ភ្នំពេញ៖ និស្សិតស្រីនៅ សាកលវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្ត សេដ្ឋកិច្ច (សាលាច្បាប់) ត្រូវបានក្រុមចោរ ចំនួន២នាក់ ធ្វើសកម្មភាពភ្ជង់ យកម៉ូតូម៉ាកស្កុបពី បានសម្រេច ប៉ុន្តែសមត្ថកិច្ចចាប់ មិនបានក្រុមចោរ នោះឡើយ ពោលបានត្រឹមតែរើស កាំភ្លើងខ្លី មួយដើមអត់គ្រាប់ ដែលក្រុមចោរ បានជ្រុះនៅក្បែរ កន្លែងកើតហេតុ។

ហេតុការណ៍ ប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាល ពីវេលាម៉ោង ៨៖២០នាទី យប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាម ផ្លូវបេតុង ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈជនរងគ្រោះ ជិះម៉ូតូរបស់ខ្លួន តែម្នាក់ឯង។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ករណីប្លន់នេះបាន កើតឡើង នៅពេលដែល ជនរងគ្រោះ មិនទាន់ស្គាល់ អត្តសញ្ញាណ ជានិស្សិតនៅ សាលាច្បាប់ កំពុងជិះម៉ូតូ របស់ខ្លួន ម៉ាក់ ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AP-9559 ។ លុះមកដល់ចំណុច កើតហេតុ ស្រាប់តែលេចមុខ ជនសង្ស័យ ចំនួន២នាក់ ដែលជិះម៉ូតូម៉ាកស្កុបពី ពណ៌ ស ដែរនោះ បានមកភ្ជង់ យកម៉ូតូរបស់ជនរងគ្រោះ បាត់ដោយ សុវត្ថិភាព ។

សេចក្តីរាយការណ៍ បានបន្តថា ក្រោយពេលមាន ករណីប្លន់នេះកើតឡើង គាប់ជួនមានសមត្ថកិច្ច នៅក្បែរនោះ និងមានការស្រែក ពីជនរងគ្រោះផងនោះ កម្លាំងសមត្ថកិច្ចបាន ជិះម៉ូតូដេញក្រុមចោរ ពីក្រោយ ប៉ុន្តែនៅពេលឃើញ ក្រុមចោរ ជ្រុះកាំភ្លើងខ្លី មួយដើម នៅតាមផ្លូវ សមត្ថកិច្ចបានឈប់ ហើយរើសយកកាំភ្លើងនោះ ។ ដោយឡែក ក្រុមចោរបាន ជិះម៉ូតូគេចខ្លួន បាត់តែម្តងទៅ។

សមត្ថកិច្ចមូលដ្ឋានបាន ឲ្យដឹងថា ក្រោយកើតហេតុ សមត្ថកិច្ចបាននាំ ជនរងគ្រោះ មកសាកសួរ ខណៈក្រុមចោរ មិនដឹងជារត់ទៅ ដល់ទីណានោះទេ។

យ៉ាងណាក៏ដោយ កម្លាំងនគរបាល ខណ្ឌមានជ័យ ក្រោមការបញ្ជា របស់លោកស្នងការ និងស្នងការរងទទួលផែន បាននិងកំពុង ធ្វើការស្រាវជ្រាវ តាមចាប់ជន សង្ស័យទាំងនេះ៕


ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]