(ព្រះសីហនុ)៖ មន្ដ្រីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មានអគ្គីភ័យឆេះ​ហាងចិន​ចំនួន ២កន្លែង មានទីតាំងនៅម្តុំមហោស្រពចាស់ ស្ថិតក្នុងសង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ប៉ុន្តែមិនរងគ្រោះដល់អាយុជីវិតមនុស្សទេ នៅរសៀល ទី២៥ ខែមីនា ឆ្នាំ២០១៩នេះ បណ្តាលឲ្យខូចខាតហាង និងខូចខាតសម្ភារមួយចំនួន។

ភ្លាមៗនៅពេលមានហេតុការណ៍នេះ កម្លាំងនគរបាលជំនាញ បានបញ្ជូនរថយន្តពន្លត់អគ្គីភ័យ ទៅជួយអន្តរាគមន៍ ដើម្បីទប់ស្កាត់ មិនឲ្យអគ្គីភ័យនោះ ឆេះរាលដាលធ្ងន់ធ្ងរដល់ផ្ទះ ឬហាងដទៃទៀតទេ។

តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចពន្លត់អគ្គីភ័យ បានឲ្យដឹងថា អគ្គីភ័យ ដែល​ឆេះហាងទាំង ២កន្លែងខាងលើនេះ គឺកើតឡើងដោយសារឆ្លងចរន្តអគ្គីសនី ចេញពីម៉ាស៊ីន ភ្លើង ដែលម្ចាស់ហាងបញ្ឆេះពេល កំពុងដាច់ភ្លើងរដ្ឋ។

ផ្តើមពីបញ្ហានេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងជនជាតិខ្មែរ និងជនបរទេស រស់នៅក្រុងព្រះសីហនុ ត្រូវប្រយ័ត្នអំពីអគ្គីភ័យ ឬភ្លើងឆេះ ដែលអាចនឹងឆាបឆេះគ្រប់ពេលវេលា ព្រោះរដូវនេះជារដូវក្តៅ មានអាកាសធាតុហួតហែង និងឧស្សាហ៍ដាច់ភ្លើងជាប្រចាំផង។

ជាងនេះទៀត ក៏សូមរំលឹកដល់ប្រជាពលរដ្ឋ ដែលមានម៉ាស៊ីនភ្លើង ត្រូវប្រុងប្រយ័ត្នឲ្យបានជាប្រចាំ និងត្រូវឃ្លាំមើលរាល់ការបញ្ឆេះម៉ាស៊ីនភ្លើង របស់ខ្លួន ព្រោះអាចកំពប់សាំង ឬប្រេង ដែលបង្កឲ្យមានការឆាបឆេះជាយថាហេតុណាមួយកើតឡើង៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]