ការប្រើផលិតផលជួយឱ្យផ្ទៃមុខស្រស់ស្អាតជារឿងសំខាន់ តែអ្វីដែលរឹតតែសំខាន់ និងត្រូវគិតគូរបំផុតនោះគឺការលាងសម្អាតផ្ទៃមុខ។ ការលាងផ្ទៃមុខឱ្យស្អាតល្អ អស់ជាតិកខ្វក់ និងធូលីដី មិនត្រឹមតែជួយឱ្យផ្ទៃមុខរបស់អ្នកទន់ ម៉ដ្ឋ ខៃ និងរលោងស្រស់ស្អាតប៉ុណ្ណោះទេ សូម្បីតែលាបផលិតផលអ្វីក៏ចូលសាច់មុខល្អ ទៀតផង។

ទោះជាយ៉ាងនេះក្តីមិនមែនផលិតផលលាងមុខអ្វីក៏សុទ្ធតែអាចជួយសម្អាតផ្ទៃមុខបានល្អស្អាតនោះដែរ ព្រោះផលិតផលមានច្រើនខុសៗគ្នាទៅតាមគ្រឿងផ្សំ និងការប្រើប្រាស់តាមប្រភេទស្អាតផងដែរ ហើយវិធីល្អបំផុតគឺប្រើផលិតផលធម្មជាតិដែលមិនប៉ះពាល់ដល់សុខភាពស្បែក និងឱ្យត្រូវតាមប្រភេទស្បែកផងដែរ នោះទើបមានប្រសិទ្ធភាពខ្ពស់។

ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងណែនាំ ពីវិធីលុបលាងផ្ទៃមុខតាមបែបធម្មជាតិ និងឱ្យត្រូវតាមប្រភេទស្បែកទាំង៥ប្រភេទផងដែរ ដែលមានដូចជា៖

១. សម្រាប់ស្បែកមុខធម្មតា

ស្បែកមុខធម្មតាគឺងាយស្រួលប្រើផលិតផលលាបមុខមែនទែន គ្រាន់តែលុបលាងផ្ទៃមុខឱ្យស្អាត និងត្រឹមត្រូវដោយប្រើប្រេងដូង។ ដោយប្រេងដូងអាចជួយកម្ចាត់សារធាតុកខ្វក់ពីផ្ទៃមុខបានយ៉ាងល្អ ជាពិសេសគឺគ្រឿងសម្អាងតែម្តង។ បន្ថែមពីនេះប្រេងដូងថែមទាំងជួយការពារ និងប្រឆាំងពីបញ្ហាផ្ទៃមុខផ្សេងៗ ជួយឱ្យស្បែកស្រស់ថ្លា ទន់រលោងស្អាត និងតឹងណែនក្មេងជាងវ័យផងដែរ។

ការអនុវត្ត៖

- រាល់យប់ យកប្រេងដូងធម្មជាតិ (virgin coconut oil រកបាននៅផ្សារទំនើប) ប៉ុន្មានដំណក់មកលាបម៉ាស្សាថ្នមៗលើផ្ទៃមុខរយៈពេល ៣០វិនាទី។

- បន្ទាប់មកយកកន្សែងស្អាតជ្រលក់ទឹកក្តៅឧណ្ហៗមកគ្របលើផ្ទៃមុខទុករយៈពេល ១៥វិនាទី ទៅ ៣០វិនាទី ចាំយកកន្សែងចេញ រួចជូតផ្ទៃមុខនឹងក្រណាត់ស្អាត។

