វៀតណាម៖ រឿងរ៉ាវគូស្នេហ៍នារីស្រលាញ់ភេទដូចគ្នា និងស្រស់ស្អាត ជនជាតិវៀតណាមមួយគូ ថ្មីៗនេះបាននឹងកំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម បន្ទាប់ពីរូបភាពជាច្រើនសន្លឹកយ៉ាងផ្អែមល្ហែម និងសែនរ៉ូមែនទិករបស់ពួកគេទាំងពីរ ត្រូវបានបង្ហោះចែកចាយ និងកាន់តែបើកចំហខ្លាំងជាសាធារណៈ ពិសេសថែមទាំងមានគម្រោងចង់រៀបការជាមួយគ្នាថែមទៀតផង។

គូស្នេហ៍នារីស្រលាញ់ភេទដូចគ្នា

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា គូស្នេហ៍នារីស្រលាញ់ភេទដូចគ្នាខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Thanh Thanh និង My Nguyen អ្នកទាំងពីរកើតនៅក្នុងឆ្នាំ១៩៩៦ ពោលគឺមានអាយុ ២៣ឆ្នាំដូចគ្នា។

Thanh Thanh ត្រូវបានគេស្គាល់ថា នាងក៏ជាតារាម៉ូដែលស្រីមួយរូប ក្នុងទីក្រុងហូជីមិញ (ឬ Saigon) ផងដែរ។ ចំណែកឯ My វិញ គ្រួសាររបស់នាងគឺជាអ្នកជំនួញ រកស៊ីខាងសម្អាងការក្នុងទីក្រុង Haiphong ។

ជុំវិញនឹងរឿងរ៉ាវស្នេហាដ៏ផ្អែមល្ហែម រវាងពួកគេទាំងពីរនេះដែរ បើតាមការឲ្យដឹងពី Thanh នាងបានរៀបរាប់ប្រវត្តិស្នេហ៍យ៉ាងដូច្នេះថា នាងបានជួបស្គាល់ My ជាលើកដំបូង គឺនៅក្នុងក្លិបរាត្រីមួយកន្លែង។ ប៉ុន្តែនៅពេលនោះ នាងហាក់ពុំមានចិត្ត ឬអារម្មណ៍ទៅលើ My នោះឡើយ។ នេះក៏ព្រោះតែនាង មិនចូលចិត្តមនុស្សស្រីដែលចាក់សាក់ និងជក់បារី ដែលទាំងពីរចំណុចនេះជាអ្វីដែល My មាន។

ប៉ុន្តែផ្ទុយទៅវិញ បើនិយាយពី My នៅគ្រានោះ នាងបែរជាមានចិត្ត លួចសម្លឹង និងចាប់អារម្មណ៍ទៅលើ Thanh យ៉ាងខ្លាំង។ ហើយនាងក៏មិនអាចនិងងាកភ្នែកចេញពី Thanh បានឡើយ។

គូស្នេហ៍នារីស្រលាញ់ភេទដូចគ្នា

Thanh បានឲ្យដឹងបន្ថែមទៀតថា ពេលជួប My ដំបូង នាងគ្រាន់តែមានអារម្មណ៍មួយគិតថា My ជានារីដ៏ស្រស់ស្អាត ក្លាហាន ប៉ុន្តែនាងក៏ជានារីម្នាក់ដែលមើលទៅទន់ភ្លន់ខ្លះដែរ។ តែទោះយ៉ាងណា Thanh នៅតែអះអាងថា នាងដូចជាមិនសូវចាប់អារម្មណ៍ My នោះទេ ខណៈដែល My វិញ នៅតែបញ្ចេញសកម្មភាពទាក់ទាញ បើទោះបីជានាងដឹងថា Thanh ហាក់មិនសូវជាពេញចិត្តនាងក្តី។

យ៉ាងណាមិញ រឿងរ៉ាវមួយនេះ វាក៏នៅតែមិនទាន់បញ្ចប់ដោយងាយៗនោះទេ ព្រោះថាជារឿយៗ My នាងតែងតែព្យាយាមទាក់ទង Thanh តាមលទ្ធភាពដែលនាងអាចធ្វើបាន និងមានទំនាក់ទំនងនឹងគ្នាជាហូរហែ រហូតថែមទាំងឈានដល់ការណាត់ជួបផ្សេងៗ ផ្ញើសារ និងជជែកគ្នាលេងពីនេះពីនោះជាមួយគ្នាជាដើម។

បន្ទាប់ពីទំនាក់ទំនងហាក់រឹតតែជិតស្និទ្ធ និងនៅក្បែរគ្នាបែបនេះហើយនោះ ទើបនៅទីបំផុត Thanh នាងក៏បានកត់សម្គាល់ និងសម្លឹងមើលឃើញថា តាមពិតទៅ My នាងគឺជាមនុស្សស្រីម្នាក់ដែលគួរឲ្យស្រលាញ់ខ្លាំង និងចង់នៅក្បែរ នាងជាមនុស្សស្រីដែលនិយមភាពរ៉ូមែនទិក ហើយក៏ជាមនុស្សស្រីម្នាក់ដែលមានទឹកចិត្តស្រលាញ់ស្ម័គ្រស្មោះ រួមនឹងមានចំណុចពិសេសៗជាច្រើនផ្សេងទៀត លើសពីអ្វីដែល Thanh នាងបានគិតទៅទៀត រហូតធ្វើឲ្យនាងធ្លាក់ក្នុងអន្លង់ស្នេហ៍ My បន្តិចម្តងៗ ទាំងមិនដឹងខ្លួន និងដកចិត្តពុំរួចតែម្តង។

