សិង្ហបុរី៖ ថ្មីៗនេះ មានជនអនាមិកម្នាក់ត្រូវបានរាយការណ៍ថា ហ៊ានឱ្យថ្លៃរហូតដល់ ១,៤ លានដុល្លារអាមេរិក ដើម្បីទិញរូបមន្តសម្ងាត់ធ្វើមីឆាពិសេស ពីហាងលក់មីឆាដ៏ល្បីមួយកន្លែងក្នុងប្រទេសសិង្ហបុរី។

យោងតាមប្រភពសារព័ត៌មានបរទេសមួយបានឱ្យដឹងថា ហាងលក់មីឆានេះមានឈ្មោះថា Kok Kee Wanton Noodle គឺជាហាងលក់មីឆាដ៏ល្បីមួយនៅក្នុងប្រទេសសិង្ហបុរី។ ហាងនេះបើករកស៊ីរាប់ឆ្នាំមកហើយ ប៉ុន្តែបានបិទទ្វារកាលពីឆ្នាំ ២០១៦ កន្លងទៅនេះ។ មូលហេតុដែលហាងនេះត្រូវបិទទ្វារ ត្រូវបានគេដឹងថា គឺដោយសារម្ចាស់ហាងមានបញ្ហាសុខភាពមួយចំនួន។

ភ្ញៀវនាំគ្នាតម្រង់ជួរចាំទិញមីឆាពិសេសនេះ

យ៉ាងណាមិញ បន្ទាប់ពីរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ នៅទីបំផុតហាងនេះបានបើកទ្វារសាជាថ្មីម្តងទៀតកាលពីខែមីនា ឆ្នាំ២០១៩ នេះ។ ដោយក្នុងនោះម្ចាស់ហាងបាននាំកូនប្រុស-ស្រីពីរនាក់មករកស៊ីជាមួយគ្នាផងដែរ។

ខណៈពេលដែលកំពុងតែទទួលបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កូនប្រុសម្ចាស់ហាងដែលមានវ័យ ៣៥ឆ្នាំ និងកូនស្រីម្ចាស់ហាងដែលមានអាយុ ៣២ឆ្នាំ បាននិយាយថា ពួកគេបាននឹងកំពុងតែរៀនសូត្រពីរូបមន្តសម្ងាត់ធ្វើមីឆាពិសេសនេះដើម្បីធានានូវ «រសជាតិដើម» ដែលមនុស្សម្នាចូលចិត្តពិសា។

ម្ចាស់ហាងព្រមទាំងកូនប្រុស-ស្រី

ការបើកហាងសាជាថ្មីនេះ បានទាក់ចិត្តមនុស្សម្នាជាច្រើន ដោយក្នុងនោះក៏មានវិនិយោគិនដ៏មានសក្តានុពលមួយចំនួនចាប់អារម្មណ៍ផងដែរ។ ជាក់ស្តែង មានអ្នកវិនិយោគម្នាក់ហ៊ានឱ្យថ្លៃរហូតដល់ ២លានដុល្លារសិង្ហបុរី ស្មើនឹង ១,៤ លានដុល្លារអាមេរិក ដើម្បីទិញរូបមន្តសម្ងាត់នេះ ប៉ុន្តែត្រូវម្ចាស់ហាងធ្វើការបដិសេធដោយអះអាងថា៖

«ជាក់ស្តែង អ្នកវិនិយោគសម្លឹងឃើញផលចំណេញខ្ពស់ភ្លាមៗ ប៉ុន្តែសម្រាប់ពេលឥឡូវនេះ យើងមិនទាន់ចង់ក្លាយជាអ្នកមានឆាប់ ដោយការលក់រូបមន្តសម្ងាត់ឱ្យគេនោះទេ។ ពិតប្រាកដណាស់ ការរកលុយគឺជារឿងសំខាន់ ប៉ុន្តែយើងចង់ផ្តោតលើការធ្វើមីឆាពិសេសឱ្យបានល្អឥតខ្ចោះជាង ដើម្បីធានាបាននូវរសជាតិដើមសម្រាប់ក្មេងៗជំនាន់ក្រោយ» ។ (សម្តីកូនប្រុសម្ចាស់ហាងប្រាប់ក្រុមសារព័ត៌មាន)។

លោកក៏បានបន្ថែមទៀតថា លោកនឹងពិចារណាក្នុងការបង្កើតសាខាមួយផ្សេងទៀត នៅពេលដែលលោកអាចរកឃើញមនុស្សដែលស្រលាញ់ និងចូលចិត្តចម្អិនអាហារឱ្យអ្នកដទៃដូចជាលោក។

គួរឱ្យដឹងផងដែរថា ជាក់ស្តែង មានហាងលក់មីឆាជាច្រើនកន្លែងនៅក្នុងប្រទេសសិង្ហបុរី ប៉ុន្តែមូលហេតុដែលហាងនេះពិសេសខុសប្លែកពីគេ គឺដោយសារតែទឹកជ្រលក់ និងសរសៃមីពិសេសធ្វើដោយពួកគេផ្ទាល់។  

មីឆាពិសេសពីហាង Kok Kee Wanton Noodle

ប្រសិនបើអ្នកមានឱកាសបានទៅលេងកម្សាន្តនៅប្រទេសសិង្ហបុរី អ្នកអាចសាកល្បងទៅញុំាមីឆាពិសេសនេះដែលមានឈ្មោះ Kok Kee Wanton Noodle នៅលើផ្លូវ 30 Foch Road បាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]