(ស្វាយរៀង)៖ ស្របពេលដែលប្រទេសវៀតណាម កំពុងរាតត្បាតជំងឺកើតលើសត្វជ្រូកដ៏កាចសាហាវឈ្មោះថា «ជំងឺប៉េសជ្រូកអាហ្រិក» ស្រាប់តែគេសង្កេតឃើញមានសត្វជ្រូកជាច្រើនក្បាល ត្រូវបានដឹកតាមរថយន្តតាមព្រំដែនខេត្តស្វាយរៀង។ ជាក់ស្តែងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ មានសត្វជ្រូកសរុប ១៤៦ក្បាល ត្រូវបានសមត្ថកិច្ចចម្រុះខេត្តស្វាយរៀង ចាប់ឃាត់ព្រោះសង្កេតឃើញភាពមិនប្រក្រតី។

បន្ទាប់ពីឃាត់រួច សមត្ថកិច្ចបានប្រគល់ឲ្យមន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីចាត់ការតាមនីតិវិធី។ ក្នុងនោះសត្វជ្រូក ៨៩ក្បាល ត្រូវផាកពិន័យជាទឹកប្រាក់ ២៥លានរៀល ដោយសារជ្រូកទាំងនោះដឹកដោយខុសច្បាប់ ខណៈលទ្ធផលពិនិត្យឈាមមិនមានវីរុសឡើយ។

លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មនិងរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយរៀង បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះថា សមត្ថកិច្ចចម្រុះបានចាប់ ឃាត់រថយន្តដឹកជ្រូកចំនួន ៣គ្រឿង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅស្រុករមាសហែក និងក្រុងស្វាយរៀង ដែលសង្ស័យនាំចូលពីប្រទេសជិតខាងនោះ មន្ត្រីជំនាញយកឈាមជ្រូកទៅពិនិត្យ នៅក្រសួងរួចរាល់។ លោកបន្តថា ចំពោះលទ្ធផលឈាមវិញពុំមានវីរុសនោះទេ។

លោក ថាច់ រតនា បានបញ្ជាក់ទៀតថា មន្ត្រីបានបានផាកពិន័យក្រុមហ៊ុន ៥៥ក្បាល ពិន័យជាប្រាក់១៥លានរៀល និងរថយន្តមួយគ្រឿងដឹកជ្រូក ៣៤ក្បាល ពិន័យជាប្រាក់១០លាន។

លោកថា «ប៉ុន្តែបើក្រសួងពិន័យលើសហ្នឹង យើងនឹងហៅមកពិន័យបន្ថែមទៀត ហើយបានធ្វើកិច្ចសន្យាត្រឹមត្រូវទី១ ដឹកកុំឲ្យខុសទិសដៅខុសផ្លូវ និងទី២ តម្រូវឲ្យរថយន្តក្រុមហ៊ុន ពាក់ស្លាកលេខឲ្យបានត្រឹមត្រូវ ហើយទី៣ ដឹកជ្រូកមិនឲ្យលើសចំនួនឡើយ រីឯរថយន្តមួយគ្រឿងទៀត ដែលទិញជ្រូកគ្មានប្រភពច្បាស់លាស់ទិញតាមម៉ូតូ សង្ស័យទិញជ្រូកវៀតណាម ក៏ឲ្យធ្វើកិច្ចសន្យាផងដែរ»។

លើសពីនេះ លោក ថាច់ រតនា បានគូសបញ្ជាក់ថា មន្ត្រីជំនាញក៏បានចាប់សាច់មាន់ សាច់ជ្រូកចំនួន ២៥០គីឡូក្រាមផងដែរ នៅច្រករបៀងកំពង់ស្ពានក្រុងបាវិតនៅព្រឹកថ្ងៃទី២៥ ខែមីនានេះ។

សូមបញ្ជាក់ថា ជំងឺប៉េសជ្រូក អាហ្វ្រិក (African Swine Fever) ឬក៏ជំងឺផ្តាសាយ ជ្រូកអាហ្វ្រិក បានរីករាលដាល ដល់ខេត្ត ង៉េអាន (Nghe An) នៃភាគកណ្ដាលប្រទេសវៀតណាមហើយ។

អាជ្ញាធរវៀតណាម ផ្ទាល់បានបញ្ជាក់ថា សត្វជ្រូកដែលកើតជំងឺនេះ ក៏ត្រូវបានគេរកឃើញនៅក្នុងតំបន់ចំនួន ១៤នៃទីក្រុងហាណូយ។

មកទល់នឹងពេលបច្ចុប្បន្ន ជំងឺប៉េសជ្រូកអាហ្វ្រិក បានកើតនៅ ក្នុងប្រទេសចំនួន២០ ហើយបើតាមអង្គការសុខភាពពិភពលោក វីរុសនេះមិនទាន់មាន វ៉ាក់សាំងព្យាបាលនៅឡើយទេ។ ដោយឡែកនៅប្រទេសវៀតណាមវិញ បណ្តាខេត្តជាច្រើន ជាពិសេសពីភាគកណ្តាលដល់ភាគខាងជើង រួមទាំងទីក្រុងហាណូយ សុទ្ធតែបានផ្ទុះជំងឺនេះជាបន្ត បន្ទាប់នាំឲ្យប្រទេសជាច្រើនប្រកាស បញ្ឈប់ការនាំចូលជ្រូកពីវៀតណាមជាបណ្តោះអាសន្ន។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងាត្រីមាសទី២ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ លោក ម៉ែន វិបុល អភិបាលខេត្ត បានប្រាប់ឲ្យមន្ត្រីពាក់ព័ន្ធត្រូវចាត់វិធានការឲ្យបានតឹងរ៉ឹងបំផុត ចំពោះបញ្ហាឈ្មួញទុច្ចរិត ដែលលួចដឹកជ្រូកចូលមកតាមច្រកនានាពីប្រទេសវៀតណាម។ លោកថា ក្នុងករណីមានការលួចដឹកជ្រូកចូលតាមច្រកណាមួយ ហើយមិនបានអនុវត្តន៍ចាត់វិធានការទៅលើឈ្មួញទុច្ចរិតទាំងនោះ ប្រធានវីរៈព្រំដែន ឬអ្នកកាន់នៅតំបន់នោះនឹងត្រូវទទួលនូវវិន័យអភិក្រមទី៥ របស់ប្រមុខនៃរាជរដ្ឋាភិបាល៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]