ភ្នំពេញ៖ អតីតមន្រ្តីនគរបាលនៅខណ្ឌឬស្សីកែវ ឈ្មោះ យូ សុខគា ដែលជាជនដៃដល់បាញ់ប្រហារបុរសម្ចាស់រថ យន្តដឹកម្ទេស បានកាច់ខ្នោះរត់គេចខ្លួនពីសមត្ថកិច្ច ខណៈដែលជនសង្ស័យរូបនេះ និងបក្ខពួកម្នាក់ទៀត ត្រូវបាន សមត្ថកិច្ចដឹកបញ្ជូនចេញពីសាលាដំបូងរាជធានីភ្នំពេញ ឆ្ពោះទៅស្នងការដ្ឋាននគរបាល ដើម្បីឃុំខ្លួនជាបណ្តោះ អាសន្នរង់ចាំការសួរម្តងទៀត។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ១១ និង២០នាទីព្រឹកថ្ងៃទី៣០ ខែមក រា ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវ៥៩៨ ក្នុងខណ្ឌឬស្សីកែវ ប៉ុន្តែជនសង្ស័យរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចដេញ ចាប់បានមកវិញភ្លាមៗ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីតំណាងអយ្យការសាកសួររួចហើយនោះ ប៉ុន្តែមិនទាន់បញ្ចប់ ក៏សម្រេចបញ្ជូនខ្លួនអតីតមន្រ្តី នគរបាលទាំងពីរនាក់នេះ ទៅឃុំខ្លួនជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញរង់ចាំការសាកសួរបន្តទៀត ប៉ុន្តែពេលកំពុងជិះ នៅលើរថយន្តទាំងដៃជាប់ខ្នោះនោះ ទៅដល់កន្លែង កើតហេតុជនសង្ស័យ យូ សុខគា បានកាច់ខ្នោះហក់ចេញពីរថយន្តរត់គេចខ្លួន។

ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ បានបញ្ជាក់ក្រោយកើតហេតុថា ភ្លាមៗនោះកម្លាំងសមត្ថ កិច្ច ដែលដឹកជនសង្ស័យនេះ បាននាំគ្នាដេញចាប់យកមកឃុំខ្លួននៅស្នងការដ្ឋាននករបាលជាបណ្តោះអាសន្នរង់ ចាំការសាកសួរពីតំណាងអយ្យការបន្តទៀត។

សូមបញ្ជាក់ថា អតីតមន្រ្តីនគរបាលទាំង២រូបនេះ ម្នាក់ជានគរបាលនៅខណ្ឌឬស្សីកែវ និងម្នាក់ទៀត ជានគរបាល នៅការិយាល័យប្រឆាំងការ ជួញដូរគ្រឿងញៀននៅរាជធានីភ្នំពេញ ត្រូវបានអគ្គស្នងការនគរបាលជាតិ នាយឧត្តម សេនីយ៍ ណេត សាវឿន បញ្ជាឲ្យដកស័ក្តិ និងបណ្តេញចេញ ពីក្របខណ្ឌនគរបាលជាតិ បន្ទាប់ពីពួកគេបានបាញ់ ប្រហារអ្នកបើករថយន្តដឹកម្ទេសនៅជិតស្ពានលីយ៉ុងផាត់ កាលពីយប់រំលងអាធ្រាត្រឈានថ្ងៃទី២៨ ខែមករា បន្ទាប់ពីតាមទារលុយមិន បាន៕

Photo by DAP-NEWS

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]