ខេត្តសៀមរាប ៖  នាយទាហានពាក់ស័ក្ដិ៣អង្គភាព គាំទ្រកាំភ្លើងធំអគ្គបញ្ជាការមួយរូប ប្រចាំនៅតំបន់ប្រាសាទតាមាន់ត្រូវបានកម្លាំង កងរាជអាវុធហត្ថស្រុកប្រាសាទបាគង ចាប់បញ្ជូនខ្លួនទៅតុលាការខេត្ដ កាលពីរសៀលថ្ងៃចន្ទ័ បន្ទាប់ពីបានប្រើប្រាស់ អាវុធខ្លីបាញ់ប្រពន្ធឱ្យរបួសធ្លាយពោះ ។

ហេតុការបាញ់ទៅលើ ប្រពន្ធខ្លួនឯងនោះបានកើតឡើង កាលពីវេលាម៉ោង២១យប់ថ្ងៃទី២៧ មករា នៅក្នុងភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខណៈជនសង្ស័យត្រឡប់ពីអង្គភាពដោយ គ្មានប្រាក់ខែធ្វើឱ្យមានជម្លោះពាក្យសម្ដីជាមួយប្រពន្ធ ។

មន្ដ្រីកងរាជអាវុធហត្ថមួយរូបបានឱ្យដឹងថា មន្ដ្រីយោធាដែលត្រូវបានចាប់ខ្លួននៅក្នុងអំពើ បាញ់នោះមានឈ្មោះសូត្រ ដួង អាយុ៤៤ឆ្នាំ ជាមន្ដ្រីយោធាពាក់ស័ក្ដិ៣ នៅក្នុងអង្គភាពគាំទ្រកាំភ្លើងធំអគ្គបញ្ជាការប្រចាំនៅប្រាសាទតាមាន់បានប្រើកាំភ្លើងខ្លីម៉ាកK៥៤បាញ់ទៅលើប្រពន្ធឈ្មោះផុក សេរី អាយុ៣៣ឆ្នាំ មួយគ្រាប់បណា្ដលឱ្យរបួសធ្លាយពោះបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យបង្អែកខេត្ដ ប្ដីប្រពន្ធនេះមានកូន២នាក់ក្នុងបន្ទុក  ។ នៅព្រឹកថ្ងៃទី២៩ មករា តាមការចុះទៅដល់ផ្នែកវះកាត់អគារ«ក»នៃមន្ទីរពេទ្យបង្អែកខេត្ដ ដែលជាកន្លែងស្ដ្រីរងគ្រោះកំពុងសម្រាកព្យាបាលរបួសឃើញថា អាការៈស្ដ្រីរងគ្រោះស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ ដោយមានបំពាក់អុកស៊ីហ្សែនជំនួយដល់ការដកដង្ហើមនៅឡើយ ។

មន្ដ្រីកងរាជអាវុធហត្ថដដែលបានឱ្យដឹងថាហេតុការណ៍នោះកើតឡើងដោយសាតែបុរសជាប្ដីនោះបាញ់ទៅលើប្រពន្ធដោយស្មានថា គ្រាប់កាំភ្លើងស្អុយព្រោះគ្រាប់ទី១បាញ់ទៅលើអាកាសមិនផ្ទុះឯគ្រាប់ទី២ បានតម្រង់ចំប្រពន្ធក៏ផ្ទុះតែម្ដង ។

ទោះបីជាយ៉ាងនេះក្ដីមន្ដ្រីប៉ូលិសមួយរូបបានបង្ហើបថា ការបាញ់ឱ្យរបួសនេះ បន្ទាប់ពីនាយទាហានខាងលើត្រឡប់ពីអង្គភាពដែលប្រចាំការនៅប្រាសាទតាមាន់ខេត្ដឧត្ដរមានជ័យវិញ ត្រូវប្រពន្ធឈរឈ្លេចសួររកប្រាក់ខែក៏កើតជាជម្លោះបែកផ្សែងរហូតដល់បុរសជាប្ដីខឹងទ្រាំលែងបាន ក៏ដកកាំភ្លើងចេញពីចង្កេះបាញ់ទាំងកំហឹងតែម្ដង ។

ថ្វីបើយ៉ាងនេះក្ដី នេះមិនមែនជាគំរូល្អសម្រាប់នាយទាហាន ឬក៏បុរសជាប្ដីជាពិសេសអ្នកដែលមានភារៈកាន់កាំភ្លើងមិនត្រូវដោះស្រាយជាមួយក្រុមគ្រួសារតាមរបៀបបាញ់បែបនេះព្រោះតែកំហឹងទេ ។ នេះអំពើកំរោលចូលប្រកបដោយភាពឆោតល្ងង់ និងល្មើសច្បាប់ទាំងស្រុង ។ ករណីនេះអាចចាត់ទុកថាជាសំណាងហើយដែលប្រពន្ធមិនស្លាប់បើស្លាប់វិញវារឹតតែធ្ងន់ធ្ងរជាក់ជាមិនខាន ។

នៅល្ងាចថ្ងៃទី២៨ មករា នេះមន្ដ្រីកងរាជអាវុធស្រុកប្រាសាទបាគងបានបញ្ចាក់ថា ពេលនេះជនសង្ស័យជាមន្ដ្រីយោធាត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ដសៀមរាបរួចហើយដោយចោទពីបទ«ហិង្សាដោយមានស្ថានទម្ងន់ទោស»ដើម្បីឱ្យតំណាងអយ្យការបើកការចោទប្រកាន់តាមផ្លូវច្បាប់។

ទោះជាយ៉ាងណានៅព្រឹកថ្ងៃទី២៩ មករា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដសៀមរាបលោកទី សុវិនថាល់ បានមានប្រសាសន៍ថា ករណីនេះលោកបានបញ្ជាឱ្យមានការចាប់ខ្លួនតាំងពីយប់កើតហេតុមកម៉្លេះ ប៉ុន្ដែរហូតមកទល់ពេលនេះខាងកងរាជអាវុធហត្ថនៅមិនទាន់បានបញ្ជូនខ្លួនមកទេ  ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]