សរសៃសក់អាចជួយបន្ថែមសម្រស់ស្ត្រីឱ្យកាន់តែស្រស់ស្អាតមួយកម្រិត នេះជាហេតុធ្វើឱ្យស្ត្រីមួយចំនួនតែងតែព្យាយាមថែរក្សាសរសៃសក់ឱ្យវែងស្រស់ស្អាត ទន់ ភ្លឺរលោង មានជីវិតជីវ៉ារស់រវើក។ ក្រៅពីការថែរក្សាសក់តាមរយៈប្រើប្រាស់សាប៊ូ និងក្រែមជំនួយសក់ដែលមានគុណភាព ការប្រើប្រាស់វិធីធម្មជាតិក៏អាចជួយឱ្យសក់ស្អាតដែលមិនអាចមើលរំលងបានដូចគ្នា។ នៅក្នុងនោះ ស្ត្រីជនជាតិចិន ទាំងបុរាណ និងសម័យមានរូបមន្តអាថ៌កំបាំងដ៏ពិសេសមួយ ដែលជាហេតុធ្វើឱ្យសក់ស្ត្រីចិនភាគច្រើនវែងក្រាស់ល្អស្អាតបែបនេះ។

ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងបើកកកាយរូបមន្តអាថ៌កំបាំងដ៏ពិសេសរបស់ស្ត្រីជនជាតិចិន ក្នុងការថែរក្សាសក់មកជម្រាបជូនមិត្តអ្នកអាន ឯវិធីធ្វើក៏ប្រើប្រាស់គ្រឿងផ្សំងាយរកបែបងាយៗដែរ ដោយប្រើអង្ករតែប៉ុណ្ណោះ៖

# វិធីធ្វើទឹកអង្ករតាមរបៀបទី១

គ្រឿងផ្សំ

- អង្ករ
- ទឹកស្អាត
- និងប្រេង Rosemary (រកបាននៅផ្សារទំនើប)

ការអនុវត្ត

- ជាដំបូងយកអង្ករ ១កំប៉ុងទៅលាងទឹកឱ្យស្អាត ២ ទៅ៣ដងឱ្យអស់ដី និងធូលី រួចត្រាំទឹកស្អាតរយៈពេល ១៥នាទីទៀត ដោយកូរវាចុះឡើង ២ ទៅ៣ដងផង

- បន្ទាប់មកច្រោះយកតែទឹកមកប្រើប្រាស់ប៉ុណ្ណោះ ដោយទុកនៅក្នុងក្រឡបិទជិត រយៈពេល ១ ទៅ២ថ្ងៃរហូតដល់វាឡើងជូរ ចាំយកទឹកអង្ករនេះមកដាំឱ្យពុះ ហើយទុកឱ្យត្រជាក់

- ជាចុងក្រោយលាយប្រេង Rosemary ចំនួន៥ដំណក់ កូរចូលឱ្យសព្វ។

វិធីធ្វើទឹកអង្ករតាមរបៀបទី១

# វិធីធ្វើទឹកអង្ករតាមរបៀបទី២

គ្រឿងផ្សំ

- អង្ករ
- ទឹកស្អាត
- សម្បកក្រូច ឬចំណិតខ្ញី

ការអនុវត្ត

- យកអង្ករ ១ពែង លាងទឹកឱ្យស្អាត រួចត្រាំទឹករយៈពេល ១០នាទី ទៅ ១៥នាទី រួចយកទៅដាំឱ្យពុះ ហើយទុកឱ្យត្រជាក់

- បន្ទាប់មកយកទឹកអង្ករដាក់នៅក្នុងក្រឡមួយ ដោយបន្ថែមសម្បកក្រូចក៏បាន ឬចំណិតខ្ញីក៏បាន ដើម្បីឱ្យមានក្លិនឈ្ងុយ រួចបិទក្រឡឱ្យជិត រក្សាទុកក្នុងកន្លែងបិទជិតល្អ រយៈពេល ១០ថ្ងៃ

- គម្រប់ ១០ថ្ងៃ យកទឹកអង្ករចេញមកស្រង់កាកសម្បកក្រូច ឬចំណិតខ្ញីចេញ ដោយយកតែទឹកអង្ករមកប្រើប្រាស់។

វិធីធ្វើទឹកអង្ករតាមរបៀបទី២

វិធីប្រើប្រាស់ទឹកអង្ករ

- អ្នកគ្រាន់តែយកទឹកអង្ករដែលធ្វើតាមវិធីទាំង២ ខាងលើ ក្នុងបរិមាណសមល្មម មកលាបលើសក់ដូចសាប៊ូ រួចម៉ាស្សាថ្នមៗឱ្យសព្វសរសៃសក់ ២ ទៅ៣នាទី រួចទុកចោលរយៈពេល ៥នាទី ទៅ១០នាទីបន្ថែមទៀត ចាំលាងទឹកចេញវិញជាការស្រេច។

- អ្នកអាចប្រើប្រាស់វិធីនេះ ២ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។

វិធីប្រើប្រាស់ទឹកអង្ករ

គុណប្រយោជន៍នៃទឹកអង្ករចំពោះសរសៃសក់

- ទឹកអង្ករសម្បូរទៅដោយវីតាមីន E សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ពិសេស ដែលអាចជំនួយសរសៃសក់ឱ្យមានសុខភាពល្អ និងរឹងមាំ

- ជួយពង្រឹងសរសៃសក់ឱ្យដុះលូតលាស់ល្អពីប្ញសគល់ ឆាប់វែង រឹងមាំមិនងាយបាក់ ឬពុកផុយស្រួយឡើយ

- ជួយការពារ និងព្យាបាលបញ្ហាសរសៃសក់ទាំងប្ញសខាងក្នុង រួមទាំងខាងក្រៅ៕

គុណប្រយោជន៍នៃទឹកអង្ករចំពោះសរសៃសក់

សម្គាល់៖ ការប្រើប្រាស់ទឹកអង្ករតាមវីធីទាំងនេះអាចបណ្តាលឱ្យមានក្លិនជូរ និងផ្អូមសរសៃសក់បន្តិច ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]