រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយ​ពី​ក្រុម​ពួក​គេ​មាន​គ្នា​៦​ទៅ​៧​នាក់​ប្រើប្រាស់​ហិង្សា​ទៅ​លើ​បុរស​ម្នាក់​រង​របួសធ្ងន់​រហូត​ដល់​ដាច់ខ្យល់​ស្លាប់ ដោយ​គ្រាន់តែ​លឺ​គេ​ស្រែ​កថា «​បុរស​រូប​នោះ​គឺជា​ចោរ​» ។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​សំណង់​មិន​រៀបរយ តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ១-​ឈ្មាះ វ៉ា​ត វិ​ឆ័​យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ ២-​ឈ្មោះ ធី ភា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​សន្តិសុខ ៣-​ឈ្មោះ សេង សុខ​ធី ហៅ អា​យួន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ។ ចំណែក​បុរស​ត្រូវ​គេ​ចោទ​ថា ជា​ចោរ ឈ្មោះ ហ៊ុន សំ​អុល ហៅ​ឡឹ​ង អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល (​ស្លាប់​ដោយ​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ​) ។

ប្រភព​ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ ឱ្យ​ដឹង​ថា នៅ​ម៉ោង​១២​និង​៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ មីនា បុរស​ដែល​ត្រូវ​គេ​ចោទ​ថា ជា​ចោរ​ខាងលើ​បាន​ចូល​ទៅ​ក្នុងផ្ទះ​ខ្ទម​មួយ​កន្លែង​នៅ​ក្នុង​តំបន់​មិន​រៀបរយ ។ ពេល​នោះ​គេ​លឺ​សូរ​សម្លេង​នារី​ម្នាក់​ស្រែក​ចេញពី​ក្នុងផ្ទះ​ឱ្យ​គេឯង​ជួយ និង​ស្រែក​ខ្លាំង​ៗ​ថា «​មាន​ចោរ​ចូល​ផ្ទះ​» ។ ភ្លាម​នោះ​បុរស​រូប​នេះ​ក៏​ចេញ​មក​ក្រៅ​វិញ ស្រាប់តែ​ត្រូវ​ក្រុម​យុវជន​ជា​ពលរដ្ឋ​ច្រើន​នាក់​រស់នៅ​ក្បែរ​នោះ​លឺ​សម្រែក​ថា ចោរ​នោះ ក៏​នាំ​គ្នា​ចាប់​ព្រួត​វាយ​ដោយ​ដៃ និង​ដំបង​ដែក​តែ​ម្តង​ទៅ ជា​ហេតុ​ធ្វើ​ឱ្យ​បុរស​រូប​នោះ​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន ។

ប្រភព​បន្ត​ថា ក្រោយ​ពី​ព្រួត​វាយ​រួច​មក បុរស​ត្រូវ​គេ​ចោទ​ព្យាយាម​រត់គេច​ចេញ តែ​ត្រូវ​ក្រុម​ពលរដ្ឋ​រត់​ដេញ​តាម និង​ស្រែ​កថា «​ចោរ​ៗ» ពីក្រោយ​រហូត​រត់​ដល់​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់​ក៏​ត្រូវ​នគរបាល​ចរាចរណ៍​ប្រចាំការ​ឃាត់​បាន​តែ​ម្តង​ទៅ ។ ទន្ទឹម​នឹង​នោះ ដោយ​ឃើញ​របួស​បុរស​នេះ​ធ្ងន់ធ្ងរ​រហូត​សន្លប់​ស្តូកស្តឹង​ផង នគរបាល​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​យក​ទៅ​សង្គ្រោះ ប៉ុន្តែ​អកុសល​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ក៏​ត្រូវ​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​។

