អ្នកណាថាផ្កាមានតែសុភាពនារីស្រលាញ់ចូលចិត្តនោះ? ជាការពិតណាស់ ផ្កាភាគច្រើនគឺតំណាងឱ្យភាពស្រស់ស្អាត ឆើតឆាយ និងផ្តល់សម្រស់ជូនអ្នកទស្សនាដើម្បីរំសាយនូវទុក្ខកង្វល់ទាំងពួង ហេតុនេះហើយរាល់បណ្តាសួនផ្កាមិនថាតូច ឬធំ វាបានក្លាយទៅកន្លែងកម្សាន្តអារម្មណ៍មួយរបស់អ្នកទេសចរដើម្បីលំហែអារម្មណ៍ពេលសម្រាកពីការងារផងដែរ។

អ្វីដែលកាន់តែពិសេស គេបានរកឃើញថានៅលើលោកនេះ មានសួនផ្កាដ៏ស្រស់ស្អាតជាច្រើនកន្លែង សុទ្ធតែស្រស់ស្អាតទាក់ទាញដូចៗគ្នា តែនៅក្នុងនោះមានសួនផ្កា ១០កន្លែងដែលគេទទួលស្គាល់ថាមានភាពអស្ចារ្យ និងស្អាតជាងគេបំផុតលើលោក ព្រមទាំងពោរពេញដោយផ្កាចម្រុះពណ៌រាប់លានដើមផងដែរ។

ចង់ដឹងថា តើសួនផ្កាដែលល្បីថាស្រស់ស្អាតទាំងនោះ មានភាពអស្ចារ្យបែបម៉េច និងមានទីតាំងស្ថិតនៅក្នុងប្រទេសណាខ្លះ តោះ! យើងមកតាមដានទាំងអស់គ្នា៖

១. សួនផ្កា Keukenhof (Garden Of Europe) ប្រទេសហូឡង់

ប្រទេសហូឡង់ មានសួនផ្កាដ៏ស្រស់ស្អាតមួយកន្លែងស្ថិតនៅក្នុងទីក្រុង Lisse ដែលបានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តយ៉ាងច្រើនកុះករ ដោយសារតែទេសភាពសួនផ្កាដ៏ស្រស់ស្អាតអស្ចារ្យ។ នៅក្នុងនោះគេបានដឹងថា សួនផ្កានេះមានដាំដុះផ្កាស្អាតៗប្លែកៗដល់ទៅជាង ៧លានដើមជារៀងរាល់ឆ្នាំ ដើម្បីធ្វើឱ្យទីនេះកាន់តែមានភាពស្រស់ស្អាតទ្វេដងអមដោយផ្កាចម្រុះពណ៌ច្រើនជាងគេក្នុងពិភពលោក។

សួនផ្កា Keukenhof (Garden Of Europe) ប្រទេសហូឡង់
សួនផ្កា Keukenhof (Garden Of Europe) ប្រទេសហូឡង់

២. ឧទ្យាន Hitachi Seaside ប្រទេសជប៉ុន

ទីតាំងសួនឧទ្យានមួយនេះមានដាំដុះផ្កាចម្រុះពណ៌រាប់សិបលានដើមពាសពេញផ្ទៃដីជាង ១៩០ហិចតា ដែលធ្វើឱ្យទីនេះមានទេសភាពស្រស់ស្អាតមែនទែនគួរឱ្យចង់គយគន់។ ជាពិសេសអ្នកមិនបាច់បារម្ភទេ មិនថាមកកម្សាន្តក្នុងពេលណា រដូវកាលណាក៏ដោយ ក៏សួនឧទ្យានមួយនេះមានផ្ការីកស្គុះស្គាយស្រស់ស្អាតគ្រប់ពេលវេលាស្វាគមន៍អ្នកទេសចរមកទស្សនាកម្សាន្តផងដែរ។

ឧទ្យាន Hitachi Seaside ប្រទេសជប៉ុន
ឧទ្យាន Hitachi Seaside ប្រទេសជប៉ុន

៣. ចម្ការផ្កាឈូករ័ត្ន ក្នុងតំបន់ Tuscany ប្រទេសអ៊ីតាលី

សម្រាប់អ្នកដែលស្រលាញ់ និងចូលចិត្តផ្កាឈូករ័ត្ន ប្រាកដណាស់កន្លែងនេះពិតជាកន្លែងដែលអ្នកប្រាថ្នាមកឱ្យទាល់តែបានជាមិនខាន ដោយសារតែវាគឺជាវាលចម្ការដ៏ធំធេងមានដាំដុះសុទ្ធតែផ្កាឈូករ័ត្នពណ៌លឿងឆ្អិនឆ្អៅជាជួរៗ បញ្ចេញសម្រស់ស្រស់ស្អាត និងឈរត្រង់ភ្លឹងបែរមុខសំដៅទៅរកព្រះអាទិត្យដូចៗគ្នាគួរឱ្យចង់គយគន់មែនទែន។

