បរទេស៖ កាលពីលើកមុន “ខ្មែរឡូត” ធ្លាប់បានបង្ហាញជូនប្រិយមិត្តឱ្យស្គាល់រួចរាល់ហើយ អំពីបណ្តាកីឡដ្ឋានតូចជាងគេនៅលីគអឺរ៉ុប តែសម្រាប់ថ្ងៃនេះវិញ សូមធ្វើការបង្ហាញជូនអំពីកីឡដ្ឋានធំជាងគេទាំង ១០ នៅលើពិភពលោក ឱ្យប្រិយមិត្តបានស្គាល់វិញម្តង។

តោះ! កុំឱ្យខាតពេលវេលាយូរ សូមតាមដានទស្សនានៅខាងក្រោមនេះទាំងអស់គ្នា៖ 

កីឡដ្ឋាន Rose Bowl

១០. កីឡដ្ឋាន Borg El Arab (អេហ្ស៊ីប) , ផ្ទុកទស្សនិកជនបាន ៨៦,០០០នាក់

កីឡដា្ឋន Borg el arab មានចម្ងាយ ២៥គ.ម ពីទីក្រុង Alexandria បានបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ ២០០៧ កន្លងទៅ។ ក្រៅពីទំហំដ៏ធំ កីឡដ្ឋាននេះក៏នៅមានចំណុចពិសេសជាច្រើនទៀតដែលរួមមាន កីឡដ្ឋានតូចៗចំនួន ២ ដែលត្រៀមសម្រាប់ការហ្វឹកហាត់ ថែមទាំងអាចផ្ទុកទស្សនិកជនបានសរុប ៤,០០០នាក់ទៀតផង។ ក្រៅពីនេះ កីឡដ្ឋានក៏នៅមានសណ្ឋាគារ VIP ដែលអាចទទួលបានភ្ញៀវចំនួន ២០០នាក់ផងដែរ។ 

កីឡដ្ឋាន Borg El Arab
កីឡដ្ឋាន Borg El Arab

៩. កីឡដ្ឋានជាតិ Bukit Jalil (ម៉ាឡេស៊ី) , ផ្ទុកទស្សនិកជនបាន ៨៧,៤១១នាក់

ជាមួយលទ្ធភាពផ្ទុកទស្សនិកជនបានសរុប ៨៧,៤១១នាក់ កីឡដ្ឋានជាតិរបស់ម៉ាឡេស៊ីមួយនេះ បានឈរឈ្មោះក្នុងនាមជាកីឡដ្ឋានធំជាងគេលំដាប់ទី៩ លើពិភពលោក និងឈរនៅលេខ ២ក្នុងតំបន់អាស៊ាន។ កីឡដ្ឋាននេះត្រូវបានប្រើប្រាស់សម្រាប់ជាទឹកដីរបស់ក្រុមខ្លាកំណាចម៉ាឡេស៊ី សម្រាប់ការប្រកួតថ្នាក់តំបន់ផ្សេងៗដូចជា AFC Asian Cup និង AFF Suzuki Cupជាដើម។ 

កីឡដ្ឋានជាតិ Bukit Jalil
កីឡដ្ឋានជាតិ Bukit Jalil

៨. កីឡដ្ឋាន Gelora Bung Karno (ឥណ្ឌូណេស៊ី) , ផ្ទុកទស្សនិកជនបាន ៨៨,០៨៣នាក់

កីឡដ្ឋាននេះត្រូវបានសាងសង់ឡើងកាលពីឆ្នាំ ១៩៦២ ក្រោមជំនួយឧបត្ថម្ភតិចតួចពីសហភាពសូវៀត។ កីឡដ្ឋានធំជាងគេរបស់ឥណ្ឌូណេស៊ីមួយនេះ ត្រូវបានដាក់ឈ្មោះដើម្បីរំឮក និងផ្តល់ជាកិត្តិយសសម្រាប់ប្រធានាធិបតីដំបូងបង្អស់របស់ឥណ្ឌូណេស៊ីគឺលោក ស៊ូកាណូ។ 