អធិការ​នគរបាល​ខណ្ឌមានជ័យ លោក​វរសេនីយ៍ទោ ម៉េ​ង វិមាន​តា​រ៉ា បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២៥ មីនា​នេះ​ថា តាម​ការ​សួរនាំ​លើ​នារី​រង​គ្រោះ​ដែល​ស្រែ​កថា​ចោរ​នោះ​បញ្ជាក់​ថា សព​បុរស​ដែល​ស្លាប់​បាន​ចូល​ទៅ​ក្នុងផ្ទះ​របស់​ខ្លួន​មាន​បំណង​មិនល្អ និង​ប៉ង​ឆក់​កាបូប​លុយ ខណៈ​នាង​កំពុង​នៅ​ម្នាក់ឯង ទើប​រូប​នាង​ស្រែក​ឆោឡោ​ឱ្យ​អ្នក​ភូមិ​ជួយ ពេល​នោះ​ក្រុម​យុវជន​រស់នៅ​តំបន់​នោះ ក៏​ស្ទុះ​នាំ​គ្នា​ព្រួត​វាយ​តែ​ម្តង​ទៅ ។ យ៉ាងណាមិញ ជុំវិញ​រឿងរ៉ាវ​នេះ​នារី​រង​គ្រោះ​ក៏​ដាក់​ពាក្យបណ្តឹង​ប្តឹង​សព​ដែល​ស្លាប់​ចំពោះ​សកម្ម​ភាព​ដែល​ប្រព្រឹត្តិ​ផង​ដែរ​។

លោក​អធិការ​បន្ត​ថា ក្រោយ​ការ​ស្លាប់​បុរស​ត្រូវ​ចោទ​រួច​មក សាច់ញាតិ​របស់​គេ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​មូលដ្ឋាន ដើម្បី​ឱ្យ​ជួយ​ស្រាវជ្រាវ​រក​យុត្តិធម៌​ជូន​សាច់ញាតិ​របស់​គេ​ដែល​ស្លាប់​ផង ព្រោះ​ពួក​គេ​ថា ករណី​នេះ​ជា​ករណី​មាន​ចេតនា​ព្រួត​វាយ​សម្លាប់ ដោយ​បុរស​ដែល​ស្លាប់​ពុំ​មែន​ជា​ចោរលួច ឬ​ចោរឆក់​ដូច​គេ​ចោទប្រកាន់​ឡើយ ។

ក្រោយ​ទទួល​ពាក្យបណ្តឹង​ហើយ​នោះ កម្លាំង​នគរបាល​ចម្រុះ​ដឹកនាំ​ដោយ​លោក​អធិការ​នគរបាល​ខណ្ឌ​ចុះ​ទៅ​ចំណុច​កើតហេតុ រហូត​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជាប់​ថ្នាំ​ញៀន​ក្នុង​ខ្លួន​ជា​ច្រើន​កញ្ចប់​ទៀត​ផង ។ តាម​ចម្លើយ​សារភាព​ជន​ទាំង​៣​នាក់​មេះ​ថា ពួក​ខ្លួន​ពិតជា​ចូលរួម​ក្នុង​សកម្មភាព​ព្រួត​វាយ​នោះ​ប្រាកដ​មែន ប៉ុន្តែ​ពួក​គេ​ប្រើ​ដៃ​វាយ​លើ​បុរស​រូប​នោះ​ប៉ុណ្ណោះ ដោយឡែក​នៅ​មាន​គ្នីគ្នា​ពួក​គេ​ផ្សេង​ទៀត​ដែល​ជា​អ្នក​ប្រើ​ដំបង​វាយ​ក្បាល​បុរស​រូប​នោះ រហូត​របួសធ្ងន់​ដល់​ស្លាប់​បែប​នេះ ។

ជនសង្ស័យ​ទាំង​៣​នាក់​បញ្ជាក់​ថា មូលហេតុ​ដែល​ពួក​គេ​ទៅ​វាយ​បុរស​រូប​នោះ គឺ​ដោយសារ​លឺ​សម្លេង​នារី​នៅ​ក្នុងផ្ទះ​នោះ​ស្រែ​កថា មាន​ចោរ និង​ស្រែក​ឱ្យ​ជួយ ទើប​ពួក​គេ​សម្រេច​ទៅ​ជួយ និង​ព្រួត​វាយ​បុរស​រូប​នោះ​តែ​ម្តង​ទៅ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]