ចម្ការផ្កាឈូករ័ត្ន ក្នុងតំបន់ Tuscany ប្រទេសអ៊ីតាលី
ចម្ការផ្កាឈូករ័ត្ន ក្នុងតំបន់ Tuscany ប្រទេសអ៊ីតាលី

៤. សួនផ្កានៅក្នុងទីក្រុង Carlsbad រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក

ផ្ការាប់រយរាប់លានដើមដែលត្រូវបានគេដាំដុះចម្រុះគ្នាទៅតាមរដូវកាលនីមួយៗលើផ្ទៃដីទំហំជាង ៥០ហិចតានៅក្នុងទីក្រុង Carlsbad បានធ្វើឱ្យតំបន់ឆ្នេរ Carsbad កាន់តែមានសម្រស់សម្រស់ស្រស់ស្អាត និងទាក់ទាញខ្លាំងមែនទែន។ ដោយក្នុងមួយឆ្នាំៗមានអ្នកទេសចរមិនតិចនាក់ទេបានមកកម្សាន្តនៅទីកន្លែងនេះ ដើម្បីទស្សនាទេសភាពសួនផ្កាដ៏អស្ចារ្យមួយនេះពោរពេញដោយភាពសប្បាយរីករាយមិនចេះដាច់។

សួនផ្កានៅក្នុងទីក្រុង Carlsbad រដ្ឋកាលីហ្វ័ញ៉ាសហរដ្ឋអាមេរិច
សួនផ្កានៅក្នុងទីក្រុង Carlsbad រដ្ឋកាលីហ្វ័ញ៉ាសហរដ្ឋអាមេរិច

៥. ពិធីបុណ្យផ្កា Fuji Shibazakura ប្រទេសជប៉ុន

ផ្កា Shibazakura ឬមានន័យថាផ្កាម្យ៉ាងដែលមានពណ៌ផ្កាឈូកស្រស់លាយឡំនឹងពណ៌ស ត្រូវបានគេដាំដុះយ៉ាងច្រើនបង្កើតជាទស្សនីយភាពដ៏អស្ចារ្យមួយនៅក្នុងពិធីបុណ្យផ្កា Fuji Shibazakura ដែលអមដោយជួរភ្នំ និងផ្ទៃទឹកថ្លាឆ្វេងអមសងខាងយ៉ាងស្រស់ស្អាតគួរជាទីគយគន់។ ពេលវេលាល្អបំផុតដើម្បីចូលរួមពិធីបុណ្យផ្កាដ៏អស្ចារ្យនេះ អ្នកអាចមកទស្សនានៅក្នុងអំឡុងចាប់ពីពាក់កណ្តាលខែឧសភា រហូតដល់ដើមខែមិថុនា។

ពិធីបុណ្យផ្កា Fuji Shibazakura ប្រទេសជប៉ុន
ពិធីបុណ្យផ្កា Fuji Shibazakura ប្រទេសជប៉ុន

៦. សួនផ្កា Dubai Miracle ប្រទេសអារ៉ាប់រួម

និយាយពីឌូបៃប្រាកដណាស់អ្នកប្រហែលជាយល់ថាវាគឺជាទីក្រុងដ៏ក្តៅហួតហែងដែលសម្បូរទៅដោយវាលខ្សាច់ តែវាមិនមែនដូច្នេះទាំងអស់នោះទេ ព្រោះថាឌូបៃបែរជាមានសួនផ្កាធម្មជាតិដ៏ស្រស់ស្អាតមួយកន្លែងដែលស្ទើរតែមិនជឿថាវាមានលក្ខណៈអស្ចារ្យបែបនេះទាល់តែសោះ។ Dubai Miracle មានដាំដុះផ្កាចម្រុះពណ៌ ៤៥លានប្រភេទនៅលើទំហំដីដល់ទៅជាង ៧ហិចតា តែវាមិនមែនត្រឹមតែជាសួន ឬចម្ការផ្កាប៉ុណ្ណោះទេ តែក៏មានច្នៃរចនាដើមផ្កាជារាងបេះដូង និងរូបរាងប្លែកៗស្អាតៗជាច្រើនទៀតផងដែរ។

