រាជធានី​ភ្នំពេញ ៖ បុរស​ចំនួន​៤​នាក់ ក្នុង​នោះ​មាន​បុរស​ចំនួន​៣​នាក់​បាន​កោរសក់​គ្រង​ស្បង់​ចីវរ បន្លំ​ខ្លួន​ធ្វើ​ជា​ព្រះសង្ឃ​ដើរ​បិណ្ឌ​បាត្រ និង​បុរស​ម្នាក់​ទៀត​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ត្រូវ​បាន​ប្រជា​ការពារ​សង្កាត់​ភ្នំពេញ​ថ្មី​ឃាត់ខ្លួន បន្ទាប់​ពី​ពួក​គេ​រៀបចំ​ចេញដំណើរ ទៅ​បិណ្ឌ​បាត្រ​នៅ​តាម​ទីផ្សារ និង​តាម​ទី​សាធារណៈ ដើម្បី​ប្រមូលប្រាក់​ដើរ​លេង​បុណ្យចូលឆ្នាំ​នា​ពេល​ខាង​មុខ​នេះ ។

ហេតុការណ៍​ចុះ​ឃាត់ខ្លួន​ក្រុម​ជន​បន្លំ​ខ្លួន​ធ្វើ​ជា​ព្រះសង្ឃ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​លេខ​១៩៧៤ ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​រួម​មាន​១-​ឈ្មោះ ប៉យ យៀ​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ២-​ឈ្មោះ​ភួង ឆៃ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ៣-​ឈ្មោះ ភិន សា​រ៉ុ​ម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។ អ្នក​ទាំង​បី​នាក់​កោស​ក់ គ្រង់​ស្បង់​ចីវរ​បន្លំ​ខ្លួន​ធ្វើ​ជា​សង្ឃ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ឧកញ៉ា វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មានស្រុក​កំណើត​ភូមិ​ស្រម៉រ ឃុំ​ត្រពាំង​ស្រែ ស្រុក​មេ​សាង ខេត្តព្រៃវែង​។

ដោយឡែក​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ម្នាក់​ឈ្មោះ​រុណ ភា​រ៉ុ​ម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ម្តុំ​វត្ត​ញា​ញ​រង្សី ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។

តាម​មន្ត្រីសង្កាត់​ភ្នំពេញ​ថ្មី​បានអោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ កម្លាំង​ប្រជា​ការពារ​បាន​ចុះ​រៀបចំ​សណ្តាប់​នៅ​ផ្សារ​ក្រមួន ក៏បាន​ប្រទះ​ឃើញ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​មួយ​គ្រឿង​បាន​ទំលាក់​វាំងនន ដោយ​មានការ​សង្ស័យ ក៏ទៅ​បើក​មើលឃើញ ស្រាប់តែ​បុរស​៣​នាក់​កំពុង​តែ​គ្រង​ស្បង់​ចីវរ​បន្លំ​ខ្លួន​ធ្វើ​ជា​សង្ឃ​ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ព្រមទាំង​ដកហូត​បាន​បាត្រ​មួយ​ចំនួន​ផង​ដែរ ។

តាម​ព័ត៌មាន​ដដែល​បានអោយ​ដឹង​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ​ដែរ ក្រុម​ជន​បន្លំ​ខ្លួន​ធ្វើ​ជា​សង្ឃ​ត្រូវ​បាន​ប្រជា​ការពារ​បញ្ជូន​ទៅ​កាន់​វត្ត​ឧកញ៉ា​វាំង ហើយ​ដោះ​ស្បង់​ចីវរ​ចេញ រួច​ហៅ​នគរបាល​ចាប់​វាយ​ខ្នោះ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​ច្បាប់​តែ​ម្តង​។

ក្រោយ​ពេល​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ឈ្មោះ ប៉យ យៀ​ត បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​កោស​ក់​ដើម្បី​មក​ពី​ភ្នំពេញ និង​ទិញ​ស្បង់​ចីវរ ព្រមទាំង​បាត្រ​នៅ​តា​ខ្មៅ​អស់​ប្រមាណ​ជាង​៣០​ដុល្លារ​ដើម្បី​បន្លំ​ខ្លួន​ធ្វើ​ជា​សង្ឃ​ដើរ​បិណ្ឌ​បាត្រ​ប្រមូលប្រាក់​យក​ទៅ​ដើរ​លេង​ចូល​ឆ្នាំ ។

ដោយឡែក ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ភិន សា​រ៉ុ​ម ក៏​បាន​ឆ្លើយ​សារភាព​ដែរ​ថា ខ្លួន​បាន​ទិញ​ស្បង់​ចីវរ និង​បាត្រ​នៅ​ខេត្តព្រៃវែង​អស់​ប្រមាណ​ជាង​៣០​ដុល្លារ​ផង​ដែរ ហើយ​បាន​ណាត់គ្នា ដើម្បី​បិណ្ឌ​បាត្រ លុះ​នៅ​ពេល​រៀបចំ​ចេញ​ទៅ​បិណ្ឌ​បាត្រ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែ​ម្តង ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]