កីឡដ្ឋាន Gelora Bung Karno
កីឡដ្ឋាន Gelora Bung Karno

៧. កីឡដ្ឋានជាតិ Wembly (អង់គ្លេស) , ផ្ទុកទស្សនិកជនបាន ៩០,០០០នាក់

កីឡដា្ឋន Wembly គឺជានិមិត្តរូបនៃកីឡាបាល់ទាត់របស់អង់គ្លេស។ កីឡដ្ឋាននេះត្រូវបានកែប្រែ និងជួសជុលបន្ថែមជាច្រើនដង មុននឹងដាក់ឱ្យប្រើជាផ្លូវការសាជាថ្មីម្តងទៀត នៅឆ្នាំ ២០០៧។ កីឡដ្ឋាននេះ ត្រូវបានប្រើប្រាស់ជាទីតាំងសំខាន់សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup និងជាទឹកដីក្រុមជម្រើសជាតិអង់គ្លេសផងដែរ។ 

កីឡដ្ឋានជាតិ Wembly
កីឡដ្ឋានជាតិ Wembly

៦. កីឡដ្ឋាន Rose Bowl (ស.រ.អាមេរិក) , ផ្ទុកទស្សនិកជនបាន ៩២,៥៤២នាក់

បើទោះបីជាសហរដ្ឋអាមេរិក មិនសូវជានិយមប្រភេទកីឡាបាល់ទាត់យ៉ាងណាក្តី ប៉ុន្តែកីឡដ្ឋានធំជាងគេលំដាប់ទី ៦ នេះ បែរជាមានទីតាំងនៅសហរដ្ឋអាមេរិកទៅវិញ។ វាត្រូវបានប្រើប្រាស់សម្រាប់ជាទីតាំងប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ ១៩៩៤ ដោយមានចំនួនអ្នកទស្សនាច្រើនសម្បើមរហូតដល់ទៅ ៩៤,១៩៤នាក់។ បច្ចុប្បន្ននេះ Rose Bowl ត្រូវបានគេប្រើប្រាស់ម្តងម្កាល សម្រាប់ការប្រកួតកីឡាផ្សេងៗ។ 

កីឡដ្ឋាន Rose Bowl
កីឡដ្ឋាន Rose Bowl

៥. កីឡដ្ឋាន FNB (អាហ្វ្រិកខាងត្បូង) , ផ្ទុកទស្សនិកជនបាន ៩៤,៧៣៦នាក់

FNB Stadium មានឈ្មោះពេញរបស់វាគឺ First National Bank Stadium ត្រូវបានប្រើប្រាស់យ៉ាងសំខាន់ សម្រាប់ការរៀបចំព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup កាលពីឆ្នាំ ២០១០ កន្លងទៅ។ កីឡដ្ឋាននេះមានឈ្មោះហៅក្រៅមួយទៀតរបស់វាគឺ “The Calabash” ដែលជាឈ្មោះរបស់ផ្លែឈើមួយប្រភេទនៅអាហ្វ្រិកខាងត្បូង។ មុនការជួសជុលសម្រាប់ព្រឹត្តិការណ៍ World Cup កីឡដ្ឋាននេះមានសមត្ថភាពផ្ទុកទស្សនិកជនបានត្រឹមតែ ៨០,០០០នាក់ប៉ុណ្ណោះ។ 

កីឡដ្ឋាន FNB
កីឡដ្ឋាន FNB

៤. កីឡដ្ឋាន Azadi (អ៊ីរ៉ង់) , ផ្ទុកទស្សនិកជនបាន ៩៥,២២៥នាក់

ពីដំបូងឡើយ កីឡដ្ឋាននេះមានឈ្មោះថា “Aryamehr” ដែលត្រូវបានបើកឱ្យប្រើប្រាស់កាលពីឆ្នាំ ១៩៧៣។ កីឡដ្ឋាននេះ ស្ថិតក្នុងបរិវេណ Azadi Sport Complex ដែលរួមមានទីតាំងសម្រាប់ប្រកួតកីឡាផ្សេងៗទៀតផងដែរ។ កីឡដ្ឋាន Azadi ធ្លាប់ទទួលរងការរិះគន់យ៉ាងខ្លាំង ដោយសារតែការហាមប្រាមស្រ្តីមិនឱ្យចូលទស្សនាក្នុងបរិវេណកីឡដ្ឋាននេះឡើយ ប៉ុន្តែបើទោះបីជាបែបណាក្តី ក៏កីឡដ្ឋាននេះ នៅតែមានតួនាទីសំខាន់សម្រាប់ការរៀបចំប្រកួតកីឡាបាល់ទាត់ធំៗដដែល។ 

