតែស្ថិតនៅក្នុងប្លង់គម្រោងរបស់លោក Gaudi នៅឡើយ បើទោះបីជាលោកបានទទួលមរណភាពតាំងពីឆ្នាំ ១៩២៦ ហើយក្តី។ សំណង់នេះត្រូវបានគេប៉ាន់ស្មានថាអាចនឹងសាងសង់រួចជាស្ថាពរនៅក្នុងឆ្នាំ ២០២៦ បើគិតមើលទៅប្រហែលជាប្រើពេលសាងសង់រយៈពេល ១៤៤ ឆ្នាំ។

ព្រះវិហារ The Sagrada Familia
ព្រះវិហារ The Sagrada Familia

១៧. Stonehenge

សំណង់ថ្ម Stonehenge មួយនេះស្ថិតនៅក្នុងចក្រភពអង់គ្លេស ដែលគេប៉ាន់ស្មានថាអាចនឹងសាងសង់ឡើងប្រើរយៈពេលដល់ទៅជាង ១៦០០ឆ្នាំ ដោយបន្តសាងសង់ពីមនុស្សមួយជំនាន់ទៅមួយជំនាន់ទៀតខុសៗគ្នា។ គ្មានអ្នកណាអាចដឹងនោះទេថា តើមនុស្សជំនាន់នោះសាងសង់សំណង់នេះដោយប្រើវិធីណានោះទេ ទាំងដែលដុំថ្មមួយដុំៗមានទំហំដល់ទៅ ៤តោនឯណោះ។

Stonehenge
Stonehenge

១៨. មហាកំផែងចិន 

សំណង់ជញ្ជាំងរបស់ប្រទេសចិនមួយនេះ គឺជាសំណង់ដែលប្រើពេលយូរបំផុតនៅក្នុងការសាងសង់គឺដល់ទៅជាង ២០០០ឆ្នាំ គិតចាប់ពីឆ្នាំ ៤០០មុនគ.ស ដល់ឆ្នាំ ១៦០០ ឯណោះ ដោយឆ្លងកាត់ស្នាដៃសាងសង់ក្នុងសម័យព្រះអធិរាជចិនជាច្រើនរាជវង្ស។ ក្រោយបញ្ចប់ការសាងសង់ មហាកំផែងមួយនេះមានប្រវែងសរុបដល់ទៅជាង ៦០០០គីឡូម៉ែត្រឯណោះ បើប្រើកងទ័ពឱ្យឈរតម្រៀបគ្នាគឺសរុបដល់ទៅជាង ១លាននាក់។ មហាកំផែងចិនត្រូវបានគេសាងសង់ ដើម្បីការពារ និងប្រឆាំងនឹងពួកឈ្លានពានប៉ែកខាងជើង ហើយក៏ជាការបង្ហាញឥទ្ធិពលរបស់អធិរាជចិនផងដែរ។

មហាកំផែងចិន
មហាកំផែងចិន

១៩. រូបចម្លាក់ Mount Rushmore

រូបចម្លាក់ដែលដាប់លើថ្មភ្នំមួយនេះ គឺជាផ្ទៃមុខរបស់ប្រធានាធិបតីទាំង៤រូបរបស់អាមេរិច គឺលោក George Washington, Thomas Jefferson, Theodore Roosevelt និង Abraham Lincoln ថែមទាំងតំណាងឱ្យសម័យកាលប្រវត្តិសាស្រ្តរបស់អាមេរិចរយៈពេល ១៣០ដំបូងផងដែរ។ ចម្លាក់ដែលឆ្លាក់លើភ្នំ Rushmore ទាំងនេះត្រូវបានស្ថាបនាដោយលោក Gutzon Borglum និងកូនប្រុសរបស់លោកឈ្មោះ Lincoln ដោយចាប់ផ្តើមសាងសង់ដំបូងនៅក្នុងឆ្នាំ ១៩២៧ និងប្រើពេលបញ្ចប់សំណង់នេះរយៈពេល ១៤ឆ្នាំ។

រូបចម្លាក់ Mount Rushmore
រូបចម្លាក់ Mount Rushmore

២០. រូបសំណាក Christ the Redeemer

រូបសំណាកមួយនេះស្ថិតនៅក្នុងទីក្រុង Rio de Janeiro លើកំពូលភ្នំ Corcovado ប្រទេសប្រេស៊ីល សាងសង់ឡើងដោយលោក Heitor Da Silva និងលោក Paul Landowski។ រូបសំណាកដែលមានទម្ងន់សរុបជាង ៦៣៥ តោនមួយនេះ ចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ១៩២២ និងបញ្ចប់ការសាងសង់ដោយប្រើរយៈពេល ៩ឆ្នាំ៕

រូបសំណាក Christ the Redeemer រូបសំណាក Christ the Redeemer
រូបសំណាក Christ the Redeemer

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]