ឥណ្ឌា៖ ក្មេងប្រុសតូចអាយុ១៨ខែម្នាក់ ត្រូវបានគេរាយការណ៍ថា ធ្លាក់ចូលទៅក្នុងអណ្ដូង ដែលមានជម្រៅរហូតដល់ទៅ ៦០ហ្វីត ឬ ១៨ម៉ែត្រ ប៉ុន្តែជាសំណាងល្អអាចរួចជីវិតពីការស្លាប់ ក្រោយប្រតិបត្តិការជួយសង្គ្រោះអស់ពេលជាច្រើនម៉ោង។

ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃពុធ សប្តាហ៍មុននេះ ស្ថិតក្នុងទីក្រុង Hisar រដ្ឋ Haryana ប្រទេសឥណ្ឌា។

រូបភាពក្នុងថ្ងៃកើតហេតុ

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន មីរ័រ ថ្ងៃទី២៤ មីនា ឆ្នាំ២០១៩ កន្លងទៅនេះ បានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះ កុមារារងគ្រោះដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ បានទៅរកបេះផ្លែឈើជាមួយម្តាយ និងបងប្អូនបង្កើតរបស់គេ (នៅក្បែរទីតាំងមាត់អណ្ដូង)។

នៅគ្រានោះ កុមារារងគ្រោះនេះ ក៏បានរត់ប្រលែងលេងជាមួយនឹងក្មេងៗដទៃទៀត ហើយម្តាយរបស់គេក៏ធ្វេសប្រហែសមិនបានមើលកូនដែរ ដែលសំណាងមិនល្អ ក្មេងតូចនេះក៏បានរអិលធ្លាក់ចូលទៅក្នុងអណ្តូងជម្រៅ ១៨ម៉ែត្រ បាត់ឈឹងតែម្តង។

ភ្លាមៗក្រោយកើតហេតុ គ្រួសាររបស់កុមាររងគ្រោះ ក៏បានស្រែករកជំនួយផងដែរ បន្ទាប់ពីពួកគេអស់សមត្ថភាពជួយកូនខ្លួនឯង ដែលធ្លាក់ដល់បាតអណ្ដូងនោះ (អណ្ដូងមានទំហំតូច)។

រូបភាពក្នុងថ្ងៃកើតហេតុ

យ៉ាងណាមិញ បន្ទាប់ពីទទួលបានដំណឹងមួយនេះ ក្រុមជួយសង្រ្គោះ National Disaster Response Force (NDRF) រួមទាំងក្រុមកងទ័ពជំនាញ និងមន្រ្តីប៉ូលិសជាច្រើន ក៏បានចុះមកដល់ទីតាំងកើតហេតុ និងបានចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះ នៅម៉ោងប្រមាណ ៦និង៣០នាទីល្ងាច។

ក្រុមមន្រ្តីក៏បានទម្លាក់បំពង់អុកស៊ីសែន នំ និងទឹកផ្លែឈើខ្លះៗ ចូលទៅក្នុងអណ្ដូង ដោយសង្ឃឹមថាក្មេងប្រុសរងគ្រោះ នឹងបរិភោគវាដើម្បីមានជីវិតរស់ និងបានប្រើប្រាស់ឧបករណ៍តាមដាន (GPS) ដើម្បីកំណត់ដឹងពីទីតាំងកុមាររងគ្រោះឲ្យបានត្រឹមត្រូវផងដែរ។

នៅក្នុងប្រតិបត្តិការមួយនេះ ក្រុមជួយសង្គ្រោះក៏បានធ្វើការជីកកាយដី (ប្រើអេស្កាវ៉ាទ័រ) ចម្ងាយប្រមាណ ៦ម៉ែត្រពីអណ្ដូង ដើម្បីចៀសវាងការប្រេះ ឬបាក់ដីសង្កត់លើកុមាររងគ្រោះ។ ក្រោយមកបន្ទាប់ពីពួកគេដឹងថា ជិតដល់ចំណុចទីតាំងក្មេងប្រុសនោះ គេក៏បានប្រើដៃដើម្បីបន្តជីកដីវិញម្តង រហូតនៅទីបំផុតអាចនាំយកក្មេងប្រុសរងគ្រោះចេញបានដោយសុវត្ថិភាពផងដែរ។

រូបភាពក្នុងថ្ងៃកើតហេតុ

គួរឲ្យដឹងផងដែរថា ប្រតិបត្តិការមួយនេះបានចំណាយពេលអស់ ៤៨ម៉ោង។ ហើយនេះក៏អាចចាត់ទុកថាជារឿងដ៏សំណាងបំផុត ដែលកុមាររងគ្រោះអាចនៅមានជីវិត បន្ទាប់ពីការជួយសង្គ្រោះបានទាន់ពេលវេលា និងដោយសារតែសំណាងបានអណ្ដូងរីងទឹក នៅតែល្បាប់ភក់តិចៗ ព្រោះតែខែក្តៅហួតហែង៕

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]