សួនផ្កា Dubai Miracle ប្រទេសអារ៉ាប់រួម
សួនផ្កា Dubai Miracle ប្រទេសអារ៉ាប់រួម
សួនផ្កា Dubai Miracle ប្រទេសអារ៉ាប់រួម

៧. ពិធីបុណ្យ Tulip Festival នៅតំបន់ Skagit ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក

ជារៀងរាល់ឆ្នាំនៅក្នុងខែមេសា ពិធីបុណ្យ Tulip Festival Valley តែងតែត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងរដ្ឋវ៉ាស៊ីនតោនសហរដ្ឋអាមេរិច។ ដោយក្នុងនោះផ្កា Tulip ជាង ១០០ ប្រភេទផ្សេងៗគ្នាត្រូវបានគេដាំដុះពេញលើផ្ទៃដី ៣៥០ ហិចតា ដែលផ្តល់នូវទស្សនីយភាពស្រស់ស្អាតទាក់ភ្នែកគួរឱ្យចង់គយគន់មែនទែន។

ពិធីបុណ្យ Tulip Festival នៅតំបន់ Skagit ទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក
ពិធីបុណ្យ Tulip Festival នៅតំបន់ Skagit ទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក

៨. សួនផ្កា ខាណូឡា ស្រុកឡៅភីង ប្រទេសចិន

នៅក្នុងចន្លោះពីខែកុម្ភៈ រហូតដល់ខែមីនា ស្រុកឡៅភីងមានដាំដុះផ្កា ខាណូឡាដ៏ស្រស់ស្អាតលឿងឆ្អិនឆ្អៅស្ទើរពេញផ្ទៃដី ដែលផ្តល់នូវទស្សនីយភាពស្រស់ស្អាតទាក់ភ្នែកមែនទែន។ ជាពិសេសគឺជួរភ្នំខៀវស្រងាត់នៅខាងក្រោយរឹតតែធ្វើឱ្យមានទេសភាពប្លែកភ្នែកចម្លែកអារម្មណ៍ស្ទើរតែមិនគួរឱ្យជឿ។

សួនផ្កា ខាណូឡា ស្រុកឡៅភីងប្រទេសចិន
សួនផ្កា ខាណូឡា ស្រុកឡៅភីងប្រទេសចិន
សួនផ្កា ខាណូឡា ស្រុកឡៅភីងប្រទេសចិន

៩. ពិធីបុណ្យផ្កា Tulip កាណាណា នៅក្នុងទីក្រុង Ottawa

ជារៀងរាល់ឆ្នាំនៅក្នុងខែឧសភា ផ្កា Tulip ជាង ៣លានដើមត្រូវបានដាំដុះស្ទើរពាសពេញទីក្រុងទាំងមូលនៃប្រទេសកាណាដា។ តែនៅក្នុងនោះមានសួនផ្កា Tulip មានកន្លែងដែលមានទំហំធំមែនទែនមានសុទ្ធតែផ្កា Tulip ច្រើនជាងគេបង្អស់នៅក្នុងប្រទេស ដែលស្ថិតនៅក្បែរបឹង Dow ។

ពិធីបុណ្យផ្កា Tulip កាណាណា នៅក្នុងទីក្រុង Ottawa
ពិធីបុណ្យផ្កា Tulip កាណាណា នៅក្នុងទីក្រុង Ottawa

១០. ចម្ការផ្កាឡាវេនឌឺ តំបន់ Provence ប្រទេសបារាំង

សួនផ្កាឡាវេនឌឺពណ៌ឡើងស្វាយល្អូកលាតសន្ធឹងពាសពេញផ្ទៃដីដាច់ឆ្ងាយកន្ទុយភ្នែក នៅក្នុងតំបន់ Provence ពិតជាធ្វើឱ្យអារម្មណ៍អ្នកទេសចរចម្លែកចិត្តចម្លែកអារម្មណ៍ជាមិនខាន។ ជាពិសេសនោះ អ្វីដែលមិនអាចបំភ្លេចបាននោះ គឺអ្នកដែលមកកម្សាន្តអាចស្រូបយកនូវក្លិនក្រអូបប្រហើររបស់ផ្កាឡាវេនឌឺ ដែលអាចជួយធ្វើឱ្យអារម្មណ៍អ្នកស្រស់ស្រាយ អាចបំបាត់ភាពតានតឹងបានយ៉ាងល្អទៀតផង៕

ម្ការផ្កាឡាវេនឌឺ តំបន់ Provence ប្រទេសបារាំង
ម្ការផ្កាឡាវេនឌឺ តំបន់ Provence ប្រទេសបារាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]