ភ្នំពេញ ៖ រថយន្តធំៗពីរគ្រឿងបើកជែងគ្នា ដោយខ្វះ ការប្រុងប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅលើផ្លូវចំការដូង (២១៧) ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីយប់ថ្ងៃ ទី២៩ ខែមករា ឆ្នាំ២០១៣។

មន្រ្តីនគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើ នេះ ឈ្មោះ តែម សារឿន អាយុ ៤៦ ឆ្នាំ ស្នាក់នៅភូមិព្រែកតាឡៃ សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ។

មន្រ្តីនគរបាលដដែលនេះ បានបន្តថា មុនពេលកើតហេតុបុរសរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥  ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1B-1934 ក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវចំការដូង។ លុះជិះ ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-4859 ដែលកំពុងបើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅបញ្ច្រាសទិសគ្នា ហើយបានព្យាយាមបើកជែងរថយន្ត ធំមួយគ្រឿងទៀត ក៏រេចង្កូតជ្រុលទៅបុកម៉ូតូពេញទំហឹងលាន់ឮសូរដូចរន្ទះ បណ្តាលឲ្យជនរងគ្រោះផ្លោងបោក ក្បាលផ្ទប់និងក្បាលរថយន្ត បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវរងការខូចខាតទាំងស្រុង ខណៈនោះអ្នកបើកបររថយន្តបង្កហេតុ បានបួងចង្កូត រថយន្តទៅបោកផ្ទប់ និងរថយន្តធំមួយគ្រឿងផ្សេងទៀត បណ្តាលឲ្យរថយន្តទាំង ពីរគ្រឿងកៀបជាប់គ្នាទៅមុខ លែងរួច។ ក្រោយបង្កហេតុហើយនោះ បុរសជាអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់។

មួយសន្ទុះក្រោយមកក្រុមគ្រួសារជនរងគ្រោះបានមកទទួលសព ក្រោមសំណោកទួញសោកសង្រេង ព្រោះការ ព្រាត់ប្រាស់មនុស្សជាទីស្រឡាញ់របស់ខ្លួន ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ ដែលកើតមានស្ទើររាល់ថ្ងៃនៅកម្ពុជា ភាគច្រើនបំផុតមកពីការបើកបរខ្វះការប្រុងប្រយ័ត្ន និងបំពានច្បាប់ចរាចរណ៍ ។ ចំណែករថយន្តបង្ក និងម៉ូតូរបស់ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលជំនាញ ចុះមកវាស់វែងដកហូតយកទៅរក្សា ទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ៕










ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]