- ជាចុងក្រោយអាចលាបប្រេងដូងបន្តិចឱ្យសព្វផ្ទៃមុខម្តងទៀត រួចចូលគេងជាការស្រេច។

សម្រាប់ស្បែកមុខធម្មតា

២. សម្រាប់ស្បែកមុខឡើងប្រេង/រន្ធញើសរីកធំ

អ្នកដែលមានស្បែកមុខប្រភេទនេះងាយនឹងកើតមុនគ្រប់ប្រភេទ មិនថាមុនតូចមុនធំ ឬមុនអង្កាមនោះទេ ហើយក៏អាចបណ្តាលឱ្យរន្ធញើសរីកធំផងដែរ។ នៅក្នុងនោះការប្រើប្រាស់ផលិតផលគីមីសម្អាតផ្ទៃមុខ អាចធ្វើឱ្យមុខកាន់តែមានបញ្ហាថែមទៀត។ ជម្រើសល្អបំផុត គឺប្រើប្រាស់ផលិតផលធម្មជាតិគឺម្សៅមេនំប៉័ង (Baking soda) និងទឹកឃ្មុំ។ ដោយម្សៅនំប៉័ងមានសារធាតុពិសេសល្អៗអាចជួយប្រឆាំងនឹងមេរោគបាក់តេរី ការរលាក ថែមទាំងអាចកម្ចាត់សារធាតុខ្លាញ់ ឬសារធាតុកខ្វក់ឱ្យអស់ពីផ្ទៃមុខបាន។ ពិសេសការប្រើប្រាស់ជាប្រចាំ អាចជួយឱ្យផ្ទៃមុខ ទន់ ភ្លឺ រលោង ម៉ដ្ឋខៃ និងតឹងណែនស្អាតផងដែរ។

ការអនុវត្ត៖

- ជាដំបូងលុបលាងផ្ទៃមុខជាមួយនឹងទឹកក្តៅឧណ្ហៗ បន្ទាប់មកលាយទឹកឃ្មុំ១កូនស្លាបព្រា ជាមួយនឹងម្សៅមេនំប៉័ង កន្លះកូនស្លាបព្រា (Baking Soda រកបានងាយនៅបណ្តាផ្សារទំនើប) កូរចូលគ្នាឱ្យសព្វ

- យកល្បាយដែលលាយរួច យកមកលាបផ្ទៃមុខ ហើយម៉ាស្សាថ្នមៗឱ្យបាន ២នាទី ឬទុកចោលប៉ុន្មាននាទីទៀតប្រសិនជាផ្ទៃមុខរបស់អ្នកមានប្រេងច្រើន។

- ជាចុងក្រោយលុបលាងផ្ទៃមុខនឹងទឹកត្រជាក់ ហើយជូតឱ្យស្ងួតជាការស្រេច។

សម្រាប់ស្បែកមុខឡើងប្រេង/មានរន្ធញើសរីកធំ

៣. សម្រាប់ស្បែកមុខស្ងួត

អ្នកដែលមានស្បែកមុខប្រភេទនេះ ងាយទទួលរងការរលាក និងប្រតិកម្មខ្លាំងណាស់ដោយសារតែស្បែកខ្វះជាតិសំណើម ធ្វើឱ្យស្បែកស្ងួត ប្រេះរបក និងងាយចាញ់កម្តៅថ្ងៃផងដែរ។ សម្រាប់ផ្ទៃមុខប្រភេទនេះការប្រើប្រាស់ម្សៅអូត (Oatmeal) និងទឹកដោះគោជាជម្រើសល្អបំផុត ដោយគ្រឿងផ្សំទាំង២នេះ អាចជួយផ្តល់ជាតិទឹកដល់ស្បែកធ្វើឱ្យមុខមានសំណើម ប្រឆាំងនឹងការរលាក ឬការខូចខាតផ្សេងៗបណ្តាលពីពន្លឺព្រះអាទិត្យ ជាពិសេសធ្វើឱ្យស្បែកទន់ ភ្លឺ រលោងស្អាត និងតឹងណែនផងដែរ។

ការអនុវត្ត៖

- ងាយៗគ្រាន់តែលាយម្សៅអូត (Oatmeal រកបាននៅផ្សារទំនើប) លាយជាមួយនឹងទឹកដោះគោឆៅក្នុងបរិមាណស្មើគ្នាសមល្មម កូរចូលឱ្យសព្វ ។

- លាងមុខនឹងទឹកធម្មតាឱ្យស្អាត រួចយកទឹកដោះគោមកលាងផ្ទៃមុខបន្ថែមម្តងទៀត ចាំយកល្បាយម៉ាស់ដែលលាយរួចមកស្ក្រាប់ដុសផ្ទៃមុខថ្នមៗ រហូតដល់មានអារម្មណ៍ថាផ្ទៃមុខប្រែជាតឹងណែន ភ្លឺរលោងជាងមុន ចាំលាងចេញនឹងទឹកស្អាតធម្មតាជាការស្រេច។

