រាជធានីភ្នំពេញ ៖ ការធ្លាញចេញ នូវថេបវីដេអូស្តីពីការព្រួតគ្នា វាយដំទៅលើស្ត្រីម្នាក់ ហើយពេលបុរសជាប្តីបានចូលទៅជួយ ប្រពន្ធដែលគេធ្វើបាប ក៏ត្រូវព្រួតវាយផង នោះបានធ្វើឱ្យមជ្ឈដ្ឋាននានា មានការថ្កោលទោស ដែលក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏មានប្រតិកម្មផងដែរ កាលពីព្រឹកថ្ងៃទី២៩ មករា ដោយបានចាត់ទុកថាអំពើ ហិង្សានោះសាហាវព្រៃផ្សៃ ណាស់របៀបហ្នឹង ។ សម្តេចតេជោសង្កាត់ធ្ងន់ថា រឿងទាំងអស់នេះ មិនត្រូវឱ្យមានភាពសាហាវឃោរឃៅ របៀបដូច្នេះទៀតទេ ។ ខុសត្រូវអ្វីត្រូវនិយាយគ្នា ។ ស្ថានភាពបែបនេះជាស្ថានភាពដែល មិនអាចទទួលយកបានទេ ។

ទោះបីប្រតិកម្មរបស់សម្តេចតេជោ បង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លីមែនពិត ប៉ុន្តែគឺគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹង ស្ថានភាពឃោរឃៅដែលបាន កើតឡើងនោះ ។

ចំពោះមជ្ឈដ្ឋាននានាបានបញ្ចេញទស្សនៈថា អំពើហិង្សាជាអំពីព្រៃផ្សៃ មិនមែនជាអំពើសម្រាប់ការដោះស្រាយវិវាទនោះទេ ។ មានតែការងាកទៅរកការសម្រុះសម្រួលគ្នា ឬបើមិនអាចទៅរួចទេនោះ មានតែផ្លូវតុលាការមួយគត់ ដែលគប្បីប្រកាន់យកដើម្បីយុត្តិធម៌ ។ ប៉ុន្តែផ្ទុយទៅវិញហិង្សាមួយចំនួនតែងបានកើតឡើង ដែលហិង្សាខ្លះមិនអាច អនុគ្រោះបានឡើយ ។

ជុំវិញបញ្ហាខាងលើនេះ អំពើហិង្សាមួយ ដែលបានកើតឡើងនាព្រឹកថ្ងៃទី២២ មករា សប្តាហ៍កន្លងមក រឿងទំនាស់រុះរើរបងផ្ទះគេបានឈាន ទៅព្រួតគ្នាវាយដំលើភាគីជម្លោះ បណ្តាលឱ្យរងរបួស ហើយសកម្មភាពដែលបានកើតឡើងនោះ ក៏ត្រូវបានថត ជាថេបវីដេអូផងដែរ និងបានភ្ជាប់ក្នុង ពាក្យបណ្តឹងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ។

តាមពិតទៅបាតុភាពដែលបាន កើតឡើងកាលពីថ្ងៃទី២២ មករា ហើយទើបបែកធ្លាយនាចុងខែមករានេះ ដោយសារតែព័ត៌មាននោះ ត្រូវបានបិទបាំងជិតហើយទំនងជាមាន ការឃុបឃិតគ្នាមួយនៅក្នុងចំណោមរដ្ឋអំណាចមូលដ្ឋាន ។ ទោះបីជាបែបណា ដំរីងាប់មិនអាចយកចង្អេរ ទៅបិទបាំងជិតឡើយ ខណៈពេលដែល ពាក្យបណ្តឹងត្រូវបានដាក់ជូនដល់ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៤ មករា ឆ្នាំ២០១៣ ។

យោងតាមពាក្យបណ្តឹងរបស់លោកហេង សេងហាវ ជាប្តីនិងអ្នកស្រីអ៊ុយ ឈាងអេង ជាប្រពន្ធដែលមានទីលំនៅផ្ទះលេខ១១៥ ផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យបានប្តឹងអ្នកស្រីលឹម បា៉ក់ជូ និងកូនរបស់គាត់ ព្រមទាំងបក្សពួក៨នាក់ផ្សេងទៀត ដែលបានរុះរើបំផ្លាញរបងផ្ទះរបស់គាត់ និងបង្ករបួសស្នាមដោយការព្រួតគ្នាវាយដំទាត់ធាក់ដោយហិង្សា ។ អ្នកដែលត្រូវបានប្តឹងនេះតាមពាក្យបណ្តឹងឱ្យដឹងថា ឈ្មោះលឹម ប៉ាក់ជូ ភេទស្រី មានអាសយដ្ឋានផ្ទះលេខ១៩៩ មហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១  ខណ្ឌចំការមន ។

