ខេត្តមណ្ឌលគិរី ៖ ស្ត្រី​ជនជាតិ​ព្នង​ម្នាក់ ព្រោះតែ​ខ្លាច​ប្តី​យក​លុយកាក់​ទៅ​ចាយវាយ​ផឹកស៊ី​អស់ ក៏​បាន​ប្តឹង​នគរបាល​ថា ខ្លួន​ត្រូវ​ចោរប្លន់​អស់ទ្រព្យ​សម្បត្តិ​ពី​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​អូរ​ណា​វ ស្ថិត​ក្នុងភូមិ​ពូ​ទឺ​ត ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌលគិរី​។

លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា មាន​ករណី​ចោរ​ចូល​ប្លន់​ផ្ទះ​ប្រជា​ពលរដ្ឋ នេះ​បើ​តាម​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ចេស ហើប ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​ព្នង មុខរបរ​កសិករ និង​ប្ដី​ឈ្មោះ ណែ​ក ម្យ​ន អាយុ​៤១​ឆ្នាំ ជនជាតិ​ព្នង មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ពូ​ទឺ​ត ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ។

លោកស្នងការ​បន្ត​ថា បើ​តាម​សម្តី​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ខាងលើ បាន​ឲ្យ​ដឹង​ថា «​នៅ​ម៉ោង​កើតហេតុ ខ្ញុំ​នៅផ្ទះ​ជាមួយ​កូន​តូច ពេល​នោះ​មាន​ជន​មិន​ស្គាល់​មុខ មាន​គ្នា​ប្រហែល​៣​នាក់ ពាក់មួក​សុវត្ថិភាព​បាន​ចូល​ផ្ទះ​ខ្ញុំ​បាន​ធ្វើ​សកម្មភាព ដោយ​២​នាក់​បាន​ចាប់ដៃ ខ្ទប់មាត់ និង​បិទ​ភ្នែក​របស់ខ្ញុំ រីឯ​ម្នាក់​ទៀត​រុះរើ​អីវ៉ាន់ រួច​ក៏​រត់គេច​ខ្លួន​បាត់​អស់​ទៅ​។ ក្រោយ​ពេល​ពួក​វា​ទៅ​បាត់ ខ្ញុំ​ក៏​ពិនិត្យ​មើល​ទ្រព្យសម្បតិ្ត​ទើប​ដឹង​ថា បាន​បាត់​ចិ​ញ្ជៀ​ន​មាស ចំនួន​៤​វង់​ស្មើ​និង​៧​ជី លុយ​ខ្មែរ​៧០​ម៉ឺន​រៀល និង​លុយ​ដុ​ង​១​លាន​ដុ​ង​»​។

បើ​តាម​ការ​បញ្ជាក់​របស់​ស្ត្រី​ម្ចាស់ផ្ទះ​ថា «​ខ្ញុំ​មិនដឹង​ខ្លួន​សោះ ពេល​ជនសង្ស័យ​ចូល​ទៅ​ចាប់​ខ្ញុំ ហើយ​ជនសង្ស័យ​នាំ​គ្នា​គេច​ចេញ​ទៅ ខ្ញុំ​មើល​ពុំ​ទាន់ ព្រោះ​ពេល​នោះ​ភ្នែក​របស់ខ្ញុំ​ស្រវាំង​។ ក្រោយមក​ខ្ញុំ​បាន​ពរ​កូន​ទៅ​ហៅ​ប្ដី​របស់ខ្ញុំ​នៅផ្ទះ​អ្នក​ជិតខាង និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្តង​»​។

លោកស្នងការ​បន្ត​ថា ក្រោយ​ស្តាប់​ចម្លើយ​ពី​ស្ត្រី​ម្ចាស់ផ្ទះ និង​ចុះ​ពិនិត្យ​ជាក់ស្តែង​នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​សង្ស័យ​ករណី​ខាងលើ​ជា​ការ​ប្រឌិត ទើប​បន្ត​ការ​ស្រាវជ្រាវ​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​២៣ មីនា ស្ត្រី​រូប​នេះ​បាន​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ប្រឌិត​រឿង​ថា មាន​ករណី​ប្លន់​កើតឡើង​មែន ក្នុង​គោលបំណង​យក​មាស​ចំនួន​៧​ជី​ទៅ​លាក់​ទុក​បំបាត់​ពី​ប្តី ដោយសារ​ប្តី​ដើរ​ផឹកស៊ី​យប់​ៗ​ជ្រៅ​ពេក ហើយ​ពេល​ចូល​ផ្ទះ​វិញ រករឿង​ទំនាស់​ជាមួយ​ប្រពន្ធ​ទៀត ហេតុ​ដូច្នេះ​ហើយ​ទើប​ខ្លួន​ប្រឌិត​រឿង​ចោរប្លន់​មាស​ខាងលើ​នេះ​»​។

លោក សូ សុវណ្ណ ស្នងការ​រង​ទទួល​ផែន​យុ​ត្តិ​ធ​មិ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​ច្បាស់លាស់​ហើយ ក៏​ធ្វើការ​អប់រំ​ណែនាំ​ឲ្យ​ស្ត្រី​នោះ​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ ព្រោះតែ​គាត់​មានកូន​តូច​។ បើ​តាម​លោកស្នងការ​រង​បញ្ជាក់​ថា ស្ត្រី​ម្នាក់​នេះ មាន​ស្មារតី​ល្អ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ប៉ុន្តែ​គាត់​បែរជា​គិត​ខ្លាច​ប្តី​យក​លុយ​ទៅ​បំផ្លាញ ទើប​បង្កើត​ជា​រឿង​នេះ​ឡើង​។

តាម​អ្នក​ជិតខាង​រស់នៅ​ភូមិ​ពូ​ទឺ​ត និយាយ​ថា បុរស​ជា​ប្តី គឺ​តែង​ទៅ​ប្រកប​ធ្វើ​ជា​កម្មករ​គេ ដើម្បី​បាន​កម្រៃ​ចិញ្ចឹម​គ្រួសារ ចំណែក​ការ​ផឹកស៊ី​ពិតជា​មាន​មែន តែ​ក៏​មិន​ដូច​អ្វី​ដែល​ប្រពន្ធ​បាន​ចោទ​គាត់​ទាំងស្រុង​ដែរ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]