គូស្នេហ៍នារីស្រលាញ់ភេទដូចគ្នា

ប្រភពដដែលបន្តថា រយៈពេល១ឆ្នាំជាងហើយ ដែល Thanh និង My បានសេពគប់គ្នា ក្នុងន័យជាគូសង្សារ ស្រលាញ់គ្នាយ៉ាងស្អិតរមួតនេះ បន្ទាប់ពីពួកគេទាំងពីរបានយល់ចិត្តថ្លើមគ្នាទៅវិញទៅមក និងបានបង្កើតអនុស្សាវរីយដ៏មានអត្តន័យជាច្រើនរួមគ្នា តាមរយៈការធ្វើដំណើរកម្សាន្តនានា សកម្មភាពដ៏ផ្អែមល្ហែមប្រចាំថ្ងៃ និងការថតរូបជាគូជាដើម។

Thanh បានរៀបរាប់ទៀតថា ដំបូងឡើយគ្រួសារទាំងសងខាងរបស់ពួកគេ ពិតជាមិនបានដឹងទេថា កូនស្រីរបស់ពួកគាត់ស្រលាញ់ភេទដូចគ្នានោះឡើយ។ ព្រោះពួកគាត់តែងតែគិតថា កូនស្រីរបស់ពួកគាត់នឹងមានអនាគតល្អ មានប្តីសី បង្កើតគ្រួសារនិងកូន ដូចគេដូចឯង។

តែទោះយ៉ាងណា បន្ទាប់ពីររឿងរ៉ាវស្នេហាមួយនេះ ត្រូវបានលាតត្រដាង គ្រួសារទាំងសងខាង ក៏មិនជំទាស់ទៅនឹងផ្លូវអារម្មណ៍ មនោសញ្ចេតនា និងការស្រលាញ់របស់កូននោះឡើយ។

គូស្នេហ៍នារីស្រលាញ់ភេទដូចគ្នា

គួរឲ្យដឹងផងដែរថា ស្នេហារបស់ស្រីស្អាតទាំងពីរ Thanh និង My ធ្លាប់បានប្រកាសជាសាធារណៈម្តងរួចមកហើយ ក្នុងកំឡុងខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ ដោយក្នុងនោះ ទទួលបាននូវការចាប់អារម្មណ៍ ពាក្យជូនពរ និងការគាំទ្រយ៉ាងខ្លាំងពីគ្រប់គ្នា ដែលពោរពេញដោយការស្រលាញ់ និងមិនរើសអើង ជុំវិញនឹងស្នេហាដ៏ស្មោះត្រង់របស់ពួកគេ ដែលហ៊ានលាតត្រដាងការពិតនេះផងដែរ។ ខណៈដែលបច្ចុប្បន្ននេះវិញ Thanh និង My ក៏នឹងបានពិភាក្សាគ្នា ហើយពួកគេក៏នឹងមានគម្រោងចង់រៀបការឆាប់ៗនេះទៀតផង។

Thanh និយាយថា ចាប់តាំងពីពួកគេទាំងពីរ បានចាប់ដៃគ្នាជាគូស្នេហ៍ដ៏ផ្អែមល្ហែមនេះ នាងហើយនិង My ក៏បានផ្លាស់ប្តូរចិត្តគំនិតជាច្រើនផងដែរ។ My បោះបង់ការជក់បារី ហើយពួកគេទាំងពីរ ក៏កាត់បន្ថយការដើរលេងមិនល្អ ដូចជា ចូលក្លិបរាត្រី និងញ៉ាំបៀរជាដើម និងបានបង្រៀនគ្នាពីជីវិតរស់នៅ ដែលប្រកបដោយភាពស្ងប់សុខផងដែរ។

គូស្នេហ៍នារីស្រលាញ់ភេទដូចគ្នា

គួរឲ្យដឹងបន្ថែមថា រូបភាព Thanh និង My ស្លៀកឈុតកូនក្រមុំរ៉ូបពណ៌ស យ៉ាងស្រស់ស្អាតនេះ គឺពួកគេទាំងពីរបានធ្វើវាឡើង ដើម្បីគម្រប់ខួបស្នេហា១ឆ្នាំ ហើយក៏ពួកគេក៏បាននិយាយគ្នាពីរឿងរៀបការនៅថ្ងៃខាងមុខផងដែរ។

ជាចុងក្រោយ Thanh និយាយថា គ្មាននរណាម្នាក់អាចមកប៉ះពាល់ ឬឆក់ដណ្ដើម My ដែលជាសំណព្វចិត្តនាង ចេញពីនាងបានជាដាច់ខាត៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណដែរ?  

គូស្នេហ៍នារីស្រលាញ់ភេទដូចគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]