តាមពាក្យបណ្តឹងបានរៀបរាប់ថា កាលពីថ្ងៃទី២២ មករា វេលាម៉ោងប្រមាណ៨និង៣០នាទីព្រឹកអ្នកស្រីលឹម ប៉ាក់ជូ និងកូនប្រុសរបស់គាត់(មិនស្គាល់ឈ្មោះ) បានបញ្ជាឱ្យបក្សពួករបស់ ខ្លួនមកបំផ្លិចបំផ្លាញរបងឈើ និងស័ង្កសី ដោយប្រើប្រាស់កាំបិត, ផ្គាក់ អេស្កាវាទ័រ កន្ត្រៃកាត់ដែក ខ្សែ និងដែកគាស់ ដែលគាត់បានធ្វើអស់ រយៈពេលជាយូរឆ្នាំមកហើយ ។ នៅពេលឈ្មោះលឹម ប៉ាក់ជូ ព្រមទាំងកូនប្រុស និងបក្សពួកកំពុង ធ្វើសកម្មភាពបំផ្លិចបំផ្លាញរបងនេះ ក៏មានចៅសង្កាត់រងបឹងទំពុន និងមន្ត្រីសង្កាត់៣ទៅ៤នាក់ទៀតបាន មកឃាត់សកម្មភាពបំផ្លិចបំផ្លាញនេះដែរ តែឈ្មោះលឹម ប៉ាក់ជូ នេះ ព្រមទាំងកូនប្រុស និងបក្សពួកមួយក្រុម មិនព្រមបញ្ឈប់សកម្មភាពឡើយ ។ រហូតដល់ម៉ោងប្រមាណ១២ថ្ងៃត្រង់ គាត់(អ៊ុយ ឈាងអេង) បានទៅឃាត់ឱ្យបញ្ឈប់សកម្មភាព បំផ្លាញរបងផ្ទះគាត់ទៀត ។ នៅពេលនោះស្រាប់តែបក្សពួកក្រោម បញ្ជារបស់ឈ្មោះលឹម ប៉ាក់ជូ និងកូនប្រុស បានទាញអូសគាត់ទីណាត់ទីណែងចូលដីរបស់ខ្លួនបង្កឱ្យរបួសដៃ ជើង និងពកក្បាល ។ ភ្លាមៗនោះលោកហេង សេងហាវ ជាប្តី ពេលឃើញប្រពន្ធស្ថិតក្នុងស្ថានភាពគេចោមចាប់អូសប្រទាញប្រទង់ នោះក៏បានទៅជួយដោយ ស្រែកឱ្យពួកទាំងនោះឈប់ធ្វើបាបប្រពន្ធគាត់ ស្រាប់តែគ្នាគេម្នាក់ទៀតបានទៅរុញគាត់ពីក្រោយដួល ព្រមទាំងមានបក្សពួកមួយក្រុមទៀត សុទ្ធតែជើងខ្លាំងមកចោមរោមចាប់គាត់ខ្លះសង្កត់ក ខ្លះជាន់ដើមទ្រូង ខ្លះចងដៃជើង ហើយកូនប្រុសរបស់ឈ្មោះលឹម បាក់ជូ បានវ៉ៃត្រូវភ្នែក ដើមទ្រូងនិងចាប់អូសគាត់ បណ្តាលឱ្យរបួសដៃនិងជើង ។ ពេលនោះអ្នកជិតខាងជាច្រើននាក់ បានឃើញក៏ស្រែកឆោឡោឱ្យលែង ទើបពួកទាំងនោះឈប់ធ្វើបាប២នាក់ប្តី-ប្រពន្ធគាត់ ។

តាមបណ្តឹងបានចោទថា ទង្វើរបស់ឈ្មោះលឹម ប៉ាក់ជូ និងកូនប្រុសគាត់ ព្រមទាំងបក្សពួកទាំង៨នាក់នេះ ពិតជាសាហាវឃោរឃៅ ព្រៃផ្សៃបំផុតមកលើជីវិតមនុស្សក្រីក្រជាងខ្លួន និងបំពានច្បាប់ធ្ងន់ធ្ងរ ធើ្វបាបអ្នកទន់ខ្សោយ និងមានថេបវីដេអូបង្ហាញផង ដែរពីហេតុការណ៍នេះ ។ តាមរូបភាពវីដេអូ គេឃើញស្ត្រីម្នាក់មាឌធំ យកដុំថ្មដេញគប់អ្នកឈរថតច្រើនដង ព្រមទាំងស្រែកជេរមិនឱ្យថតទៀតផង ធ្វើដូចស្រុកអត់ច្បាប់ ឬធ្វើដូចរស់នៅក្នុងព្រៃគ្មានអ្នកណាដឹង ។