កីឡដ្ឋាន Azadi
កីឡដ្ឋាន Azadi

៣. កីឡដ្ឋាន Azteca (ម៉ិចស៊ិក) , ផ្ទុកទស្សនិកជនបាន ៩៥,៥០០នាក់

អ្នកគាំទ្រទាំងអស់ក្នុងពិភពបាល់ទាត់ សុទ្ធតែបានដឹងហើយអំពីហេតុការណ៍បាល់ប៉ះដៃរបស់កីឡាករ “Maradona”នៅវគ្គផ្តាច់ព្រ័ត្របាល់ទាត់ពិភពលោក FIFA World Cup កាលពីឆ្នាំ ១៩៨៦។ ពិតណាស់! កីឡដ្ឋាន Azteca នេះហើយ ដែលជាទីតាំងសម្រាប់រៀបចំការប្រកួតមួយនោះ។ កីឡដ្ឋាននេះជាកីឡដ្ឋានជាតិរបស់ប្រទេសម៉ិចស៊ិក ត្រូវបានបើកឱ្យប្រើប្រាស់កាលពីឆ្នាំ ១៩៦៦។ កីឡដ្ឋាននេះ ធ្លាប់ត្រូវបានប្រើប្រាស់ជាទីតាំងសម្រាប់ការប្រកួត កីឡាបាល់ទាត់អូឡាំពិករដូវក្តៅឆ្នាំ ១៩៦៨ និងការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ ១៩៧០ និង ១៩៨៦។ 

កីឡដ្ឋាន Azteca
កីឡដ្ឋាន Azteca

២. កីឡដ្ឋាន Camp Nou (អេស្ប៉ាញ) , ផ្ទុកទស្សនិកជនបាន ៩៩,៣៥៤នាក់

កីឡដ្ឋាន Camp Nou ជាឈ្មោះថ្មីដែលត្រូវបានប្រើប្រាស់នៅឆ្នាំ ២០០០ បន្ទាប់ពីមានការផ្លាស់ប្តូរពីឈ្មោះ Estadf del FC Barcelona ឬជាភាសាខ្មែរមានន័យថា កីឡដ្ឋាន FC Barcelona។ កីឡដ្ឋានធំជាងគេលំដាប់ទី ២ លើលោកនេះ ជាទឹកដីរបស់ក្លិបបាល់ទាត់ FC Barcelona ដែលធ្លាប់រៀបចំព្រឹត្តិការណ៍បាល់ទាត់ធំៗជាច្រើនរួមមាន EU Cup Final ឆ្នាំ ១៩៨៩ និង ១៩៩៩, UEFA Cup Finals និង Copa Del Rey Finals ជាដើម។ កីឡដ្ឋាន Camp Nou ត្រូវបានបើកឱ្យប្រើប្រាស់ តាំងពីអំឡុងឆ្នាំ ១៩៥៧ ដែលជាស្នាដៃរួមគ្នារវាងលោក Francesc Mitjans និងលោក Josep Soteras ដោយមានការផ្តល់យោបល់ពីលោក Lorenzo Garcia-Barbon។ 

កីឡដ្ឋាន Camp Nou
កីឡដ្ឋាន Camp Nou

១. កីឡដ្ឋាន Rungrado May Day (កូរ៉េខាងជើង) , ផ្ទុកទស្សនិកជនបាន ១៥០,០០០នាក់

បើទោះបីជាកូរ៉េខាងជើង ធ្លាប់ទទួលរងភាពឯកោ និងបំរាមពីសហគមន៍កីឡាអន្តរជាតិ ដោយសារតែស្ថានភាពប្រទេសនេះយ៉ាងណាក្តី ក៏ប៉ុន្តែប្រទេសនេះ បែរជាមានកីឡដ្ឋានបាល់ទាត់ដ៏ធំជាងគេលើលោកទៅវិញ។ កីឡដ្ឋាន Rungrado May Day ត្រូវបានគេរចនាឡើងតាមបែបប្រពៃណីកូរ៉េយ៉ាងស្រស់ស្អាត។ កីឡដ្ឋាននេះ មានទំហំ ២២,៥០០ម៉ែត្រការ៉េ ដែលមាន ៨ជាន់ជាមួយកម្ពស់រហូតដល់ ៦០ម៉ែត្រ។ កីឡដ្ឋាននេះគឺជាកន្លែងជួបជុំយ៉ាងសំខាន់សម្រាប់ទំនាក់ទំនងការទូត និងព្រឹត្តិការណ៍ជាតិសំខាន់ៗផ្សេងទៀតរបស់កូរ៉េខាងជើង៕ 

កីឡដ្ឋាន Rungrado May Day
កីឡដ្ឋាន Rungrado May Day

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]