ភ្នំពេញ៖ និស្សិតសាកល វិទ្យាល័យជាតិ គ្រប់គ្រង ហៅកាត់ថា NUM បានរងរបួសធ្ងន់ ស្ទើរស្លាប់ ក្រោយពីមិត្តភក្តិ ចំនួនពីរនាក់ បានបបួលដើរ លេងដោយជិះម៉ូតូ របស់ជនរងគ្រោះ ហើយនៅពេលដល់ កន្លែងស្ងាត់ ក៏ធ្វើសកម្មភាព យករណាឆាបមុខបី ចាក់ចំក ហើយប្លន់យក ម៉ូតូបានសម្រេច ប៉ុន្តែកម្លាំង សមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើការ ស្រាវជ្រាវ ហើយឈានទៅដល់ការ ឃាត់ខ្លួនជន សង្ស័យបានម្នាក់ ។

ហេតុការណ៍ មិត្តស៊ីមិត្តប្លន់យកម៉ូតូ ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៦៖៣០នាទី ល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅមុខ វិទ្យាល័យ ហ៊ុន សែន សែនសុខ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ តាមផ្លូវហាយណូយ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់ ខាងលើនេះមាន ឈ្មោះ ដុន ដានីត ភេទប្រុសអាយុ ២០ឆ្នាំ ជានិស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ដោយឡែក ជនសង្ស័យចំនួនពីរនាក់ ដែលចាក់ប៉ងសម្លាប់ មិត្តភក្តិ ប្លន់យកម៉ូតូខាងលើនេះទីមួយមាន ឈ្មោះ អាផ្កាយ អាយុ២២ឆ្នាំ និងទី២ឈ្មោះ អាហ៊ីង អាយុ២០ ប៉ុន្តែជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់បាន នៅវេលាម៉ោង ២ទៀបភ្លឺ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៣។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះត្រូវ មិត្តភក្តិដែលជា ក្រុមចោរប្លន់ បានបបួលជិះម៉ូតូដើរលេង លុះដល់ចំណុច កើតហេតុ ដល់មុខ វិទ្យាល័យ ហ៊ុន សែន សែនសុខ ហើយនាំគ្នាឈប់ ជជែកគ្នាលេង។

ពេលនោះ នៅពេលដែលជនរងគ្រោះភ្លេចខ្លួន ជនសង្ស័យទាំងពីរនាក់ បានយករណាឆាប មុខបីចាក់ចំ ក បណ្តាលឲ្យរងរបួសធ្ងន់ ហើយពួកគេ បានជិះម៉ូតូ របស់ជនរងគ្រោះ ទៅបាត់ដោយសុវត្ថិភាព ។ ដោយឡែក ជនរងគ្រោះត្រូវបាន សមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

បើតាមសមត្ថកិច្ច នៅពេលដែល មានករណីនេះ កើតហេតុ កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការ ចាប់ខ្លួនជនសង្ស័យម្នាក់ ។ បច្ចុប្បន្នជនសង្ស័យនេះ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅអាធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ។

សូមបញ្ជាក់ថា កាលពីយប់មិញ ក៏មានករណីប្លន់ម៉ូតូមួយគ្រឿង ពីនិស្សិតសាលាច្បាប់ បានសម្រេចផងដែរ នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ប៉ុន្តែជនរងគ្រោះ មិនមានរងរបួសនោះទេ៕






ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]