បណ្តឹងដដែលសូមឱ្យតុលាកា រផ្តន្ទាទោសឈ្មោះលឹម ប៉ាក់ជូនិងកូនប្រុសគាត់ ព្រមទាំងបក្សពួក៨នាក់ទៀត តាមច្បាប់និងទាមទារការខូចខាត និងជំងឺចិត្ត៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ផងដែរ ។

អ្នកច្បាប់មួយក្រុមនៅសាលាដំបូងរាជធានីបានឱ្យដឹងថា វីដេអូដែលបានថតពីបាតុភាពព្រៃផ្សៃនេះបានធ្វើឱ្យលោកបណ្ឌិត ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ ជំរុញឱ្យចាត់ការរឿងក្តីនេះជាបន្ទាន់ ព្រោះការរំលោភបំពានលើអ្នកទន់ខ្សោយបែបនេះ គឺជាអំពើព្រៃផ្សៃមួយដែលមិនអាច ទទួលយកបានឡើយ ។ អ្នកច្បាប់ដដែលនេះបានធ្វើការកត់សម្គាល់ថា បន្ទាប់ពីមានកើតឡើងនូវហិង្សាយ៉ាងព្រៃផ្សៃផ្ទាល់ភ្នែក បែបនេះហើយ បែរជាសមត្ថកិច្ចមូលដ្ឋានមានសង្កាត់ ប៉ុស្តិ៍និងខណ្ឌ មិនបានធ្វើរបាយការណ៍ដាក់មក តំណាងអយ្យការអមសាលាដំបូងទេ បើកុំមានពាក្យបណ្តឹងរបស់ប្តីប្រពន្ធរងគ្រោះ ទើបតុលាការដឹងរឿង ហើយបើនិយាយឱ្យចំសង្ស័យ មានការត្រូវរ៉ូវគ្នា បិទរឿងនេះចោលតែម្តង ។

តាមប្រភពព័ត៌មានថា ស្ត្រីជាប្រពន្ធដែលរងគ្រោះជាស្ត្រីកូនខ្ចីផងដែរ ។ អ្វីដែលគួរកត់សម្គាល់ ថែមទៀតនោះគឺអ្នកលួចថតសកម្មភាពហិង្សានេះ ក៏ត្រូវស្ត្រីជាប់ចោទរើសយកដុំថ្មដេញគប់ហុយដីទៀតផង ។

ក្នុងហេតុការណ៍នេះដែរ មានសាក្សីច្រើននាក់ខាងភាគីអ្នកស្រី លឹម ប៉ាក់ជូ បានប្រាប់កោះសន្តិភាពថា វាជារឿងទំនាស់ព្រំដី ។ ភាគីអ្នកស្រីលឹម ប៉ាក់ជូ ចោទថា ភាគីខាងលោក ហេង សេងហាវ បានធ្វើរបងរំលោភលើព្រំដីគាត់ប្រវែងជិតមួយម៉ែត្រ ។ គាត់បានសុំឱ្យរុះរបងចេញ ធ្វើឱ្យបានត្រឹមត្រូវតាមប្លង់ដី ប៉ុន្តែភាគីខាងលោក ហេង សេងហាវ មិនព្រមរុះទេ ។ ដោយសារមិនព្រមរុះរបងចេញ ទើបភាគីខាងអ្នកស្រីលឹម ប៉ាក់ជូ សម្រេចចិត្តប្រមូលកម្លាំងរុះចោល ដើម្បីធ្វើរបងថ្មីអំពីបេតុងទើបកើតជារឿងធំបែបនេះ ។

សាក្សីដដែលនិយាយថា ពេលរុះរបងនោះ ភាគីខាងលោក ហេង សេងហាវ កាន់កាំបិតប៉ងដេញកាប់ និងមានជះទឹកក្តៅដាក់អ្នករុះរើ ទើបក្លាយទៅជាការប្រវាយប្រតប់គ្នា ដែលម្ខាងមានគ្នា២នាក់ប្តីប្រពន្ធ ម្ខាងទៀតមានគ្នាប្រហែល១០នាក់ លើកគ្នាតទល់ការពារខ្លួន ទើបក្លាយជាហិង្សាដ៏អាក្រក់ មិនគួរកើតមានក្នុងសង្គមបច្ចុប្បន្ននេះឡើយ ។ ប៉ុន្តែយ៉ាងណាក៏ដោយ មានតែតុលាការទេ ដែលមាន«ជញ្ជីងយុត្តិធម៌»សម្រាប់វិនិច្ឆ័យ ៕










បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]