សម្រាប់ស្បែកមុខស្ងួត

៤. សម្រាប់ផ្ទៃមុខប្រភេទចម្រុះ

ស្បែកមុខប្រភេទនេះ គឺជាស្បែកមុខដែលបរិវេណខ្លះ ស្ងួត កន្លែងខ្លះធម្មតា ឯកន្លែងខ្លះទៀតប្រែជាឡើងប្រេងដូចជានៅច្រមុះ ថ្ងាស និងចង្ការជាដើម ដូច្នេះការរកផលិតផលលុបលាងផ្ទៃមុខដែលសមស្របតាមតំបន់នីមួយៗលើផ្ទៃមុខជារឿងដ៏លំបាក។ ទោះជាយ៉ាងណាយើងក៏មានផលិតផលធម្មជាតិខ្លះដែលស័ក្តសមផងដែរ ដែលមិនត្រឹមតែជួយលុបលាងផ្ទៃមុខឱ្យស្អាតប៉ុណ្ណោះទេ តែអាចជួយឱ្យផ្ទៃមុខ ភ្លឺ ទន់ ម៉ដ្ឋ រលោង តឹងណែនស្អាត និងពន្យារភាពចាស់ផងដែរ។

ការអនុវត្ត៖

- លាយម្សៅអូត (Oatmeal រកបាននៅផ្សារទំនើប) ជាមួយនឹង ម្សៅអង្ករ ម្សៅរមៀត(ទិញនៅផ្សារក៏បាន ឬចិតរមៀតស្តើងៗហាលថ្ងៃរួចបុកឱ្យចេញជាម្សៅ) និងម្សៅសម្បកក្រូច(យកសម្បកក្រូចឆ្មារលឿង ឬក្រូចឆ្មារធម្មតាហាលឱ្យស្ងួតរួចបុកជាម្សៅ) កូរចូលគ្នាឱ្យសព្វដោយអាចបន្ថែមទឹកបន្តិចក៏បានកុំឱ្យវាគោកខ្លាំងពេក

- បន្ទាប់មកលុបលាងផ្ទៃមុខនឹងទឹកស្អាត រួចយកល្បាយដែលលាយរួចមកម៉ាស្សាលើផ្ទៃមុខថ្នមៗ ចាំលាងចេញនឹងទឹកត្រជាក់ធម្មតា ហើយជូតនឹងក្រណាត់ស្ងួតឱ្យស្អាត។

សម្រាប់ផ្ទៃមុខប្រភេទចម្រុះ

៥. សម្រាប់ស្បែកមុខប្រតិកម្ម

អ្នកដែលមានស្បែកមុខប្រតិកម្មគឺងាយនឹងរងផលប៉ះស្បែកស្បែកណាស់ ដូចជារលាក ក្រហម រមាស់ និងកន្ទួលស្បែក ហើយប្រើប្រាស់ផលិតផលគីមីមិនបាននោះទេ នឹងមានបញ្ហាភ្លាមៗតែម្តង។ សម្រាប់ស្បែកមុខដែលពិបាកបែបនេះ ការប្រើប្រាស់ប្រេងដូង និងទឹកឃ្មុំគឺល្អបំផុត ដោយសារតែវាមានផ្ទុកនូវសារធាតុពិសេសៗដែលអាចជួយប្រឆាំងមេរោគបាក់តេរី និងផ្សិតដែលបង្ករឱ្យកើតមុន ឬការលាកផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព ថែមទាំងអាចកម្ចាត់សរធាតុកខ្វក់ពីផ្ទៃមុខ ជួយឱ្យស្បែកមុខប្រែជាមានសំណើម និងទន់រលោងស្រស់ស្អាតទៀតផង។

ការអនុវត្ត៖

- លាយប្រេងដូង ជាមួយនឹងទឹកឃ្មុំក្នុងបរិមាណស្មើគ្នាសមល្មម កូរចូលឱ្យសព្វ ។

- បន្ទាប់មកលុបលាងផ្ទៃមុខជាមួយនឹងទឹកក្តៅឧណ្ហៗរួចជូតឱ្យស្ងួត សឹមយកល្បាយដែលលាយរួចមកលាបលើផ្ទៃមុខ យកម្រាមដៃម៉ាស្សាថ្នមៗរយៈពេល ៣៥ ទៅ៤៥វិនាទីឱ្យចូលសព្វផ្ទៃមុខ។

- ជាចុងក្រោយលាងមុខចេញនឹងទឹកក្តៅឧណ្ហៗជាការស្រេច ដោយអាចយកក្រដាស ឬក្រណាត់ស្អាតមកជួតបន្ថែមទៀតក៏បានប្រសិនជានៅសល់ជាតិប្រេងលើផ្ទៃមុខ។៕

សម្រាប់ស្បែកមុខប្រតិកម្ម

កុំភ្លេចសាកល្បងទាំងអស់គ្នាណា!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]