រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា នារីជានិស្សិតឆ្នាំទី៤ម្នាក់ត្រូវរថយន្តម៉ាករ៉ែងរ៉ូវើ ពណ៌ខ្មៅបុកប៉ើង បណ្តាលឱ្យបោកផ្ទប់របងផ្ទះវីឡា និងបង់ថ្មស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៦ មីនា ឆ្នាំ២០១៩ ចំណុចផ្លូវ២២៨ កែង៣១៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។
ជនរងគ្រោះដែលស្លាប់ឈ្មោះឌុំ រីដា ភេទស្រី អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៤នៅសាកលវិទ្យាអន្តរជាតិផារ៉ាហ្គន ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកគុបមូល ពាក់ស្លាកលេខ ១J-៥២៥៤ ។
តាមសេចក្តីរាយការណ៍បានបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមផ្លូវ២២៨ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាករ៉ែងរ៉ូវើមួយគ្រឿងបានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង បើកបរតាមផ្លូវ៣១៧ក៏បុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឱ្យជនរងគ្រោះប៉ើងបោកផ្ទប់ទៅនឹងរបងផ្ទះវីឡារបស់លោកឧត្តមសេនីយ៍មាស សុភា និងបង់ថ្មសម្រាប់អង្គុយលេង ធ្វើឱ្យបាក់រប៉ាត់រប៉ាយ បណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
បន្ទាប់ពីកើតហេតុ រថយន្តបង្កបានបើកគេចបាត់ស្រមោល តែតាមរយៈកាមេរ៉ាសុវត្ថិភាពត្រូវបានគេមើលឃើញរថយន្តបង្កម៉ាករ៉ែងរ៉ូវើ ពណ៌ខ្មៅ ពាក់ស្លាកលេខ ២AF-៧៧៧៧ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]