អាមេរិក៖  បើអ្នកធ្លាប់ទៅធ្វើក្រចក ភាគច្រើនអ្នករមែងឃើញជនជាតិវៀតណាមជាអ្នកធ្វើ និងបើកមុខរបរនេះ។  តើមូលហេតុអ្វីទៅ? តើវាជាជំនាញដែលដូនតាពួកគេបន្សល់ពីមួយជំនាន់ទៅមួយជំនាន់ ឬក៏យ៉ាងណា? តើពួកគេមានដុង និងទេពកោសល្យក្នុងការរកស៊ីអាជីវកម្មមួយនេះ ឬក៏យ៉ាងដូចម្តេច? ឬក៏ហេតុផលផ្សេងទៀត?

យោងតាមប្រភពព័ត៌មានបរទេសបានបង្ហើបឱ្យដឹងថា ប្រវត្តិពិតនៅពីក្រោយអាជីវកម្មមួយនេះ គឺអ្វីៗគ្រប់យ៉ាងចាប់ផ្តើមពី សង្រ្គាមវៀតណាម, តារាហូលីវូដស្រីម្នាក់, និងជនភៀសខ្លួនវៀតណាម ២០នាក់

អ្នកស្រី Tippi Hedren

តារាសម្តែង Tippi Hedren ដែលមនុស្សម្នាភាគច្រើនស្គាល់អ្នកស្រីតាមរយៈរឿង «The Birds (១៩៦៣)» ធ្លាប់បានទស្សនាជំរុំជនភៀសខ្លួនវៀតណាមនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកកាលពីជាង ៤០ឆ្នាំមុន។ អ្នកស្រីបានប្រាប់ក្រុមសារព័ត៌មាន BBC របស់ចក្រភពអង់គ្លេសថា៖

«ពេលនោះពួកយើងបានព្យាយាមស្វែងរកការងារឱ្យពួកគេធ្វើ។ ខ្ញុំបាននាំអ្នកដេរសំលៀកបំពាក់ និងអ្នកវាយអត្ថបទមក ដើម្បីឱ្យពួកគេរៀនសូត្រតាម។»

ប៉ុន្តែពេលនោះរឿងតែមួយគត់ដែលជនភៀសខ្លួនទាំង ២០រូបនោះចាប់អារម្មណ៍គឺ «ពួកគេស្រលាញ់ក្រចករបស់ខ្ញុំ»។ ដោយដឹងថាដើម្បីជោគជ័យនៅក្នុងជីវិត ទាល់តែពួកគេធ្វើអ្វីដែលខ្លួនស្រលាញ់ និងចូលចិត្ត។ ក្រោយមក អ្នកស្រីក៏បានហៅអ្នកជំនាញធ្វើក្រចក និងបើកសាលាបង្រៀនធ្វើក្រចកឱ្យជនភៀសខ្លួនទាំង ២០នាក់នោះ។ 

ជនភៀសជនជាតិវៀតណាមទាំង ២០រូប

បន្ទាប់ពីពួកគេរៀនចប់ អ្នកស្រីក៏បានជួយពួកគេរកការងារធ្វើនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាទៀត។

អ្នកស្រី Hedren បាននិយាយថា៖

«ខ្ញុំពិតជាចូលចិត្តពួកគេខ្លាំងណាស់ ខ្ញុំចង់ឱ្យរឿងល្អៗកើតឡើងចំពោះពួកគេ បន្ទាប់ពីពួកគេបានបាត់បង់អ្វីៗគ្រប់យ៉ាង។ ពួកគេមួយចំនួនបានបាត់បង់ក្រុមគ្រួសារទាំងមូល និងអ្វីៗគ្រប់យ៉ាងនៅក្នុងប្រទេសវៀតណាម រួមទាំងផ្ទះសម្បែង ការងារ និងមិត្តភក្តិជាដើម។ ពួកគេថែមទាំងបាត់បង់ប្រទេសរបស់ពួកគេថែមទៀត។» 

សព្វថ្ងៃនេះហាងធ្វើក្រចកនៅសហរដ្ឋអាមេរិកសរុបមានតម្លៃជាង ៨ពាន់លានដុល្លារ ដែលភាគច្រើនសុទ្ធសឹងជាកម្មសិទ្ធិរបស់ជនជាតិវៀតណាម-អាមេរិក ដែលមានដើមកំណើតពីស្ត្រីភៀសខ្លួនទាំង ២០នាក់នេះ។

អ្នកស្រី Tippi Hedren

ចុងក្រោយអ្នកស្រីបាននិយាយថា៖

«ពិតណាស់ យើងពិតជាសង្ឃឹមថានឹងអាចជួយស្រ្តីដ៏អស្ចារ្យទាំងនេះ។ ប៉ុន្តែខ្ញុំមិនដែលគិតថា វាអាចនឹងរីកចម្រើនបានធំបែបនេះទេ។ ជាក់ស្តែងទីផ្សារធ្វើក្រចកភាគច្រើននាពេលបច្ចុប្បន្ន សុទ្ធតែគ្រប់គ្រងដោយជនជាតិវៀតណាម៕» 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូរបស់ CNN ខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]